ជាតិ
វប្បធម៌៖ ចម្រៀង​សម័យ​ដើម​ដក់​ក្នុង​អារម្មណ៍​ខ្មែរ​ជានិច្ច​ព្រោះ​វា​ជា​មោទនភាព​ជាតិ
14, Sep 2015 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
 
រដ្ឋ​ម៉ា​រី​ឡែ​ន​ដ៍៖ អ្នកចូលរួម​ក្នុង​កម្មវិធី​បញ្ចាំង​ខ្សែភាពយន្ត «កុំ​ស្មាន​បង​ភ្លេច» ដែល​ឆ្លុះបញ្ចាំង​អំពី​ប្រវត្តិ​សិល្បៈ​ដូរ​តន្ត្រី​ខ្មែរ​ពី​អំឡុង​ទសវត្សរ៍១៩៥០ដល់​ពាក់កណ្តាល​ទសវត្ស​រ៍១៩៧០ នៅ​វិទ្យាស្ថាន​ភាពយន្ត​ស.រ.អា. American Film Intitute (AFI) នៅ​ទីក្រុង Silver Spring រដ្ឋ Maryland ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន និយាយថា តន្ត្រី​រ៉ក់​ខ្មែរ​សម័យ​នោះ​ដក់​ជ្រៅ​ក្នុង​អារម្មណ៍​របស់គេ ព្រោះ​វា​ជា​មោទនភាព​របស់​ខ្មែរ។


 
ខ្សែភាពយន្ត​ឯកសារ «កុំ​ស្មាន​បង​ភ្លេច»ដែល​រំឭក​អំពី​ប្រវត្តិ​ដូរ​តន្ត្រី​រ៉ក​ខ្មែរ​នៅ​យុគសម័យ​មាស​នៃ​បទ​ចម្រៀង​ខ្មែរ​មុន​សម័យ​ខ្មែរក្រហម ធ្វើ​ឲ្យ​អ្នកទស្សនា​និង​តន្ត្រីករ​កាន់តែ​មាន​មោទនភាព​ហើយ​កោតសរសើរ​ស្នាដៃ​និពន្ធ​របស់​ខ្មែរពិតៗ ដែល​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ។
 
លោក​មិញ សុធី​វណ្ណ ជា​អ្នក​តែង​បទ​ភ្លេង បទ​ចម្រៀង​តារាចម្រៀង​ជើងចាស់​ក្រោយ​សម័យ​ខ្មែរក្រហម មានប្រសាសន៍ថា មោទនភាព​របស់​ជន​ជាតិខ្មែរ​ចំពោះ​បទ​ចម្រៀង​នៅ​យុគសម័យ​តន្ត្រី​មាស​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ចម្រៀង​សម័យ​នោះ​មិន​ស្លាប់ ថ្វីបើ​ម្ចាស់​បទ​ចម្រៀង​លាចាក​លោក​ទៅហើយ​ក្តី។
 
«អញ្ចឹង​សរុបសេចក្តី​ទៅ អ្វីដែល​យើង​និយាយថា ម៉េច​ក៏​បទ​ពី​ដើម​មាន​ឥទ្ធិពល​នោះ​គឺ​អ្នកសរសេរ​ក៏មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ អ្នក​ច្រៀង​ក៏មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ អ្នក​ស្តាប់​ក៏មាន​ចំណេះដឹង​ខ្ពង់ខ្ពស់។ ចំណុច​សំខាន់​ដែល​យើង​នឹក​បទ​ហ្នឹង​តាំងពីដើម​រហូតមកដល់​បច្ចុប្បន្ន ទីមួយ​គឺ​យើង​មិន​ចម្លង​គេ បទ​ដែល​យើង​និពន្ធ​សុទ្ធសាធ ដោយ​សា្ន​ដៃ​កូន​ខ្មែរ​ពិតប្រាកដ ធ្វើ​ឲ្យ​បទ​នោះ​ដែល​មជ្ឈដ្ឋាន​ទូទៅ​ទទួលស្គាល់ថា ជា​បទ​របស់​យើង។អញ្ចឹង​យើង​នាំគ្នា​រក្សា​អ្វី​ដែលជា​របស់​យើង​រហូតដល់​បច្ចុប្បន្ន។ បទ​បច្ចុប្បន្ននេះ ដែល​ចម្លង​នោះ យើង​តែងមាន​ចិត្ត​ថា អូ! ចម្លង​ទេ! អញ្ចឹង​វារ​សាត់​ឆាប់​ពី​ត្រចៀក​យើង ឆាប់​ពី​អារម្មណ៍​យើងភ្លាមៗ បាទ»។
 
