តើអ្នកសិល្បៈក្រោយរៀបការបាត់បង់ប្រជាប្រិយភាព?
× នៅក្នុងសង្គមខ្មែរ អ្នកសិល្បៈមួយចំនួន មិនសូវគិតពីរឿងរៀបអាពាហ៍ពិពាហ៍នោះឡើយ ព្រោះបារម្ភខ្លាចក្រោយពេលរៀបការទៅបាត់បង់អ្នកគាំទ្រ។ ដោយសារតែបញ្ហានេះ អ្នកសិល្បៈខ្លះទៀត រៀបការដែរ តែមិនប្រកាសជាសាធារណៈឡើយ។ តែយ៉ាងណាអ្នកសិល្បៈជើងចាស់របស់កម្ពុជា មិនយល់ថា ក្រោយអ្នកសិល្បៈរៀបការបាត់បង់ប្រជាប្រិយភាពនោះទេ។
អ្នកស្រី ឌី សាវ៉េត លោក សុះ ម៉ាច សុទ្ធតែអះអាងថា ប្រជាប្រិយភាពរបស់អ្នកសិល្បៈមិនថយចុះដោយសារតែការរៀបអាពាហ៍ពិពាហ៍នោះឡើយ។ សិល្បការិនីជើងចាស់អ្នកស្រី ឌី សាវ៉េត ដែលធ្លាប់មានឈ្មោះល្បីល្បាញកាលពីសម័យសង្គមរាស្ត្រនិយមអះអាងយ៉ាងនេះថា៖«ឃើញអ្នកមួយចំនួនថា អ្នកសិល្បៈ នៅពេលមានគ្រួសារនឹងធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួននោះ ចំពោះខ្ញុំគឺ មិនមែនជារឿងពិតទាំងស្រុងនោះទេ»។ អ្នកស្រី យល់ថា ប្រជាប្រិយភាពរបស់តារា គឺអាស្រ័យលើទេពកោសល្យ និងសមត្ថភាពរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ វាមិនអាស្រ័យទៅលើអ្នកសិល្បៈមានគ្រួសារឬនៅលីវនោះឡើយ។ «តារានៅតែអាចរក្សាភាពល្បីល្បាញខ្លួនបានដែរ ឲ្យតែខិតខំដុសខាត់សមត្ថភាព ទេពកោសល្យខ្លួន។ ហើយតារាក៏មិនត្រូវ ភ្លើតភ្លើន ភ្លេចខ្លួនឡើយ គឺពួកគាត់ ត្រូវចេះឲ្យតម្លៃទៅលើអំពើល្អ ទង្វើសប្បុរសធម៌ និងគោរពសីលធម៌ ប្រពៃណី សង្គមខ្មែរ»។ នេះជាការបញ្ជាក់របស់អ្នកស្រី ឌី សាវ៉េត។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ក៏បានបង្ហាញគំនិតស្រដៀងអ្នកស្រី ឌី សាវ៉េត ដែរថា ការមានគ្រួសារមិនមែនជាមូលហេតុចម្បង ដែលធ្វើឲ្យអ្នកសិល្បៈធ្លាក់ប្រជាប្រិយភាពបានឡើយ។លោកថា បើទោះជានៅលីវ ឬមានគ្រួសារហើយក្ដី ក៏អ្នកសិល្បៈ នៅតែអាចមានឈ្មោះល្បី និងមានប្រជាប្រិយភាពដដែល បើសិនពួកគេនៅតែមាន សមត្ថភាព និងទេពកោសល្យ។ «ជាងនេះទៀតបើចង់បានអ្នកគាំទ្រ អ្នកសិល្បៈមិនត្រូវមានអាកប្បកិរិយា ឆ្មើងឆ្មៃ ចំពោះសាធារណជនឡើយ»។នេះជាយោបល់របស់លោកប្រធានសមាគមសិល្បករខ្មែរ។
បែរចេញពីអ្នកសិល្បៈ លោក សុវណ្ណ និង លោក រិទ្ធិ លឹម ដែលជាគាំទ្រ និងជាអ្នកស្នេហាវិស័យសិល្បៈខ្មែរ យល់ឃើញដូចៗគ្នាថា ពួកគេនៅតែគាំទ្រចំពោះអ្នកសិល្បៈដែលខ្លួនពេញចិត្ត បើទោះបីជាតារារូបនោះ នៅលីវ ឬ មានគ្រួសារហើយក្ដី ឲ្យតែពួកគេ មានទេពកោសល្យ សមត្ថភាព និងមានសីលធម៌សមជាអ្នកសិល្បៈ។
ទាំងអ្នកស្រី ឌី សាវ៉េត និងលោក សុះ ម៉ាច ដែលជាអ្នកសិល្បៈចាស់វស្សា បានផ្តល់ដំបូន្មានថា អ្នកសិល្បៈដែលបម្រុងនឹងមានគ្រួសារ ឬអ្នកមានគ្រួសារហើយក្ដី ត្រូវចេះ គោរព ស្រលាញ់ យល់ចិត្តគ្នា ជាពិសេសត្រូវមានចិត្តស្មោះត្រង់រវាងគ្នានិងគ្នាដោយមិនមានចិត្តវៀចវេរ ខុសពីសីលធម៌សង្គមខ្មែរឡើយ។ លោកប្រធានសមាគមសិល្បករខ្មែរ បានណែនាំបែបនេះថា៖« ចំពោះអ្នកមានគ្រួសារត្រូវតែរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានគង់វង្ស ទើបជាគំរូដ៏ល្អសម្រាប់ទស្សនិកជន និងក្មេងជំនាន់ក្រោយ»។
យ៉ាងណា អ្នកស្រី ឌី សាវ៉េត និងលោក សុះ ម៉ាច បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរបន្តគាំទ្រចំពោះអ្នកសិល្បៈ បើទោះបីជាពួកគេនៅវយ័ក្មេង ឬមានវ័យចំណាស់ ឬក៏មានគ្រួសារហើយក្ដី ឲ្យតែពួកគេមានសមត្ថភាព និងទេពកោសល្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com