បទវិភាគ
ផលប៉ះពាល់​នៃ​ការបាត់​បង់​ជំនឿ​លើ​អាជ្ញាធរ​និង ស្ថាប័នរដ្ឋ
03, Oct 2015 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សង្គម​និង​នយោបាយ​មិនអាច​កាត់ផ្ដាច់​ចេញពី​គ្នា​បានឡើយ។មិន​អាចមាន​នយោបាយ​បានឡើយ​ប្រសិនបើ​គ្មាន​សង្គម។ឯ​សង្គម​ក៏​នឹងមិន​អាចមាន​នៅក្នុង​លោក​នេះដែរ​ប្រសិនបើ​គ្មាន​ទម្រង់​ណាមួយ​នៃ​ប្រព័ន្ធ​នយោបាយ​ឬ​អភិបាលកិច្ច​ទោះបីជា​តាមបែប​បុរាណ​ឬ​បែប​សាមញ្ញ​ក៏ដោយ។ បើ​យោងតាម​អត្ថន័យ​ខាងលើនេះ ប្រជាពលរដ្ឋ​ត្រូវតែ​ពឹងពាក់​លើ​ស្ថាប័នរដ្ឋ​និង​អាជ្ញាធរ ដើម្បី​រក្សា​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សិទ្ធិ សេរីភាព យុត្តិធម៌ ការប្រកបមុខរបរ ការអភិវឌ្ឍ និង សេវាកម្មផ្សេងៗទៀត។ ប៉ុន្តែ ជា​អកុសល អ្នកដឹកនាំ អ្នកគ្រប់គ្រង និង អាជ្ញាធរ​មួយចំនួន ពេលដែល​ទទួលបាន​អំណាច​ហើយ បែរជា​មិនបាន​បំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ទេ ដែលជា​ហេតុ​ធ្វើឱ្យ​ប្រជាជន​បាត់បង់​ជំនឿ​មកលើ​ពួកខ្លួន​និង​ស្ថាប័នរដ្ឋ​ទៅវិញ។ តើ​ការបាត់​ជំនឿ​នេះ ផ្ដល់​ផលប៉ះពាល់​អ្វីខ្លះ​ដល់​សង្គម?


 
ការបាត់បង់​ជំនឿ​លើ​អ្នកដឹកនាំ អ្នកគ្រប់គ្រង អាជ្ញាធរ និង ស្ថាប័នរដ្ឋ​នេះ អាច​បណ្ដា​លើ​មកពី​មូលហេតុ​ជាច្រើន ដូចជា អាត្មានិយម​របស់​អ្នកដឹកនាំ, ទម្លាប់​អាក្រក់​ក្នុងការ​ដឹកនាំ, ផ្នត់គំនិត​ចាស់​ដែល​ដឹកនាំ​ដោយ​ផ្ដាច់ការ, ភាពមិនច្បាស់លាស់​នៃ​ខ្លឹមសារ​ច្បាប់​និង​ភាពលម្អៀង​នៃ​ការអនុវត្ត​ច្បាប់, ភាពទន់ខ្សោយ​របស់​អា​ជ្ញា​ធរ​និង​ស្ថាប័នរដ្ឋ, កង្វះ​ការទទួលខុសត្រូវ គណនេយ្យភាព និង កាតព្វកិច្ច, អំពើពុករលួយ និង ការដឹកនាំ​ដោយ​បុគ្គល​ជាជាង​ដឹកនាំ​ដោយ​ច្បាប់ ជាដើម។
ដោយសារ​កត្តា​ទាំងអស់​នេះហើយ ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយ​យ​ចំនួន មិន​ចង់​ពឹងពាក់​ស្ថាប័នរដ្ឋ​និង​អាជ្ញាធរ ហើយ ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង, រត់​ចេញពី​ការទទួលខុសត្រូវ, ប្រើប្រាស់​លុយ​ជំនួស​នីតិវិធី​ច្បាប់ ឬក៏​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ជាមួយ​ចំណាត់ការ ឬ​ការសម្រេច​របស់ ស្ថាប័នរដ្ឋ​អាជ្ញាធរ និង តុលាការ ជាដើម។ 
 
ជាក់ស្ដែង ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជនបង្ក​តែងតែ​ព្យាយាម​រត់គេច​ពី​ការទទួលខុសត្រូវ​ដោយសារតែ​ពួកគេ ខ្លាច​សាច់ញាតិ​របស់​ជនរងគ្រោះ​ឬ​មហាជន​ប្រើ​ហិង្សា​មកលើ​ខ្លួន​ក្រៅ​ប្រព័ន្ធ​ច្បាប់​និង មិន​ទុកចិត្ត​ចំពោះ​ការដោះស្រាយ ឬ​ចំណាត់ការ​របស់​នគរ​បាល​ចរាចរណ៍។
 
