បទវិភាគ
ជ្រុង​មួយ​នៃ​កំណែទម្រង់​ក្នុងសង្គម​ខ្មែរ
04, Oct 2015 , 9:40 am        
រូបភាព
ដោយ:
ភ្នំពេញ៖ បន្ទាប់ពី​ការអនុវត្ត​របប​ប្រជាធិបតេយ្យ ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី១ ឆ្នាំ១៩៩៣ មក កម្ពុជា​បាន​ប្រែ​មុខមាត់​ថ្មី​ជាបណ្ដើរ។ ប៉ុន្តែ ក្នុងអំឡុងពេល​ជាមួយគ្នានេះ កម្ពុជា​ក៏បាន​ជួប​បញ្ហា​ជាច្រើន ដូចជា​ការរើសអើង​ខាង​នយោបាយ អំណាច​ប្រមូលផ្ដុំ​លើ​បុគ្គល អំពើពុករលួយ បក្សពួកនិយម និ​ទណ្ឌ​ភាពអយុត្តិធម៌​សង្គម ការរំលោភ​សិទ្ធិមនុស្ស ការបំផ្លាញ​ធនធានធម្មជាតិ សេវាសាធារណៈ​គ្មាន​ប្រសិទ្ធភាព។ល។ ជាការ​ឆ្លើយតប​នឹង​បញ្ហា​ទាំងនេះ យើង​បាន​សង្កេតឃើញថា ប្រជាជន​ខ្មែរ​ស្ទើរតែ​គ្រប់​ស្រទាប់ គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ​នយោបាយ បាន​យល់​ស្របគ្នា​ថា ចង់​ធ្វើ​កំណែទម្រង់សង្គម​ខ្មែរ។ ការលើកឡើង​នូវ​គំនិត​នេះ បង្ហាញឱ្យឃើញ​យ៉ាងច្បាស់​ថា ទម្រង់​ចាស់​របស់​សង្គម​ខ្មែរ ពិត​ជាមាន​បញ្ហា​មែន។ តើ​យើង​ត្រូវធ្វើ​កំណែទម្រង់​តាមរបៀប​ណា?


 
យើង​គិតថា វា​ជា​រឿង​ត្រឹមត្រូវ​ណាស់​ដែល​សង្គម​ខ្មែរ​យល់ឃើញថា ត្រូវធ្វើ​កំណែទម្រង់ ពីព្រោះ​នៅ​បណ្ដា​ប្រទេស​នានា​លើ​សាកលលោក គេ​តែងតែ​ធ្វើកំណែទម្រង់​ជា​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​បញ្ហាផ្សេងៗ និង ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់គេ​ឱ្យ​ដើរ​ទាន់​និន្នាការ​រីកចម្រើន​របស់​ពិភពលោក។ កំណែទម្រង់​គឺជា​ការអភិវឌ្ឍ កំណែទម្រង់​គឺជា​ជីវិត កំណែ​ទ្រង់​គឺជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ប្រកួតប្រជែង និង ការរក្សា​លំនឹង​ក្នុងចំណោម​ប្រទេស​នានា​ក្នុង​តំបន់​និង​ពិភពលោក។ ហេតុនេះ កំណែទម្រង់ គឺជា​រឿង​ត្រូវ​ធ្វើជា​ចាំបាច់ ដោយ​ខានមិនបាន។ 
 
ក្នុងនាម​អ្នកវិភាគ​សង្គម យើង​យល់ថា កំណែទម្រង់​គួរ​ឬ​ត្រូវ​ឆ្លងតាម​ជំហាន​ដូចខាងក្រោម៖
1. មាន​សុ​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ធ្វើកំណែទម្រង់
2. មាន​ទស្សនវិស័យ​ទូលំទូលាយ​និង​ច្បាស់លាស់​ក្នុងការ​ធ្វើកំណែទម្រង់
3. ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលះបង់​ទម្លាប់​ចាស់​ដែល​មិនល្អ និង​តាំងចិត្ត​ទទួលយក​គំនិត​ថ្មី​ដែល​ល្អ
4. ធ្វើការ​សិក្សា​លម្អិត​បែប​វិទ្យាសាស្ត្រ​មួយ​ស្ដីអំពី​កំហុសឆ្គង​នៃ​ការគ្រប់គ្រង​ក្នុង​អតីតកាល
5. មានច្បាប់ និង​គោលការណ៍​ត្រឹមត្រូវ​និង​ច្បាស់លាស់​ក្នុងការ​ធ្វើកំណែទម្រង់
6. មាន​រចនា​សម្ពន្ធ​ថ្មី​ដែល​អាច​បម្រើឱ្យ​គំនិត​ស្ដី​កំណែទម្រង់​ប្រកបដោយ​ប្រសិទ្ធភាព
7. មាន​ផែនការ​យុទ្ធសាស្ដ្រ និង​បេសកកម្ម​ច្បាស់លាស់​ក្នុងការ​ធ្វើកំណែទម្រង់
8. មាន​ធនធានមនុស្ស​ដែលមាន​សុ​ឆន្ទៈ​និង​សមត្ថភាព​ក្នុងការ​ធ្វើកំណែទម្រង់
9. មាន​ធនធាន​ហិរញ្ញវត្ថុ មធ្យោបាយ និង ឧបករណ៍​គ្រប់គ្រាន់​ក្នុងការ​ធ្វើកំណែទម្រង់
10. មានការ​តាមដាន និង​ការវាយតម្លៃ​ជាប្រចាំ​លើ​ការអនុវត្ត​គំនិត​និង​កម្មវិធី​កំណែទម្រង់
11. មានការ​ប្រកួតប្រជែង ការលើកទឹកចិត្ត និង ការផ្ដល់​រង្វាន់​ចំពោះ​អ្នក​ដែល​បាន​អនុវត្ត​កំណែទម្រង់​បានល្អ និង ត្រូវ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ដែល​ប្រឆាំងនឹង​ចលនា​កំណែទម្រង់​នេះ
12. កំណែទម្រង់​ត្រូវធ្វើ​ដោយ​ផ្អែកលើ​ផ្លូវកណ្ដាល កុំឱ្យ​តឹង​ពេក តែ​កុំ​ធូរ​ពេក និង ត្រូវធ្វើ​ជាប្រចាំ​រហូតដល់​បានសម្រេច​គោលដៅ។
 
