ជាតិ
លោក ហ៊ុន សែន អំពាវនាវឲ្យកសិកររក្សាទឹកទុក រូបថត៖ ហ៊្វេសប៊ុកលោកនាយករដ្ឋមន្ត្រី
× ទឹកតិចជាកង្វល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ប្រមុខរដ្ឋាភិបាលបានសរសេរនៅលើទំព័រហ្វ៊េសប៊ុករបស់លោកអំពាវនាវឲ្យកសិករព្យាយាមរក្សាទឹកទុកនៅក្នុងអាង ក្នុងស្រែ និងប្រឡាយនានាដើម្បីត្រៀមសម្រាប់ទិន្នផលនៃស្រែវស្សា និងការចាប់ផ្តើមនៃស្រែប្រាំង។
តាំងពីល្ងាចថ្ងៃសោរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើទំនាក់ទំនងជាមួយកសិករតាមរយៈទំព័រហ្វ៊េសប៊ុករបស់លោក។ លោកនាយករដ្ឋមន្ត្រីបានសរសេរជូនដំណឹងកសិករអំពីកម្រិតទឹកភ្លៀងធ្លាក់ដើមឆ្នាំតិចតួច ដែលនឹងអាចធ្វើឲ្យការបង្កបង្កើនផលរបស់ពួកគេជួបការលំបាកនៅតាមតំបន់មួយចំនួន។
ភ្លៀងធ្លាក់តិចហើយ កម្ពស់ទឹកទន្លេទាបទៀត នេះជាការជូនដំណឹងរបស់លោកនាយករដ្ឋមន្ត្រីខ្មែរប្រាប់កសិករ ដោយលោកសរសេរយ៉ាងដូច្នេះថា៖«ចំណែកឯទឹកទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ មានកម្រិតទាបមិនអាចហូរចូលព្រែក ចូលអាងសំរាប់ការធ្វើស្រែប្រដេញទឹកឬស្រែប្រាំងបានគ្រប់គ្រាន់នោះទេ។ មិនសល់ពេលច្រើនទេដែលកសិករយើងត្រូវខិតខំបង្ហើយការដកស្ទូងស្រូវវស្សានឹងចាប់ផ្ដើមស្រូវប្រាំង។ ខ្ញុំសុំយកឱកាសនេះអំពាវនាវចំពោះកសិករយើងមេតា្តខិតខំរក្សាទឹកទុកក្នុងស្រែ ក្នុងអាង ក្នុងប្រឡាយដើម្បីការលូតលាស់នៃស្រូវវស្សាផង និងសម្រាប់ការចាប់ផ្តើមស្រូវប្រាំងផង»។
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម និងអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យត្រៀមបម្រុងធ្វើអន្តរាគមន៏ក្នុងករណីយចាំបាច់។ ហើយថាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការត្រូវចូលរួមជួយបង្កបង្កើនផលប្រជាជនដែលនៅជិតទីតាំងឈរជើង ពិសេសគ្រួសារជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរាដែលខ្វះកម្លាំងពលកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com