អន្តរជាតិ
មហាអំណាច​ទាំងអស់​រួមចំណែក​បង្កើត​បញ្ហា​គ្រោះមហន្តរាយ​ជនភៀសខ្លួន
04, Sep 2015 , 8:59 pm        
រូបភាព
រដ្ឋ​អឺរ៉ុប​មានបារាំង អង់គ្លេស អាឡឺម៉ង់ កំពុង​ស្ទុះស្ទារ​ជ​ជែ​គ្នា​ដើម្បី​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​និង​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​អឺរ៉ុប​បច្ចុប្បន្ន។ មេដឹកនាំ​ប្រទេស​អឺរ៉ុប​ខាងលើ​ប្រឹងប្រែង​ដោះស្រាយ ដោយសារ​រង​សម្ពាធ​ក្រោយ  រូបភាព​ក្មេងតូចជនជាតិ​​ស៊ី​រី​ស្លាប់​ដោយសារ​លង់ទឹក​ព្រោះ​ផ្សងព្រេង​ដើម្បី​មក​អឺរ៉ុប​ត្រូវគេ​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក។ នាយករដ្ឋមន្ត្រី​អង់គ្លេស​បង្ខំចិត្ត​បើ​ទ្វារ​ទទួលយក​ជនភៀសខ្លួន​ស៊ី​រីបន្ថែម។ តែ​តាមពិតទៅ​ការទទួលយក​ជនភៀសខ្លួន​មិនមែនជា​ដំណោះស្រាយ​នោះឡើយ។ រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​ប្រកាសថា​អឺរ៉ុប​ស្រុះស្រួល​គ្នា​ប្រើ​កម្លាំងយោធា​ប្រឆាំង​ក្រុម​ឈ្មួញ​នាំ​មនុស្ស​មក​តាម​ទូក និង​បំផ្លាញ​រាល់​សម្ភារ​ដឹកជញ្ជូន​តា​ម​សមុទ្រ​នៅពេល​ចាប់បាន។



សូម​ស្តាប់​ការបកស្រាយ​របស់លោក​សៅ ផល​និស្ស័យ៖



មនុស្ស​ជាច្រើន​បន្ត​ផ្សងព្រេង​ទៅ​អឺរ៉ុប​តាម​ទូក ហើយ​វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​ធ្វើ​ឲ្យ​មានការ​បន្ទោស​គ្នា​ទៅវិញទៅមក។  ហើយ​ក្រោយ​មានការ​បង្ហោះ​រូបភាព​ក្មេងប្រុស​ជនជាតិ​ស៊ី​រី​ដែល​លង់ទឹក​ស្លាប់​ដោយសារតែ​ភៀសខ្លួន​តាម​ទួ​កមក​អឺរ៉ុប​ជាមួយ​ឳ​ពុក​ម្តាយ​និង​បណ្តា​ប្រជាជន​ស៊ី​រី​ផ្សេងទៀត ពិភពលោក​ទាំងមូល​ចាប់ផ្តើម​ចាប់ផ្តើម​ចោល​ភ្នែក​មើល​អឺរ៉ុប។  ដោយសារ​មាន​សម្ពាធ​ខ្លាំងពេក​មេដឹកនាំ​អឺរ៉ុប​មាន​អង់គ្លេស បារាំង​និង​អាឡឺម៉ង់​ជាដើម​ក៏​ខ្នះខ្នែង​កោះប្រជុំ​និង​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​វិបត្តិ​មនុស្សជាតិ​ដ៏​ធ្ងន់ធ្ងរ​នេះ។

នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ ខេ​មេ​រ៉ូ​ន ស្រាប់តែ​ប្រកាសថា​ខ្លួន​នឹង​បើកទ្វារ​ទទួលយក​ជន​ជាតិ​ស៊ី​រី​បន្ថែម​ដែល​ប្តូរជីវិត​មកសុំ​សិទ្ធិ​ជ្រោក​កោន​នៅ​អង់គ្លេស ហើយ​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​បាន​ទទូច​សុំ​ឲ្យ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ចាត់វិធានការ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​មនុស្ស​ស្លាប់បាត់​បង់ជីវិត និង​ដោះស្រាយ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​នេះ​ទៀត។ ជុំវិញ​វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​បច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​លោកស្រី Federica Mogherini បាន​អះអាង​ម្សិលមិញ​ថា អឺរ៉ុប​ស្រុះស្រួល​គ្នា​ដើ​ម្ប​បំបាត់​រា់​សកម្មភាព​ជួញដូរ​មនុស្ស​តាម​ទួ​កដោយ​ប្រើប្រាស់​កងទ័ព។ មាន​នេះ​ថា​សហ​ភា​អឺរ៉ុប​នឹង​ប្រើប្រាស់​កងទ័ព​ដើម្បី​តាម​ប្រមាញ់​ក្រុម​ឈ្មួញ​ដែល​នាំ​ជន​អន្តោ​ប្រវេ​ស៍​និង​ក្រុម​ជនភៀសខ្លួន​មក​អឺរ៉ុប ហើយ​ទូក​ឬ​ឧបករណ៍​ដឹកជញ្ជូន​គ្រប់យ៉ាង​នឹងត្រូវ​បំផ្លាញចោល​ឲ្យ​អស់​បើសិនជា​គេ​ចាប់បាន។ នេះ​ជា​វិធានការ​ដំបូង​ដែល​អឺរ៉ុប​គិតថា វា​អាចជួយ​បន្ថយ​ចំនួន​មនុស្ស​មកសុំ​សិទ្ធិ​ជ្រោក​កោន​នៅ​អឺរ៉ុប។ យ៉ាងណាមិញ​វិធានការ​បែបនេះ​នៅតែ​អមនុស្សធម៌ ហើយ​បើ​បើកទ្វារ​ទទួល​ជនភៀសខ្លួន​វិញ​ក៏​មិន​អាចជួយ​អ្វី​បានដែរ ព្រោះ​វា​មិនមែនជា​ដំណោះស្រាយ​ពិតប្រាកដ​មួយទៀត។  

