អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​អូ​បា​ម៉ា៖ រដ្ឋាភិបាល​អាក្រក់​គំរាមកំហែង​ការអភិវឌ្ឍ
28, Sep 2015 , 8:59 pm        
រូបភាព
ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​ប្រចាំឆ្នាំ​កាលពី​ម្សិលមិញ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្រមាន​រដ្ឋាភិបាល​ទូទាំង​សកលលោក​ជុំវិញ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​ថ្មី ព្រោះ​លោក​ជឿជាក់ថា​រដ្ឋាភិបាល​មិនល្អ​នឹងមិន​មានលទ្ធភាព​អាច​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ថ្មី​នេះឡើយ។  លោក អូ​បា​ម៉ា បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ទាំងអស់​រក្សា​តម្លាភាព ដោយ​កម្ចាត់​អំពើពុករលួយ  និង​បញ្ចប់​ឲ្យ​អស់​ការរើសអើង​ប្រឆាំង​ស្ត្រី ក្រុម​ងាយ​រងគ្រោះ​និង​ក្រុម​ជនជាតិភាគតិច ផងដែរ។



សូមស្ដាប់ពត៌មានលម្អិត៖



ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ មេដឹកនាំ​ប្រទេស​ទាំង ១៩៣ បានសម្រេច​អនុម័ត​យក​គោលដៅ​អភិវឌ្ឍន៍​ថ្មី​ដែលមាន​ឈ្មោះថា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​រយៈពេល១៥ឆ្នាំ​ទៅមុខ ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក​ឲ្យ​កាន់តែ​ប្រសើរឡើង។ ផែនការអភិវឌ្ឍន៍​ថ្មី​នេះ​មាន​គោលដៅ​សរុប​ចំនួន១៧ ដែល​ត្រូវបាន​គេ​អះអាងថា ផែន​ការដែល​អាចអនុវត្ត​ន៍​បាន​ក្នុង​បរិបទ​ប្រទេស​អ្នកមាន​និង​ក្រ ហើយ​អ្វីដែល​ពិសេស វា​ក៏​គ្រប់​ដណ្តប់​ការដោះស្រាយ​បញ្ហា​ប្រឈម​បរិស្ថាន​ផងដែរ។ ស្រប​ពេលដែល​មានការ​អនុម័ត​យក​ផែនការ​ថ្មី មេដឹកនាំ​ពិភពលោក​ក៏​ប្តេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ ឲ្យ​បាន​ត្រឹម​ឆ្នាំ២០៣០ខាងមុខ​ដែរ។

យ៉ាងណាក៏ដោយ ក្នុង​សុន្ទរកថា​ម្សិលមិញ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្រមាន​ថា ការអនុវត្ត​គោលដៅ​របស់​អង្គការសហប្រជាជាតិ​សម្រាប់១៥ឆ្នាំ​ទៅមុខ​នេះ ដើម្បី​លុបបំបាត់​ភាពក្រីក្រ នឹង​បរាជ័យ ប្រសិនបើ​រដ្ឋាភិបាល​មិន​រៀបចំខ្លួន​ឲ្យ​បាន​ប្រសើរ​ទេនោះ។ ជាការ​ពិត តាម​សម្តី​លោក អូ​បា​ម៉ា គឺ​ចង់​សំដៅលើ​រដ្ឋាភិបាល​ដែល​មិនអាច​រក្សាបាន​នូវ​អភិបាលកិច្ច​ល្អ អសមត្ថភាព​ក្នុងការ​កម្ចាត់​អំពើពុករលួយ និង​អនុវត្តន៍​គោលនយោបាយ​រើសអើង​ប្រឆាំង​ស្ត្រី និង​ក្រុម​ជនជាតិភាគតិច​ណាមួយ​ក្នុងសង្គម​នោះ។

ក្នុង​សុន្ទរកថា​រយៈពេល២៨នាទី លោក អូ​បា​ម៉ា បាន​បញ្ជាក់ថា៖« ការអភិវឌ្ឍ​ត្រូវបាន​គំរាមកំហែង​ដោយសារ​អភិបាលកិច្ច​មិនល្អ​របស់​រដ្ឋាភិបាល។ រដ្ឋាភិបាល​នានា​ត្រូវតែ​លើកកម្ពស់​តម្លាភាព និង​បើកចំហរ រួមទាំង​នីតិរដ្ឋ​ឲ្យ​បាន ក្នុងការ​ប្រឈម​ជាមួយ​អំពើពុករលួយ​ដែល​ផ្ទេរ​លុយរាប់​ពាន់​លាន​ដុល្លារ​ចេញពី​គម្រោង​សាងសង់​សាលារៀន មន្ទីរពេទ្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចូលក្នុង​គណនី​ធនាគារ​បរទេស» 

ប្រជាជន​រាប់រយ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក នៅ​បន្ត​រស់នៅ​ស្ថិតក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​នៅឡើយ ហើយ​ពួកគេ​បន្ត​រងគ្រោះថ្នាក់ ដោយសារ​បញ្ហា​ពុករលួយ​ជា​ប្រព័ន្ធ ការរើសអើង​ដោយសារ​ពួកគេ​ជា​ក្រុម​ងាយ​រងគ្រោះ និង​ក្រុម​ភាគតិច​ផងដែរ។

តាមពិតទៅ ដើម្បី​អនុវត្តន៍​ឲ្យ​បាន​ជោគជ័យ​នូវ​ផែនការអភិវឌ្ឍន៍​ថ្មី​នេះ ប្រទេស​ទាំងអស់​ត្រូវ​ប្តេជ្ញាចិត្ត​រៀបចំ​វិធានការ ឬ​គោលនយោបាយ​ក្នុងស្រុក ហើយ​បន្ថែម​ពីលើ​នោះ វា​ជាការ​ចាំបាច់​ដែល​ពួកគេ​ត្រូវមាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ផងដែរ។ ប្រទេស​ខ្វះ​ធនធាន​គឺជា​កង្វល់ និង​ឧបសគ្គ​សម្រាប់​ការ​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ជោគជ័យ។

ប៉ុន្តែ​កង្វល់​សហគមន៍​អន្តរជាតិ​បាន​រសាយ​បន្តិច​កាលពី​ម្សិលមិញ​នេះ ក្រោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជា​តិ។ លោក​ថា  រដ្ឋាភិបាល​លោក​ត្រៀម​លុប​បំណុល​ដែល​ប្រទេស​ក្រីក្រ​ជំពាក់ ក្នុងនោះ​រួមមាន​ប្រទេស​កោះតូចៗផងដែរ។ ហើយ អ្វីដែល​គេ​សាទរ​ខ្លាំង​គឺ ចិន​បាន​ត្រៀម​កញ្ចប់​ថវិកា២ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ទ្រទ្រង់​បណ្តា​ប្រទេស​ត​តី​យ​លោក ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ទៅមុខ​ប្រកបដោយ​និរន្ត​ភាព​ថែម​ទៀតផង៕


Tag:
 លោក​ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com