ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកវិភាគ​ថា CPP អាច​នឹង​មិនបាន​អាសនៈ​៥០ ភាគរយ​បូក១ទេ នៅ​ឆ្នាំ២០១៨
30, Sep 2015 , 4:56 pm        
រូបភាព
អ្នកវិភាគនិយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បាត់បង់​កៅអី​បន្ថែមទៀត ដោយ​មិន​ទទួលបាន​សំឡេង​ដល់ ៥០ ភាគរយ បូក១ ឡើយ សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៨ នៅ​អាណត្តិ​ក្រោយនេះ។ អ្នកវិភាគ​ទាំងនោះ សម្លឹង​ឃើញថា នៅពេល​ខាងមុខ​រដ្ឋាភិបាល​ចម្រុះ នឹង​អាច​កើតមានឡើង ដោយសារតែ​ការបាត់បង់​កៅអី​ខ្លះ ពី​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ មានជំនឿថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​កើន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​ធ្លាក់ចុះ​ប្រជាប្រិយភាព​យ៉ាងគំហុក។



អ្នកវិភាគ​នយោបាយ​ថ្មី​របស់​កម្ពុជា​ពីររូប​គឺ លោក សូ ចន្ថា និង​លោក មាស នី សុទ្ធតែ​ទាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាចនឹងទទួល​បាន​អាសនៈ​ច្រើនជាងគេ​នៅក្នុង​ការបោះឆ្នោត​សកល​ឆ្នាំ ២០១៨ ខាងមុខ តែ​បក្ស​នេះ អាច​នឹងមិន​ទទួលបាន​សំឡេង ៥០ ភាគរយ​បូក ១ នោះឡើយ។ អ្នកវិភាគ​នយោបាយ លោក សូ ចន្ថា ប្រមើល​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​បាត់បង់​កៅអី​ក្នុង​រដ្ឋសភា​បន្ថែមទៀត នៅពេល​បោះឆ្នោត​អាណត្តិ​ទី៦ខាងមុខ។ លោក សូ ចន្ថា ក៏បាន​ទស្សន៍ទាយ​ទៀតថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹងមិន​ទទួលបាន​អាសនៈ​ដល់៥០ ភាគ​រយ​បូក១ ដែល​ឈានទៅ​បង្កើត​រដ្ឋាភិបាល​បាន​តែឯង​បាន​ដូច​បច្ចុប្បន្ននេះ​ទេ ព្រោះ​លោក​យល់ថា ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល លោក ហ៊ុន សែន ក្នុង​រយៈពេល​ជាង១ឆ្នាំក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៣មកនេះ មិនទាន់​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​បាន​ច្រើន​ឡើយ ពោលគឺ ការសន្យា​មានតែ​លើ​ក្រដាស តែ​មិនមាន​ការអនុវត្ត។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗតាម​ទូរ​សព្ទ អ្នកវិភាគ​នយោបាយ​រូបនេះ ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«រដ្ឋាភិបាល​ខិតខំ​កែទម្រង់​គោលនយោបាយ​ស៊ីជម្រៅ តែ​មិនមាន​ប្រសិទ្ធភាព​ទេ ព្រោះ​ស្ថានការណ៍​ជាក់ស្ដែង​បច្ចុប្បន្ននេះ មិនអាច​ដោះស្រាយបាន​បញ្ហាដីធ្លី យុវជន​អត់​ការងារ​ធ្វើ​ច្រើន អំពើពុករលួយ ហើយ​យក​ប្រព័ន្ធតុលាការ​គាបសង្កត់​អ្នកទន់ខ្សោយ​នៅតែ​បន្ដ ដែល​សុទ្ធតែជា​ចំណុច​ធ្វើ​ឲ្យ​បាត់បង់​កៅអី​ទៀត»។

