ជាតិ
សេដ្ឋកិច្ច
សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​លក់បាន​ជិត៤០លាន​ដុល្លារ ក្នុង​រយៈពេល៨ខែ
04, Sep 2015 , 12:14 pm        
រូបភាព
 
ប្រាសាទអង្គរវត្ត​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​បាន​ជាង១លាន៤សែន​នាក់ ក្នុង​រយៈពេល៨ខែ ឆ្នាំ២០១៥នេះ។ គោលដៅ​ទេសចរណ៍​លំដាប់​ទី១របស់​កម្ពុជា និង​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ រកចំណូលបាន​ជិត៤០លាន​ដុល្លារ ពី​ការលក់​សំបុត្រ ទៅ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា។



នៅក្នុង​រយៈពេល៨ខែ​ឆ្នាំ២០១៥នេះ ប្រាសាទអង្គរវត្ត​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​បាន​ចំនួន១,៤០៤,១០៧នាក់ កើនឡើង​ចំនួន១.៩២ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៤ ។ តួលេខ​នេះ បានបង្ហាញ​នៅក្នុង​របាយការណ៍​ស្ថិតិ​ភ្ញៀវទេសចរ​របស់​អាជ្ញាធ​រ​អប្សរា។
 
ផ្អែក​តាម​របាយការណ​ដដែល ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​រយៈពេល៨ខែ​មាន​ចំនួន៣៩,៨២៣,៩២០ដុល្លារ កើន​ឡើង០.០៣ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៤ ។  
 
ចំនួន​ភ្ញៀវទេសចរ​បរទេស​កើនឡើង១.៩២ភាគរយ ប៉ុន្តែ​កំណើនចំណូលមាន​ចំនួនតិតជាង ពោលគឺ​កើន០.០៣ភាគរយ។ កំណើនចំណូលទាបជាងតួលេខកំណើនភ្ញៀវទេសចរ​នេះ ត្រូវបានលោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ពន្យល់ថា៖«ដោយសារ​ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា​ប្រាសាទអង្គរវត្ត​ភាគច្រើន​ទិញ​តែ​តម្លៃ សំបុត្រ២០ដុល្លារ ទើប​ធ្វើ​ឲ្យ​ចំណូលកើន​ទាបជាង​បន្តិច»។ 
 
សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​មាន​បី​ប្រភេទ និង​តម្លៃ​ផ្សេងគ្នា។ សំបុត្រ​តម្លៃ២០ដុល្លារ អាច​អនុញាត​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ សំបុត្រ​តម្លៃ៤០ដុល្លារ​គឺមាន​សុពលភាព​រយៈពេល៣ថ្ងៃ និង​តម្លៃ៦០ដុល្លារ​អាច​ឲ្យ​ត​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​បាន រយៈពេល១សប្តាហ៍។ 
 
ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល អាជ្ញាធរ​អប្សរា​ក៏​បង្ហាញ​ពី​ចំណូល និង​ចំនួន​ភ្ញៀវទេសចរ​បរទេស​នៅក្នុង​ខែសីហា​ផងដែរ។ ក្នុង​ខែសីហា មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន១៦៥,២២១នាក់​បាន​ទិញ​សំបុត្រ​ចូល​មើល​ប្រាសាទ​អង្គរ កើន១.២៦ភាគរយ​ធៀប​នឹង​ខែសីហា​ឆ្នាំ២០១៤។ ដោយឡែក​ចំណូល​ពី​ការលក់​សំបុត្រ​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​បរទេស​ទាំង​នេះ​មាន​ចំនួន៤,៧៦៤,៧២០ដុល្លារ កើន០.៩៩ភាគរយ។
 
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lonely Planet  បានផ្តល់​ចំណាត់ថ្នាក់ ចាត់ថ្នាក់​ជា​គោលដៅ​ទេសចរណ៍​ល្អ​ដាច់​គេ​ក្នុងចំណោម​គោលដៅ​ចំនួន ៥០០កន្លែង​នៅលើ​ពិភពលោក។នេះ​ជា​មោទនភាព​បំផុត​របស់​ប្រទេស​តូច​តែ​សម្បូរ​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​មួយ​នេះ៕ 
 

Tag:
 ចំណូល​អង្គរ
 អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com