ជាតិ
តារា​ជើងចាស់ អបអរ​ចំណាត់ការ​លោក ខៀវ កាញារីទ្ធ ប៉ុន្តែ​រង់ចាំ​មើល​ការអនុវត្ត
25, Sep 2015 , 3:22 pm        
រូបភាព
ដោយ:
ពី​ម៉ោង៧ ដល់​ម៉ោង៩យប់​ដែល​ត្រូវបាន​ចាត់ទុកថា ជា​ម៉ោង​មាស នោះ មិនត្រូវ​មានការ​ចាក់​បញ្ចាំងភាពយន្ត​បរទេស​នៅលើ​កញ្ចក់​ទូរទស្សន៍​នោះឡើយ។ នេះ​ជា​ចំណាត់ការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​ប្រកាស​តាមរយៈ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា តទៅ។ តារា​សម្តែង​ជើងចាស់​របស់​កម្ពុជា រីករាយ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច​របស់​ក្រសួង​ព័ត៌មាន ប៉ុន្តែ​ពួកគេ​រង់ចាំ​មើល​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការណ៍​នេះ​ជាមុនសិន ពីព្រោះ​វា​មិនមែនជា​ការប្រកាស​លើកទីមួយ​នោះឡើយ។



បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​មហាជន ចំពោះ​ការចាក់​ផ្សព្វផ្សាយ​ភាពយន្ត​បរទេស​នៅតាម​កញ្ចក់​ទូរទស្សន៍​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ថា ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា តទៅ ក្រសួង​អនុញ្ញាត​ឲ្យ​តែ​ផលិតកម្ម ឬ​វណ្ណ​កម្ម​ក្នុងស្រុក​ប៉ុណ្ណោះ ធ្វើការ​ចាក់ផ្សាយ​រឿង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ម៉ោង​មាស [ពី​ម៉ោង៧ ដល់​ម៉ោង៩យប់]។

ការសម្រេច​នេះ ត្រូវបាន​លោក ខៀវ កាញារីទ្ធ អះអាងថា គឺ​ក្នុង​គោលបំណង​លើកតម្កើង​មោទនភាព​ជាតិ ហើយ​បើសិនជា​ស្ថា​នី​ទូរទស្សន៍​ណា ល្មើស​ទៅនឹង​ការសម្រេច​របស់​ក្រសួង​ព័ត៌មាន ក្រសួង​នឹងធ្វើ​ការដក​អាជ្ញាប័ណ្ណ​ស្ថា​នី​ទូរទស្សន៍​ទាំងនោះ។

«ខ្ញុំ​ពិតជា​រំភើបចិត្ត​មែនទែន​ក្រោយ​បានលឺ​ការប្រកាស​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន»។ នេះ​ជា​អារម្មណ៍​ដ៏​សែន​រីករាយ​របស់លោក សា​វិ​ន ហ្វី​លី​ព តារា​សម្តែង​ជើងចាស់​ម្នាក់​របស់​កម្ពុ​ជា។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗតាម​ទូរ​សព្ទ លោក សា​វិ​ន ហ្វី​លី​ព បាន​លើកឡើងថា លោក​អបអរសាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង ប៉ុន្តែ​លោក​រង់​ចាំមើល​ការអនុវត្ត​សិន ពីព្រោះ​វា​មិនមែនជា​លើកទីមួយ​នោះឡើយ ដែល​លោក​បានឃើញ​ពី​ចំណាត់ការ​បែបនេះ។

តារា​សម្តែង​ដែល​ស្រឡាញ់​ការងារ​ផ្នែក​សប្បុរសធម៌​រូបនេះ បាន​បញ្ជាក់ថា៖ «ខ្ញុំ​ទទួលស្គាល់ថា គុណភាព​ភាពយន្ត​ខ្មែរ​នៅមានកម្រិត ប៉ុន្តែ​យើង​ត្រូវតែ​នាំគ្នា​ជួយ​លើកតម្កើង​ដើម្បី​កុំ​ឲ្យ​ភាពយន្ត​បរទេស​វាយលុក​ពេក។ តារា​ខ្មែរ​ជាច្រើន​កំពុង​ឈានទៅ​ដាច់​អាជីព​ហើយ»។

លោក សា​វិ​ន ហ្វី​លី​ព បាន​អះអាង​បន្ថែម៖ «ខ្ញុំ​គ្មាន​គំនិត​ណាមួយ​ប្រឆាំងនឹង​បរទេស​នោះឡើយ ប៉ុន្តែ​ការទទួលយក​នូវ​វប្បធម៌​បរទេស ជាពិសេស​ភាពយន្ត​ថៃ ដែលមាន​វប្បធម៌​ស្រដៀង​ខ្មែរ គឺជា​គ្រោះថ្នាក់​មួយ។ រឿង​ថៃ​ភាគច្រើន​និយាយ​ពី​ការដណ្តើម​ប្រុស​គ្នា ភាព​ភ្លើតភ្លើន​ក្នុងសង្គម ដូច្នេះ​វា​ងាយស្រួល​ខ្លាំងណាស់​ក្នុងការ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​យុវជន​កម្ពុជា»។