មិន​ខុសពី​លោក សូ ចន្ថា នោះទេ លោក មាស នី អ្នកវិភាគ​នយោបាយ​ថ្មី​ដែរនោះ ក៏​មើលមិនឃើញ​ពី​សមិទ្ធផល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅក្នុង​អាណត្តិ​ទី៥នេះឡើយ ក្រៅតែពី​ការប្រើ​ពាក្យ​គំរាម និង​បន្លាច ទៅលើ​គណបក្សប្រឆាំង និង​ប្រជាពលរដ្ឋ។ លោក មាស នី អះអាងថា ការប្រើ​ពាក្យ​គំរាម និង​បន្លា​ចនេះ គឺ​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​មួយ​នេះ ធ្លាក់ចុះ​សំឡេងគាំទ្រ​កាន់តែខ្លាំង​ជាង​នេះ​ទៅវិញ​ទេ បើសិនជា​នៅតែ​បន្ដ​ប្រើពាក្យ​គំរាម​ទៀត។ អ្នកវិភាគ​រូបនេះ អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា៖  « ការប្រើ​ពាក្យ​គំរាម​នេះ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ ខាត​សំឡេងឆ្នោត​ច្រើន​ទៅវិញ​ទេ។ ព្រោះ​ពីមុន​គេ​ខ្លាច តែ​ឥឡូវ​ប្រជាពលរដ្ឋ​ចេះ​គិត ចេះ​វិភាគ ដូចនេះ​ពួកគេ​បាន​យល់​ពី​ការដឹកនាំ។ ហើយ​គណបក្សកាន់អំណាច​អត់​សូវ​ចំណាយពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​ទេ។ តែបើ​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី ការពារ​ព្រៃឈើ ចាប់​អ្នក​តវ៉ា​ដាក់គុក​វិញ»។ លោក មាស នី ដែល​បាន​មើលឃើញ​ពី​ការធ្លាក់​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ពឹង​ផ្អែកលើ​កម្លាំង​ស្នូល ដែលមាន​សកម្មជន​ន​យោ​បាយ​តែ ៣លាន​នាក់​ប៉ុណ្ណោះ។ តែបើ​កម្លាំង​ស្នូល​ទាំងនេះ​ងាក​ចេញពី​គណបក្ស​នេះ​ទៀត​នោះ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្លាក់ចុះ​ប្រជាប្រិយភាព​បន្ថែមទៀត។

ទាំង​លោក សូ ចន្ថា និង​លោក មាស នី បាន​រំពឹងទុក​ដូចគ្នា​ថា រដ្ឋាភិបាលចម្រុះ​នឹង​អាច​កើតមានឡើង​នៅ​អាណត្តិ​ទី៦  ដោយសារតែ​សម្លេងគាំទ្រ​គណបក្ស​ប្រជាជន​ធ្លាក់ចុះ​បន្តទៀត ខណៈ​គណបក្សថ្មីៗបង្កើតឡើង។ ហើយ​ភាពជាប់គាំង​នយោបាយ ក៏​នឹង​អាច​កើតឡើង​ដែរ។ កៅអី​ដែល​បាត់​ពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បាន​ទៅ​គណបក្សតូចៗទើប​បង្កើត។ នេះ​ជាការ​សន្និដ្ឋាន​ទុក​របស់លោក​ទាំងពីរ។

តែ​យ៉ាងណា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ មានជំនឿថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​កើន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ដៃគូ​ប្រកួតប្រជែង​ធំ​របស់​បក្ស​ខ្លួន កាន់តែ​ធ្លាក់ចុះ​ប្រជាប្រិយភាព​យ៉ាងគំហុក។ លោក ឈឹម ផល​វរុណ បន្តថា ការបោះឆ្នោត​នៅ​ឆ្នាំ ២០១៨ ខាងមុខ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ម្តងទៀត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្លាក់​កៅអី​មក​សល់​តែ ២០ កៅអី​ប៉ុណ្ណោះ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​កៅអី​បន្ថែមទៀត​ប្រមាណ ១៥ និង​ជាង ២០ កៅអី​ទៀត នឹង​បាន​ទៅ​គណបក្សតូចៗធ្លាប់​គាំទ្រ​គណបក្សប្រឆាំង៕



Tag:
 CPP
 CNRP
 អ្នកវិភាគ
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com