ក្រោយពី​ទស្សនា​ខ្សែភាពយន្ត«កុំ​ស្មាន​បង​ភ្លេច» និង​ការប្រគុំ​តន្ត្រី​របស់​អតីត​តារា​តន្ត្រី​រ៉ក់​ខ្មែរ​ជើងចាស់ លោក ទី ឌួង ទស្សនិកជន​មកពី​រដ្ឋ Virginia ថ្លែងថា៖ «បានឃើញ​ការសម្តែង​នេះ​ដោយផ្ទាល់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​អំពី​ខ្មែរ​ទេ តែ​ថែមទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ដឹងថា ខ្ញុំ​ខ្វះ​ការយល់ដឹង​អំពី​រឿងនេះ។ ខ្ញុំ​ចង់ចាំ ពេល​ខ្ញុំ​នៅ​ក្មេង​នៅ​ស្រុក​ខ្មែរ ហើយ​ខ្ញុំ​មាន​មោទនភាព​ថា ខ្ញុំ​មកពី​កម្ពុជា»។
 
លោក​ស៊ីន សេដ្ឋ​កុល ចៅប្រុស​របស់​អធិរាជ​សំឡេង​មាស​ស៊ីន ស៊ី​សាមុត​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ជា​កិត្តិយស​តំណាង​ឲ្យ​ជីតា​របស់លោក។
«ជា​មោទនភាព​ចំពោះ​ខ្លួន​ខ្ញុំ​ក៏ដូចជា​តិ​ទាំងមូល​តែម្តង ពីព្រោះ​យកមក​នេះ​គឺ​បង្ហាញ​ឲ្យ​គេ​ដឹង ឲ្យ​គេ​ឮថា កម្ពុជា​យើង ខ្មែរ​យើង​ហ្នឹង មាន​តន្ត្រី ហើយ​មកលេង​បទ​ខ្មែរ​ហ្នឹង​ឲ្យ​គេ​ស្តាប់ ឲ្យ​ជនជាតិ​បរទេស​ស្តាប់។ បាទ! សប្បាយចិត្ត ជា​មោទនភាព​ចំពោះ​ខ្ញុំ​មែនទែន»។
 
លោក John Pirozzi ផលិតករ​ខ្សែភាពយន្ត«កុំ​ស្មាន​បង​ភ្លេច» ប្រាប់​វី​អូ​អេ​ថា ក្រោយពេល​លោក​បាន​ស្តាប់​ចម្រៀង​តន្ត្រី​រ៉ក់​ខ្មែរ​សម័យ​ដើម លោក​ដុះ​គំនិត​ចង់បង្ហាញ​ប្រវត្តិសាស្ត្រ​ខ្មែរ​តាមរយៈ​តន្ត្រី​រ៉ក់​ខ្មែរ​ដែល​សឹងតែ​បាត់បង់​ទៅហើយនោះ។
 
