អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រជាជនថៃចាប់ផ្តើមពេញចិត្តលោក ប្រាយុទ្ធ ក្រោយលោកលើកមុខមាត់ថៃនៅUN
× វត្តមានរបស់លោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចាទៅកាន់អង្គការសហប្រជាជាតិក្នុងកិច្ចប្រជុំកំពូលលើកទី៧០ទទួលបានទាំងការស្វាគមន៍ផងនិងការរិះគន់ផង។យ៉ាងណាក៏ដោយក្រោយពីបានឃើញពីចំណាត់ការនិងតួនាទីរបស់លោកប្រាយុទ្ធនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិប្រជាជនថៃភាគច្រើនបានសម្តែងការរីករាយនិងចាប់ផ្តើមមានយោគយល់រដ្ឋាភិបាលរបបសឹក។
ប្រជាជនថៃភាគច្រើន បានសម្តែងការស្វាគមន៍ និង ការយោគយល់ទៅលើលោកនាយករដ្ឋមន្ត្រីរដ្ឋប្រហារ ប្រាយុទ្ធ ចាន់អូចា ក្រោយពួកគេ បានឃើញពីចំណាត់ការជាពិសេសសន្ទរកថារបស់លោកប្រាយុទ្ធនៅអង្គការសហប្រជាជាតិ។ នេះបើយោងការស្ទាបស្ទង់មួយដែលមានឈ្មោះថា Suan Dusit Poll ដែលបានធ្វើឡើងចាប់ពីថ្ងៃ២៨ ខែកញ្ញា រហូតដល់ថ្ងៃទី០១ ខែ តុលាកន្លងទៅនេះ។
តាមការស្ទាប់ស្ទង់ដែលយកចេញពីប្រជាជនជាងមួយពាន់នាក់ទូទាំងប្រទេសមានតែសម្លេងមិនគាំទ្រលោកប្រាយុទ្ធប្រមាណប្រាំមួយភាគរយតែប៉ុណ្ណោះ។ថ្វីដ្បិតតួលេខនេះមិនតំណាងឲ្យប្រជាជនថៃទាំងអស់មែនតែវាជាសញ្ញាវិជ្ជមានមួយក្នុងការដឹកនាំថៃដោយលោកឧត្តមសេនីយ៍ប្រាយុទ្ធ។
សូមរម្លឹកផងដែរថា ថ្មីៗនេះលោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ធចាន់អូចាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិប្រវចាំលើក៧០ជាលើកដំបូងក្នុងនាមជាប្រមុខរដ្ឋាភិបាលថៃ។ក្នុងឱកាសនេះលោកប្រាយុទ្ធបានបកស្រាយពីបញ្ហានយោបាយចុងក្រោយរបស់ថៃទៅកាន់សហគមន៍អន្តរជាតិដែលតែងតែរិះគន់របបសឹកកាលពីកន្លងមក។បន្ថែមពីនេះលោកក៏បានអះអាងទៅកាន់មេដឹកនាំពិភពលោកពីដំណើរការនៃការវិលត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យថៃនាពេលខាងមុខ។
អ្វីដែលជាចំណុចដែលប្រជាជនថៃចាប់អារម្មណ៍ខ្លាំងនោះក្នុងនាមជាប្រមុខរដ្ឋាភិបាលថៃលោកប្រាយុទ្ធក៏បានចាប់ផ្តើមបញ្ចុះបញ្ចូលមេដឹកនាំពិភពលោកមួយចំនួនដើម្បីគាំទ្រថៃក្នុងការប្រជែងតំណែងសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ប្រសិនបើថៃពិតជាអាចជាប់តំណែងនេះមែននោះលោកប្រាយុទ្ធពិតជាបានលើកមុខមាត់ប្រទេសក្នុងឆាកអន្តរជាតិ។
សូមបញ្ជាក់ផងដែរថាមកទល់ពេលនេះគឺរយៈពេលជាងមួយឆ្នាំហើយដែលរបបសឹកដែលដឹកនាំដោយលោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា។នេះក៏មានន័យថារយៈពេលជាងមួយឆ្នាំហើយដែលលទ្ធិប្រជាធិបតេយ្យត្រូវធ្លាក់ដល់កម្រិតសូន្យ។មានមតិជាច្រើនបានលើកឡើងថាលោកប្រាយុទ្ធព្យាយាមក្រាញអំណាច ដ្បិតការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីត្រូវបានពន្យាពេលជាបន្តបន្ទាប់។យ៉ាងណាក៏ដោយលោកប្រាយុទ្ធបានបញ្ជាក់ជាច្រើនដងហើយថាលោកនឹងចុះចេញពីតំណែងប្រសិនបើមានអ្នកនយោបាយថៃចេះទទួលខុសត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com