ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​អង្ករ​បាន​ជិត៣៧ម៉ឺន​តោនទៅកាន់៥៥ប្រទេស ក្នុង​រយៈ​ពេល​៩​ខែ​
03, Oct 2015 , 10:09 am        
រូបភាព
នៅក្នុង​រយៈពេល៩ខែ ​ឆ្នាំ២០១៥នេះ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន ចំនួន៣៦៩,១០៥តោន កើនឡើង៣៧ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំ២០១៤។ ប្រភេទ​អង្ករ​ទាំងនោះ​រួមមាន​អង្ករ​ក្រអូប អង្ក​រស​គ្រាប់​វែង និង​ប្រភេទ​អង្ករ​ចំហុយ។ ក្រុមហ៊ុន​ដែល​នាំ​អង្ករ​ចេញ​មាន​ចំនួន៧៥ក្រុមហ៊ុន ខណៈដែល​ទីផ្សារ​ដែល​កម្ពុជា​បាន​នាំ​អង្ករ​ទៅ​មាន​ចំនួន៥៥ប្រទេស។



កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​៣៩៦,១០៥តោន នៅក្នុង​រយៈពេល៩ខែ ឆ្នាំ២០១៥នេះ កើនឡើង៣៧ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំ២០១៤ ដែលមាន​ត្រឹមតែ២៦៩.៣៧០តោន​ប៉ុណ្ណោះ។ នេះ​បើតាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់ បំពេញបែបបទ​នាំចេញ​អង្ករ។

បើតាម​របាយការណ៍​ដ​ដែល ប្រភេទ​អង្ករ​ដែល​នាំចេញ​រួមមាន​ប្រភេទ​អង្ករ​ក្រអូប (ចម្រុះ នាង​ម្លិះ សូ​ម៉ាលី ផ្កាម្លិះ ផ្ការំដួល សរីរាង្គ​និង​អង្ករ​ក្រអូប​ភ្លឺ) ចំនួន១៦៥,៦១០តោន ស្មើនឹង៤៤.៩០ភាគរយ ប្រភេទ​អង្ក​រស​ចម្រុះ​គ្រាប់​វែង និង​អង្ក​រស​ប្រណិត​ចំនួន១៧១,៥៥០តោន ស្មើនឹង៤៦.៥០ភាគរយ និង​ប្រភេទ​អង្ករ​ចំហុយ​គ្រាប់​វែង​ចំនួន៣១,៩៤៥តោន​ស្មើនឹង៨.៦០ភាគរយ។

ក្រុមហ៊ុន​ដែល​នាំ​អង្ករ​ចេញ​មាន​ចំនួន៧៥ក្រុមហ៊ុន ខណៈដែល​ទីផ្សារ​ដែល​កម្ពុជា​បាន​នាំ​អង្ករ​ទៅ​មាន​ចំនួន៥៥ប្រទេស។ ទីផ្សារ​ទាំងនោះ​រួមមាន​ទីផ្សារ​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប ចំនួន២៦ ប្រទេស​សមាជិក​អាស៊ាន​ចំនួន៣គឺ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី​ក្នុង​បរិមាណ និង២៦ប្រទេស​ផ្សេងទៀត ដូចជា​ប្រទេស​ចិន ហុងកុង អូ​ស្រា្ត​លី អាមេរិក តៃវ៉ាន់ និង​កាណាដា​ជាដើម។

លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់ បំពេញបែបបទ​នាំចេញ​អង្ករ ក៏បាន​បង្ហាញ​ពី​បរិមាណ​អង្ករ​ដែល​នាំចេញ​នៅក្នុង​ខែកក្កដា​ដែរ គឺ​នាំចេញ​បាន​ចំនួន២៦,៩៦៩តោន ថយចុះ៣១.៧ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ២០១៤៕



Tag:
 ការនាំចេញ​អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com