«ពេល​ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា​លើកដំបូង ខ្ញុំ​ដឹង​អំពី​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​នេះ ហើយ​វា​ទាក់ទាញ​អារម្មណ៍​ខ្ញុំ​ណាស់។ ខ្ញុំ​គិតថា ថតកុន​តែ​អំពី​រឿងនេះ​ទេ។ តែ​ពេល​ខ្ញុំ​ឮ​តន្ត្រី​រ៉ក់​ខ្មែរ វា​កន្ត្រាក់​អារម្មណ៍​ខ្ញុំ​ណាស់។ដូច្នេះ​ខ្ញុំ​ក៏​បញ្ចូល​គំនិត​ទាំងពីរ​នេះ។ រឿងនេះ​បង្ហាញ​អំពី​តន្ត្រី​ខ្មែរ​ហើយក៏​ឆ្លុះបញ្ចាំង​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​នេះដែរ។ រឿង​មួយ​ដែល​ដក់​ក្នុង​អារម្មណ៍​របស់ខ្ញុំ​គឺ​សំឡេង​អ្នកស្រី​រស់ សេរី​សុទ្ធា ដែលជា​សំឡេង​ពិសេស​គ្មាន​ពីរ។ វាដក់​ក្នុង​អារម្មណ៍​របស់ខ្ញុំ»។
តន្ត្រី និង​បទ​ចម្រៀង​បម្រើ​សង្គម ហើយ​ក៏មាន​ឥទ្ធិពល​លើ​សង្គម​ខ្លាំង​ដែរ។ 
 
លោក​មិញ សុធី​វណ្ណ​ត្រូវ​ខ្មែរ​អាមេរិកាំង​ដាក់​រហស្សនាម​ថា «ម្ចាស់​បទ​លក់​ស្រែ​ចូល​បារ» ជា​ចម្រៀង​ដែល​អប់រំ​កុំ​អ្នក​ស្តាប់​ភ្លើតភ្លើន ភ្លេចខ្លួន លក់​ទ្រព្យសម្បត្តិ កេរ្តិ៍​អាករ។
បទ​ចម្រៀង​នេះ​ចេញ​នៅពេល​ដី​នៅ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​មាន​ចរន្ត​ទីផ្សារ មាន​បារ និង​រង្គសាល និង​មាន​បញ្ហា​ទំនាស់​ដីធ្លី​រហូត​បច្ចុប្បន្ន​នេះ។
អ្នកនយោបាយ​បាន​ប្រើ​មធ្យោបាយ​ធ្វើ​ឲ្យ​ក្រុម​អ្នកចម្រៀង អ្នកភ្លេង​តែង​បទ​ភ្លេង​បម្រើ​របប​នយោបាយ​រប​ស់​ខ្លួន។
 
អ្នកគាំទ្រ​ខ្សែភាពយន្ត«កុំ​ស្មាន​បង​ភ្លេច»និយាយថា រដ្ឋាភិបាល​គួរតែ​ទុក​ឲ្យ​អ្នកចម្រៀង និង​អ្នកភ្លេង​មាន​សេរីភាព​ក្នុងការ​បម្រើ​សង្គម។
អ្នកនាង Sadira Benge កូនកាត់​ខ្មែរ​អាមេរិកាំង​ថ្លែងថា៖ «ខ្ញុំ​គិតថា មិនល្អ​ទេ​បញ្ចូល​នយោបាយ​ក្នុង​ចម្រៀង ព្រោះ​នយោបាយ​នឹង​អូសទាញ តែ​អ្នកចម្រៀង អ្នកភ្លេង​គួរតែ​ឯករាជ្យ​ក្នុងការ​តែង​និពន្ធ​តាមចិត្ត​របស់គេ។ តែ​គេ​ហាក់ដូចជា​អត់​ជម្រើស។ គេ​ត្រូវ​បម្រើ​នយោបាយ​ដើម្បី​រស់។ វា​មាន​ជាទូទៅ​ក្នុង​ប្រវត្តិសាស្ត្រ។  វា​មាន​ប្រសិទ្ធភាព លាង​ខួរក្បាល​អ្នកខ្លះ តែ​អ្នកខ្លះ​យល់ថា វា​មិនត្រូវ​ទេ ដូចដែល​គេ​បាន​និយាយ​ក្នុង​ខ្សែភាពយន្ត​នេះ»។
 