រាល់​មនុស្ស​ដែល​ខំ​ផ្សងព្រេង​ជិះទូក​រាប់ពាន់នាក់​ឆ្លង​មហាសមុទ្រ​មិន​ខ្លាច​គ្រោះថ្នាក់​បន្តិច​នោះ កំពុង​ព្យាយាម​គេច​ចេញពី​គ្រោះថ្នាក់​បង្កដោយ​ជម្លោះ​ប្រដាប់អាវុធ សង្គ្រាមស៊ីវិល ភាពក្រីក្រ និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ផងដែរ​នៅ​អាហ្វ្រិក អាស៊ី​កណ្តាល និង​មជ្ឈិមបូព៌ា​ផងដែរ។ នេះ​មានន័យថា ប្រភព​នៃ​បញ្ហា​មាន​ច្រើន ហើយ​ការបញ្ចប់​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​ចូលរួម​ទាំង​គ្នា មិនមែន​បន្ទោស​គ្នា ឬ​ចង្អុល​ដាក់គ្នា​ទៅវិញទៅមក​ឡើយ។  គេ​ឃើញ ខ្លះ​ស្រែក​បន្ទោស​ថា​មក ពី​លោកខាងលិច​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​នេះ ឯង​ជា​អ្នកបង្ក​បញ្ហា​នៅ​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ទើបបានជា​ប្រជាជន​ទាំងនោះ​នាំគ្នា​ប្តូរជីវិត​ដើម្បី​សុំ​សិទ្ធិ​ជ្រោក​កោន​នៅ​អឺរ៉ុប។ ហើយ​ពួកគេ​ក៏​ចោទថា លោកខាងលិច​ជា​អ្នក​ដុត​ផ្ទះសម្បែង​ប្រជាជន​ទាំងនោះ ដោយ​បង្កើត​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ដូច​នៅ​លី​ប៊ី ស៊ី​រី និង​យេ​ម៉ែន​ជាដើម​ផង។

