ជាតិ
រដ្ឋាភិបាល​គ្រោង​រៀបចំ​ប្រព័ន្ធ​ផ្កាយរណប​ដើម្បី​តាមដាន​ស្ថានការណ៍​ព្រំដែន
04, Sep 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​វិធានការ​ថ្មី​មួយ ដោយ​បញ្ជា​ឲ្យ​គណកម្មាធិការ​ចម្រុះ​ព្រំដែន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រៀបចំ​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​តាមដាន​និង​ពិនិត្យមើល តំបន់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេសជិតខាង។ ការបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី០៤ ខែកញ្ញា​នេះ។



លោក ហ៊ុន សែន បញ្ជា​ឲ្យ​មានការ​រៀបចំ​ប្រព័ន្ធ​ផ្កាយរណប​នេះ ក្នុង​គោលបំណង​ដាក់​ឲ្យ​ប្រើប្រាស់​ត្រួតពិនិត្យ​លើ​ស្ថានភាព​ជាក់ស្ដែង​នៅតាម​តំបន់​ព្រំដែន​រវាង​កម្ពុជា ជាមួយ​ថៃ វៀតណាម និង​ឡាវ​ជាដើម។ នេះ​បើតាម​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ ថា ប្រមុខ​រដ្ឋាភិបាល​ក៏​ចង់​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់ លើ​វិស័យ​បរិស្ថាន ព្រៃឈើ ការបោះបង្គោល​ព្រំដែន​ថ្មី ការតាំង​លំនៅឋាន​នៅ​តំបន់​ព្រំដែន ដើម្បី​រៀបចំ​ការពារ​ស​និ្ត​សុខ​ឲ្យ​បានល្អ។

បើតាម​លោក ផៃ ស៊ី​ផាន ការរៀបចំ​ប្រព័ន្ធ​ផ្កាយរណប​នេះ រដ្ឋាភិបាល​មិនទាន់​កំណត់​ពេលវេលា​នៅឡើយ​ទេ ដោយ​អាស្រ័យ​លើ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន ជា​អ្នករៀបចំ៕


Tag:
 ​ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com