អ្នកចម្រៀង​ក៏ដូចជា​តារា​កំប្លែង​ក៏ត្រូវ​អ្នកនយោបាយ​ខ្មែរ​ជាច្រើន​ជំនាន់​ប្រើប្រាស់​ឲ្យ​បម្រើ​ន​នយោបាយ​របស់ខ្លួន។ អ្នកចម្រៀង អ្នកភ្លេង និង​តារា​កំប្លែង​ខ្លះ​ត្រូវ​អ្នកនយោបាយ​បំពាក់​ឋា​ន្ត​រស​ក្តិ​ជាន់ខ្ពស់ ដែល​មិនគួរ​ឲ្យ​ជឿ។
 
បទ​ចម្រៀង​ក៏មាន​ឥទ្ធិពល​ឆ្លង​ប្រទេស​ដែរ។ ឧទាហរណ៍​ក្នុង​របប​លោក​លន់ នល់ ដែល​ធ្វើ​រដ្ឋប្រហារ​គាំទ្រ​ដោយ​អាមេរិកាំង​រំលំ​សម្តេច​នរោត្តម​សីហនុ​នៅ​ថ្ងៃ១៨មិនា​ឆ្នាំ១៩៧០នោះ បទ​ចម្រៀង​អាមេរិកាំង​បាន​ជ្រាបចូល​ក្នុងសង្គម​សម័យ​នោះ ជាពិសេស​ចម្រៀង​របស់​ក្រុម hipppies។
 
ខ្មែរក្រហម​បានសម្លាប់​ជនជាតិខ្មែរ​ជិត២លាន​នាក់ តែ​ខ្មែរក្រហម​មិនអាច​សម្លាប់​តន្ត្រី​រ៉ក់​ខ្មែរ​យុគសម័យ​មាស​នោះ​បានឡើយ។ តន្ត្រី​រ៉ក់​ខ្មែរ​ត្រូវ​លាក់ខ្លួន​ក្នុង​បេះដូង​ពលរដ្ឋ​ខ្មែរ​នៅក្នុង​របប​ខ្មែរក្រហម ដែលមាន​តែ​បទ​ចម្រៀង​បម្រើ​បដិវត្តន៍​តែប៉ុណ្ណោះ។
 
អ្នកនាង Sadira Benge ពេញចិត្តដូចៗគ្នា​ចំពោះ​តារា​ទាំងអស់​ក្នុង​កម្មវិធី​នេះ ហើយ​នាង​ពិបាក​សម្រេច​ថា ពេញចិត្ត​មួយណា​ជាងគេ។
 
«គ្រប់ៗគ្នា​ធ្វើ​ឲ្យ​យើង​ចាប់អារម្មណ៍ផ្សេងៗគ្នា។ អ្នកដឹង​ទេ ពេល​គេ​ពណ៌នា អូ! វា​ចាប់អារម្មណ៍​ខ្ញុំ​យ៉ាងនេះ ឬ​យ៉ាងនោះ។  ដូច្នេះ​ខ្ញុំ​មិនអាច​សម្រេច​ថា ខ្ញុំ​ចូលចិត្ត​អ្នកណា​ជាងគេ​ទេ។ អូ! ចម្រៀង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំជួលចិត្ត​ខ្ញុំ​បំផុត​គឺ«ឱ ភ្នំពេញ​អើយ…»។ ពេលឮ​ចម្រៀង​នេះ យើង​នឹកឃើញ​អំពី​អ្វី​បាន​កើតឡើង អ្វីដែល​គ្រប់គ្នា​បាន​ឆ្លងកាត់។ ខ្ញុំ​រំជួលចិត្ត​បំផុត ពេលឮ​បទ​នេះ»។
ទស្សនិកជន​បាន​សម្តែង​ការអបអរ​និង​កោតសរសើរ​ខ្សែភាពយន្ត «កុំ​ស្មាន​បង​ភ្លេច» ដែល​កំពុង​បន្ត​បញ្ចាំង​នៅតាម​រដ្ឋ​ជាច្រើន​ទៀត​នៅ​ស.រ.អា.៕
 
ផ្ដល់​សិទ្ធិ​ដោយ៖ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក(VOA)
 

© រក្សាសិទ្ធិដោយ thmeythmey.com