សង្គមអន្តរជាតិ​
អន្តរជាតិ
Aylan Kurdi ក្មេងប្រុស​ស៊ី​រី​អាយុ ៣ ឆ្នាំ តំណាង​ឲ្យ​ភាពបរាជ័យ​នៃ​សាមគ្គីភាព​របស់​មនុស្ស​ជាតិ
04, Sep 2015 , 10:42 am        
រូបភាព
ដោយ: ធីតា
 Aylan al-Kurdi មាន​អាយុ ៣ ឆ្នាំ។ ពាក់អាវ​យឺត​ពណ៌​ក្រហម ខោខ្លី​ពណ៌​ខៀវ ដេក​ផ្កាប់មុខ​នៅលើ​ឆ្នេរ​ខ្សាច់ រូបថត​នៃ​សាកសព​របស់​ក្មេងប្រុស​ជនជាតិ​ស៊ី​រី​ម្នាក់នេះ ត្រូវបាន​គេ​បង្ហោះ​ពាសពេញ​បណ្តាញ​សង្គម និង​ព័ត៌មាន​នានា​ជុំវិញ​ពិភពលោក។

 
ក្មេងប្រុស​នេះ​បាន​លង់ទឹក​ស្លាប់ នៅពេលដែល​គេ​ព្យាយាម​ឆ្លង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ​ជាមួយនឹង​ក្រុមគ្រួសារ និង​ជនភៀសខ្លួន​ស៊ី​រី​ដទៃទៀត មកកាន់​អឺរ៉ុប។ ពួកគេ​ចង់ទៅ​កាន់​កោះ Kos របស់​ក្រិ​ក ដោយ​ធ្វើដំណើរ​ចេញពី​ឆ្នេរ​តួ​ក​គី។ សាកសព Aylan ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ថ្ងៃ​ពុធ​នេះ នៅ​ឆ្នេរ Bodrum របស់​តួ​ក​គី។
 
អាជ្ញាធរ​តួ​ក​គី​បាន​បញ្ជាក់ថា ក្មេងប្រុស​នេះ​មាន​ដើមកំណើត​នៅ​ទីក្រុង Kobane ប្រទេស​ស៊ី​រី ជាទី​ក្រុង​ជិត​ព្រំដែន​តួ​ក​គី ហើយក៏​ជាទី​លាន​ប្រឈមមុខ​ដាក់គ្នា​រវាង​ក្រុម​ឧទ្ទាម ISIS និង​ពួក Kurds។ ក្មេងប្រុស​នេះ និង​ក្រុមគ្រួសារ​របស់គេ​បាន​រត់គេច​ពី​គ្រាប់បែក ដោយ​ចង់​ឆ្លងដែន​មក​អឺរ៉ុប មុននឹង​បន្តទៅ​ប្រទេស​កាណាដា។ 
 
រូបថត​នៃ​ស្នាមញញឹម​ប្រកបដោយ​ភាព​រីករាយ​របស់ Aylan និង​បងប្រុស​ដែល​បាន​ថត​នៅមុន​កើត​សោកនាដកម្ម ត្រូវបាន​បង្ហោះ​នៅលើ Twitter ។ Aylan ស្ថិត​ក្នុងចំណោម​ជនភៀសខ្លួន​ប្រមាណ ២០ នាក់​ដែល​បាន​ជិះទូក​ពីរ​មកកាន់ Bodrum នៅ​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ។ ទូក​បាន​ក្រឡាប់ ហើយ​ភ្នាក់ងារ​សន្តិសុខ​នៅ​ឆ្នេរសមុទ្រ​នេះ​បាន​រកឃើញ​សាកសព​ប្រមាណ ១២ នាក់។
 
ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ មាន Aylan និង​បងប្រុស​អាយុ ៥ ឆ្នាំ​របស់គេ។ ក្មេង​ទាំងពីរ​មិនអាច​ជាន់​ទឹកដី​អឺរ៉ុប​ជា​រៀងរហូត។ ចំណែក​ម្តាយ​របស់​ក្មេង​ទាំងពីរ​វិញ ក៏​ទំនងជា​បាត់បង់​ជីវិត​ដែរ នេះ​បើតាម​បណ្តាញ​ព័ត៌មាន​អង់គ្លេស​ជាច្រើន។ មានតែ Abdullah ឪពុក​នៃ​គ្រួសារ​នេះ​ប៉ុណ្ណោះ​ដែល​គេច​ផុតពី​សេចក្តីស្លាប់។ តែ​គាត់​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ដើម្បី​បញ្ចុះសព​ប្រពន្ធ និង​កូន។
 
គ្រួសារ​របស់ Aylan ធ្លាប់​បានដាក់​សំណើសុំ​ជ្រកកោន​នៅ​កាណាដា តែ​សំណើ​នេះ​ត្រូវបាន​បដិសេធ​កាលពី​ខែមិថុនា​កន្លងទៅ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com