ជារួម វិស័យ​ដែល​ត្រូវធ្វើ​កំណែទម្រង់​មាន​ច្រើនណាស់ ដែល​ក្នុងនោះ​វិស័យ​ដែល​លេចធ្លោ​ជាងគេ រួមមាន ប្រព័ន្ធ​យុ​ត្តិ​ធ៌​ឬ​តុលាការ, ប្រព័ន្ធ​បោះឆ្នោត, ការគ្រប់គ្រង​ដីធ្លី, ការគ្រប់គ្រង​ធនធានធម្មជាតិ, ការគ្រប់គ្រង​ហិរញ្ញវត្ថុ, ការគ្រប់គ្រង​រដ្ឋបាល, ការកំណត់​ប្រាក់ខែ​មន្ត្រីរាជការ, ការគ្រប់គ្រង​សេវាសាធារណៈ និង វិស័យ​អប់រំ យុវជន និង កីឡា ជាដើម។ 
 
យោងតាម​តថភាព​សង្គម ចាប់ពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៣ មកដល់ពេលនេះ ការអនុវត្ត​កំណែទម្រង់ ហាក់ដូចជា​កំពុង​រំកិល​ទៅមុខយឺតៗ និង ពេលខ្លះ ហាក់ដូចជា​ដើរ​ថយក្រោយ​វិញ​ក៏មានដែរ។ វិស័យ​អប់រំ​និង​ប្រពន្ធ​បោះឆ្នោត ត្រូវបាន​គេ​មើលឃើញថា គឺជា​វិស័យ​ពីរ​ដែល​បាន​ប្ដេជ្ញាចិត្ត​និង​បាន​ដើរ​មុនគេ​ក្នុងការ​អនុវត្ត​គំនិត​ស្ដីពី​កំណែទម្រង់​ស៊ីជម្រៅ។ ប៉ុន្តែ ការអនុវត្ត​កំណែទម្រង់​នេះ មិនអាច​ប្រព្រឹត្តទៅបាន​រលូន​ទេ ប្រសិនបើ ក្រសួង​ពាក់​ពន្ធ​មិន​សហការ និង គ្មាន​ការចូលរួម​ពី​អ្នក​ពាក់​ពន្ធ​ដទៃទៀត។
 
ចំពោះ​វិស័យផ្សេងៗទៀត ហាក់ដូចជា​នៅ​រារែក​នៅឡើយ ក្នុងការ​អនុវត្ត​កំណែទម្រង់​នេះ ដោយសារតែ​ពួកគេ​រង់ចាំ​មើល​គំរូ​ពី​ថ្នាក់លើ ឬ​ពួកគេ​រង់ចាំ​មើល​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស ដូចជា ការ​ប្រព​ប្រព្រឹត្ត​អំពើពុករលួយ និង បទល្មើសផ្សេងៗទៀត ជាដើម។ ដូច្នេះហើយ អំពើពុករលួយ ឬ​ទម្លាប់​អាក្រក់ផ្សេងៗក្នុងការ​គ្រប់គ្រង​នៅតែ​បន្ត​កើតមាន ដោយ​គ្រាន់តែ​បាន​ផ្លាស់ប្ដូរ​រូបរាង ឬ មានការ​លាក់លៀម​ជាង​មុន​ប៉ុណ្ណោះ។ 
 
ប្រសិនបើ​កំណែទម្រង់​ស៊ីជម្រៅ​នៅតែ​មិន​ត្រូវបាន​អនុវត្ត​ពីលើ​ដល់​ក្រោម និង មិនមាន​ការចូលរួម​ពី​ភាគី​ពាក់​ពន្ធ​ទេ ដោយ​គ្រាន់តែ​និយាយ​ឱ្យ​ពិ​រោះ​ស្ដាប់ និង គ្រាន់តែ​ធ្វើ​បង្ហាញ​បន្តិចបន្តួច​នោះ​នាំឱ្យ​ការអភិវឌ្ឍ ការលុបបំបាត់​ភាពក្រីក្រ ការលុបបំបាត់​និ​ទណ្ឌ​ភាព ការលើកកម្ពស់​យុត្តិធម៌​សង្គម ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​គ្រប់​វិស័យ...មិនអាច​ប្រព្រឹត្តទៅ​បានឡើយ ឯ​ការលើកកម្ពស់​ខុស​ដុម​នីយកម្ម​ក្នុងសង្គម​ខ្មែរ ក៏​មិនអាច​សម្រេច​បានដែរ។ ទីបំផុត សង្គម​ខ្មែរ​នឹង​បន្ត​មាន​វិបត្តិ​លើ​គ្រប់​វិស័យ​កាន់តែធ្ងន់ៗឡើង ដែល​ពិបាក​ដោះស្រាយ​នៅពេល​អនាគត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com