ម្យ៉ាងទៀត នៅពេលដែល​ពលរដ្ឋ​មានរឿង​ក្ដី​ត្រូវ​ប្ដឹងផ្ដល់​ទៅ​តុលាការ​ពួកគេ​មួយចំនួន​មិន​ខិតខំ​រក​មេធាវីល្អៗ ដែល​ចេះ​ទ្រឹស្ដី​ច្បាប់ ចេះ​ច្បាប់​មាន​បទពិសោធ​ក្នុងការ​ដោះស្រាយ​រឿងក្ដី និង ពូកែ​លើក​ទឡ្ហី​ករ​ការពារ​ក្នុង​សវនកម្ម​ទេ ពួកគេ​បែរជា​ខិតខំ​ស្វែងរក​មេធាវី​ដែល​ពូកែ​រត់ការ ដោយ​យកលុយ​ទៅ​សូក​មន្ត្រី​ពាក់​ពន្ធ​ដើម្បី​សម្រាលទោស​ឬ​រួចខ្លួន និង រក​ខ្នងបង្អែក​ដើម្បី​ជួយ​អន្តរា​គម ជាដើម។ ក្នុងការ​ណី​ខ្លះទៀត ប្រជាពលរដ្ឋ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំង​ជាមួយ​ចំណាត់ការ​ឬ​សាលក្រម​របស់​តុលាការ ដោយសា​តែ​ពួកគេ​មិនមាន​ជំនឿ​លើ​ភាពត្រឹមត្រូវ​និង​ឯករាជ្យភាព​របស់​តុលាការ។
 
ក្រៅពីនេះ មាន​ករណី​ជាច្រើន​ទៀត ដូចជា បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ ការរំលោភ​ដីធ្លី ការរំលោភ​សិទ្ធិមនុស្ស។ល។ ប្រជាជន​មូលដ្ឋាន បានរួម​គ្នា​បង្កើត​ជាស​ហគ​មន៍​ដើម្បី​ការពារ​ធនធានធម្មជាតិ​ដោយ​ខ្លួនឯង, នាំគ្នា​តវ៉ា​ជា​ក្រុម​ប្រឆាំងនឹង​ផលប៉ះពាល់​នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍ និង បាន​ពឹងពាក់​ស្ថាប័ន​សង្គម​ស៊ីវិល ដើម្បី​ឱ្យជួយ​ការពារ​សិទ្ធិ សេចក្ដីថ្លៃថ្នូរ និង ផលប្រយោជន៍​របស់ខ្លួន ជាជាង​ពឹងពាក់​ស្ថាប័នរដ្ឋ​និង​អាជ្ញាធរ។
 
ប្រសិនបើ ការបាត់បង់​ជំនឿ​លើ​ស្ថាប័នរដ្ឋ​និង​អាជ្ញាធរ នៅតែ​បន្ត នាំឱ្យ​បញ្ហា​ជាច្រើន​អនេក​បន្ត​កើតឡើង ដូចជា ការព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង, ការឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅរក​ការងារ​នៅ​ប្រទេសជិតខាង, ការរត់​ចេញពី​ការទទួលខុសត្រូវ, ការប្រើប្រាស់​លុយ​ជំនួស​នីតិវិធី​ច្បាប់ ការប្រើ​ហិង្សា​ឬ​ច្បាប់​ព្រៃ​ដើម្បី​ដោះស្រាយ​បញ្ហា ការពឹង​ពាក់​សង្គម​ស៊ីវិល​ជាជាង​ពឹងពាក់​ស្ថាប័នរដ្ឋ​និង​អាជ្ញាធរ និង ការប្រមូល​ផ្ដុំគ្នា​តវ៉ា​ប្រឆាំង​ជាមួយ​ចំណាត់ការ​ឬ​ការសម្រេច​របស់ ស្ថាប័នរដ្ឋ អាជ្ញាធរ និង តុលាការ កាន់តែ​កើឡើង។ 
 
ហើយ​ទីបំផុត ប្រជាពលរដ្ឋ និង ស្ថាប័នរដ្ឋ​ក៏ដូចជា​អាជ្ញាធរ កាន់តែ​ឃ្លា​ឆ្ងាយ​ពីគ្នា លែង​សូវ​ដឹង​អំពី​សុខទុក្ខ​របស់​គ្នា​ទៅវិញទៅមក និង ឈានទៅរក​ការបែកបាក់​ជា​ទ្រង់ទ្រាយ​ធំ។ ហើយ​ទីបំផុត ពលរដ្ឋ​កម្ពុជា​នឹងរង​គ្រោះ​កាន់តែ​ធ្ងន់ឡើងៗ និង អាច​ឈានទៅ​បះបោរ​ដូច​ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​មួយចំនួន ដូចជា ស៊េរី លី​ប៊ី អេ​ហ្ស៊ី​ប ជាដើម។ ហេតុនេះ ស្ថាប័នរដ្ឋ អាជ្ញាធរ និង តុលាការ ត្រូវតែ​កែទម្រង់​ឡើងវិញ ដោយ​បំពេញការងារ​ផ្អែកលើ​ច្បាប់ តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ លើកកម្ពស់​សីលធម៌​វិជ្ជាជីវៈ ការទទួលខុសត្រូវ សច្ចភាព និង យុត្តិធម៌ ដើម្បី​រួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម​នានា​ដែល​កំពុង​កើតមាន និង ដើម្បី​ទាញយក​មកវិញ​នូវ​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ក៏ដូចជា ដើម្បី​លើ​កម្ពស់​សុខដុម​នីយកម្ម​ក្នុងសង្គម​ខ្មែរ​ដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com