តាមពិតទៅ​បញ្ហា​កើតមានឡើង​នៅលើ​ពិភពលោក​ដែល​បណ្តាល​ឲ្យ​ប្រជាជន​រត់​ភៀសខ្លួន​បែបនេះ បើ​ចង់​បន្ទោស​មិនគួរ​រុញ​ដាក់គ្នា​ទេ។ តែ​គេ​គួរ​បន្ទោស​រាល់​មហាអំណាច​ទាំង​ប្រាំ​ដែលជា​សមាជិក​អចិន្ត្រៃយ៍​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គ​ប្រជាជាតិ​ឯណោះ។ ជាការ​ពិត​ដែល​បញ្ហា​កើតមានឡើង​នៅ​បណ្តា​រដ្ឋ​មួយចំនួន​នៅ​មជ្ឈិមបូព៌ា ដូច​នៅ​លី​ប៊ី ស៊ី​រី និង​អ៊ីរ៉ាក់ ក៏​ដោយសារ​ការអន្តរាគមន៍​និង​ការជ្រៀតជ្រែក​របស់លោក​ខាងលិច​ជាពិសេស​អាមេរិក​និង​សម្ព័ន្ធមិត្ត។ ឧទាហរណ៍ ការផ្តួលរំលំ​របប​ដឹកនាំ​ផ្តាច់កា​រលី​ប៊ី​ហ្កា​ដា​ហ្វី របប​ដឹកនាំ​អ៊ីរ៉ាក់ សា​ដាម​ហ៊ូ​សេន និង​មានការ​គាំទ្រ​ចលនា​បដិវត្តន៍​ផ្សេងទៀត​នៅ​មជ្ឈិមបូព៌ា​ដើម្បី​គាស់​រំលើង​របប​ផ្តាច់ការ។ ប៉ុន្តែ​គេ​ក៏​មិន​ភ្លេច ដែរ​ថា បណ្តា​រដ្ឋ​ខាងលើ​ក៏​រួមចំណែក​ផ្លាស់ប្តូរ​ស្ថានភាព​មួយ ដោយ​ជំរុញ​កា​រប​ន្ធួ​រ​បន្ថយ​ការ​រឹតត្បិត​សិទ្ធិសេរីភាព និង​ស្ទួយ​ការលូតលាស់​នៃ​ប្រជាធិបតេយ្យ​ផង។នេះ​វា​ជួយ​ឲ្យ​ប្រជាជនមាន​សិទ្ធិសេរីភាព និង​រួច​ផុតពី​ការធ្វើ​ទុក​បុក​ម្នេញ និង​ការកៀបសង្កត់​ពី​រដ្ឋាភិបាល។ តែ​កំហុស​របស់​រដ្ឋ​មហាអំណាច​បស្ចិម​លោក​នោះ​មាន​រំលោភច្បាប់​អន្តរជាតិជារឿយៗ ហើយ​សំខាន់ គឺ​មិនមាន​លទ្ធភាព​ជួយ​រដ្ឋ​ដែល​ផ្លាស់ប្តូរ​របប​ហើយ​នោះ​ឲ្យ​លូតលាស់​ទៅមុខ​រួច និង​មិនទាន់​ចំណាយ​អស់​លទ្ធភាព ជួយ​បង្កើត​ឲ្យ​មាន​ស្ថិរភាព សន្តិភាព និង​នីតិរដ្ឋ​តាមរយៈ​ការកសាង​ស្ថាប័ន​រឹងមាំ សង្គម​ស៊ីវិល និង​រើស​មេដឹកនាំ​ដែល​អាច​អាចដឹកនាំ​ប្រទេស​ទៅមុខ​រួច។ ម្យ៉ាង​ពួកគេ​ក៏​អ​លទ្ធភាព​គាំទ្រ​ដំណើរការ​ផ្សះផ្សា​ជាតិ​រវាង​ក្រុម​នយោបាយ ឬ​ប្រជាជន​នៅក្នុង​ប្រទេសមួយ​ក្រោយ​សង្គ្រាមរលត់ទៅ​ដែរ។

ចំណែក​មហាអំណាច​មួយ​ក្រុម​ទៀត​ដូចជា​រុស្ស៊ី​និង​ចិន នោះ​ក៏​រួមចំណែក​ខុស និង​គួរ​ត្រូវ​បន្ទោស​ផងដែរ​ចំពោះ​វិបត្តិ​សព្វថ្ងៃ។ វា​ជា​ការពិត បណ្តា​ប្រទេស​នេះ​ទាំងនេះ​ប្រឆាំង​លោកខាងលិច និង​មាន​ផ្នត់គំនិត​ប្លែក​ពី​លោកខាងលិច​ដែរ។ កន្លងមក​បណ្តា​រដ្ឋ​ទាំងពីរ​នេះ​បាន​ព្យាយាម​ការពារ​របប​ដឹកនាំ​ផ្តាច់ការ​សាហាវ​ឃោ​ឃៅ​មួយចំនួន​នៅ​អាហ្វ្រិក​និង​មជ្ឈិមបូព៌ា ដោយ​ប្រើប្រាស់​អំណាច​របស់ខ្លួន​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ជាដើម។ វា​ជា​កំហុស​មួយ​ធំ​នៅពេលដែល​រដ្ឋ​ទាំងនេះ​ការពារ​មនុស្ស​ខុស អាច​និយាយ​ឲ្យ​អាក្រក់​ស្តាប់ ឧក្រិដ្ឋជន​ដែល​ធ្វើទុក្ខបុកម្នេញ ឬ​កាប់សម្លាប់​ប្រជាជន​ស្លូតត្រង់​ថែម​ទៀតផង។

ទោះយ៉ាងណា​ក៏ដោយ បន្ទោស​អ្នកណា​ក៏​មិនអាច​ដោះស្រាយ​អ្វី​បានដែរ។ ប្រទេស​ដែល​បានដឹង​ប្រភព​នៃ​បញ្ហា​គួរតែ​ស្វះស្វែង​ជួយ​ដោះស្រាយ។ ជំហាន​ដំបូង ធ្វើយ៉ាងណា​ទប់ស្កាត់​គ្រោះមហន្តរាយ​នេះ​សិន មុននឹង​ធ្វើ​ឲ្យ​ប្រទេស​ដែល​កំពុង​រងគ្រោះ​ដោយ​ភ្លើងសង្គ្រាម​មាន​ស្ថិរភាព បង្កើត​សន្តិភាព។  ការជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ​និង​បង្កើត​ការងារ រួមទាំង ជម្រុញ​ឲ្យ​មានការ​កំណែទម្រង់​រប​ប​ដឹកនាំ​ដែល​ព្រៃផ្សៃ​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ខ្លួនឯង​សុទ្ធតែជា​ជំហាន​ដែល​ត្រូវ​ធ្វើជា​បន្តបន្ទាប់៕



Tag:
 ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com