លោក ហម ឈ​រ៉ា ដែលជា​តារា​សម្តែង​ជើងចាស់​ម្នាក់​ផងដែរ​នោះ ក៏​លើកឡើង​មិន​ខុសពី​លោក សា​វិ​ន ហ្វី​លី​ព នោះដែរ។ លោក​មានការ​រំភើប និង​សប្បាយរីករាយ​ចំពោះ​ចំណាត់ការ​របស់លោក ខៀវ កាញារីទ្ធ ដោយ​លោក​បាន​លើកឡើងថា ការសម្រេច​នេះ មិនមែន​តែ​សម្រាប់​ក្រុម​លោក​ដែលជា​តារា​សម្តែង​នោះទេ ប៉ុន្តែ​វា​ជួយ​ដល់​លើក​តម្លៃ​ភាពយន្ត​ខ្មែរ និង​វប្បធម៌​ខ្មែរ ដើម្បី​ប្រទេសជាតិ​ទាំងមូល។

ទោះបីជា​យ៉ាងណាក៏ដោយ លោក ហម ឈ​រ៉ា នៅមាន​ការព្រួយបារម្ភដដែលៗថា តើ​ទូរទស្សន៍​នានា នឹង​ស្តាប់ ឬ ធ្វើតាម​ក្រសួង​ដែរ​ឬ​យ៉ាងណា​នោះទេ។ «ខ្ញុំ​ចង់​ឲ្យ​មានការ​អនុវត្ត​សេចក្តីសម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ការដែល​អនុញ្ញាត​ឲ្យ​ភាពយន្ត​បរទេស​ហូរ​ចូលមក​ប្រទេស​កម្ពុជា​ច្រើន វា​មិនមែនជា​ការល្អ​នោះទេ ដូច្នេះ ការហាមឃាត់​នេះ​អាចជួយ​ថែរក្សា​តម្លៃ​អត្តសញ្ញាណ​នៃ​ភាពយន្ត​ខ្មែរ»។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា តារា​សម្តែង​ម្នាក់​ដែល​តែងតែ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​តស៊ូ​មតិ​ទប់ទល់​លំហូរ​ចូល​ភាពយន្ត​បរទេស ក៏មាន​អារម្មណ៍​មិន​ខុសពី​មិត្ត​អាជីព​របស់ខ្លួន​នោះដែរ។

តារា​សម្តែង​ដែល​បាន​ឈរជើង​ក្នុង​វិស័យ​សិ​ល្បះ​ជាច្រើន​ឆ្នាំ​រូបនេះ បាន​ស្នើថា៖ «ក្រសួង​ព័ត៌មាន គួរតែ​រឹតបន្តឹង​ការអនុវត្ត​តាម​កា​រស​ម្រ​ចនេះ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​បើ​មិន​ដូច្នេះ​ទេ អ្នកសិល្បៈ និង​ប្រជាពលរដ្ឋ​ទូទៅ ច្បាស់​ជា​អស់ជំនឿ​លើ​ក្រសួង​ព័ត៌មាន​ជាមិនខាន។ ប្រសិនបើ​ស្ថានីយទូរទស្សន៍​ណា មិន​ធ្វើតាម​សេចក្តីសម្រេច​របស់ ក្រសួង ក្រសួង​ត្រូវមាន​វិធានការ​ដោយ​ម៉ឺង​មាត់ ឬ​ដក​អាជ្ញាប័ណ្ណ​ស្ថានីយ​ទាំងនោះ ទើប​សេចក្តីសម្រេច​នេះ មាន​ប្រសិទ្ធភាព»។

ជាមួយគ្នានេះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏​ចង់​ឲ្យ​ស្ថាប័ន​ជំនាញ​ពិនិត្យ​ត្រួតពិនិត្យ​ផងដែរ​លើ​ការថត​ស្ព​ត​ពាណិជ្ជកម្ម ពីព្រោះ​បច្ចុប្បន្ន តារា​បរទេស​ភាគច្រើន​មាន​វត្តមាន​ច្រើនជាង​តារា​ក្នុងស្រុក។

នា​សន្និសីទកាសែត​នៅ​ព្រឹក​នេះ   រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​ដូច្នេះ​ថា៖ «កាលពី​ឆ្នាំ១៩៩៣ ក្រសួង​ក៏​ធ្លាប់បាន​សម្រេច​ឲ្យ​ចាក់​បញ្ចាំងភាពយន្ត​បរទេស​ចំនួន៤០ភាគរយ ប៉ុន្តែ​ដោយសារតែ​មិនមាន​ភាពយន្ត​ក្នុងស្រុក ទើប​ធ្វើ​ឲ្យ​យើង​មានការ​លំបាក ដែល​យើង​ត្រូវ​គាបសង្កត់​លើ​ទូរទស្សន៍។ ប៉ុន្តែ​ឥឡូវនេះ យើង​លែង​កំណត់​ជា​ភាគរយ​ទៀតហើយ គឺ​យើង​កំណត់​ជា​ម៉ោង​វិញ»។ លោក​បន្ថែមថា នៅពេល​មាន​ភាពយន្ត​ខ្មែរ​មាន​គ្រប់គ្រាន់​ហើយ ក្រសួង​នឹង​កំណត់​ជា​ភាគរយ​ភាពយន្ត​បរទេស ឲ្យ​ដូច​ប្រទេស​ដទៃ​ដែរ។

លោក​ខៀវ កាញារីទ្ធ បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ឧបត្ថម្ភ​ទូរទស្សន៍ គួរ​ជួយ​លើកស្ទួយ​ផលិតកម្ម​ក្នុងស្រុក​ដើម្បី​បាន​ចាក់​បញ្ចាំង​ផ្សាយ​នៅតាម កញ្ចក់​ទស្សន៍ ព្រោះ​ទូរទស្សន៍​បើ​គ្មាន​ការឧបត្ថម្ភ ទូរទស្សន៍​នឹងមិន​អាច​ផ្សាយ​បានទេ៕


Tag:
 ភាពយន្ត​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com