អន្តរជាតិ
ក្រុម​រដ្ឋ​ឥស្លាម​សាខា​អាស៊ី​ខាងត្បូង​សម្លាប់​ជនជាតិ​ជប៉ុន​នៅ​បង់​ក្លា​ដែ​ស
04, Oct 2015 , 5:00 pm        
រូបភាព
ក្រោយ​មានការ​បាញ់សម្លាប់​ជនជាតិ​ជប៉ុន​ម្នាក់​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​កាលពី​ម្សិលមិញ ក្រុម​រដ្ឋ​ឥស្លាម​បានប្រកាស​ទទួលខុសត្រូវ​ភ្លាម​និង​គំរាម​វាយប្រហារ​ថែមទៀត។ គេ​មិនដឹង​ច្បាស់​ទេ​ថា​ក្រុម​នេះ​ពិតជា​ស្ថិតនៅ​ពីក្រោយ​ករណី​សម្លាប់​មនុស្ស​នេះ តែ​កន្លងមក​គេ​លេច​លឺថា​ក្រុម​នេះ​ពង្រីក​បណ្តាញ​ដល់​អាស៊ី​ខាងត្បូង​និង​អាស៊ី​កណ្តាល​ដូចជា ឥណ្ឌា និង​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាដើម។


ស្តាប់សំឡេង

**audio2**
 
 
ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​សាខា​អាស៊ី​ខាងត្បូង​បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ការបាញ់សម្លាប់​ជនជាតិ​ជប៉ុន​ម្នា​ក់នៅ​តំបន់ Rangpur នៅ​ចម្ងាយ៣៣៥គីឡូម៉ែត្រ​ពី​រដ្ឋធានី​ដា​កា  (Dhaka) ប្រទេស​បង់​ក្លា​ដែ​ស។ ជនជាតិ​ជប៉ុន​ដែល​ស្លាប់​នោះ​មានឈ្មោះ Kunio Hoshi វ័យ ៦៥ឆ្នាំ ហើយ​ប៉ូលិស​បាន​ចាប់ឃុំខ្លួន​មនុស្ស ៤អ្នកភ្លាមៗដែរ ក្រោយ​មាន​ករណី​ឃាតកម្ម​នេះ​កើតឡើង។ 
 
យ៉ាងណាក៏ដោយ ខាង​មន្ត្រីប៉ូលិស​បន្ត​ស្រាវជ្រាវ​និង​សាកសួរ​ជនសង្ស័យ​ទាំងនោះ​ថា តើ​ពួកគេ​មាន​បណ្តាញ​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែរ​ឬ​យ៉ាងណា។ អាជ្ញាធរ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា​វា​ជា​ទង្វើរ​ក្រុម​ភេរវជន​ឬ​យ៉ាងណាទេ ព្រោះ​ករណី​វាយប្រហារ​លើ​អ្នកទេសចរ​កម្រ​កើតឡើង​ណាស់​នៅលើ​ទឹកដី​បង់​ក្លា​ដែ​ស​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ តែ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ហិង្សា​ប្រដាប់អាវុធ​ក្រុម​ឥស្លាម​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។
 
ដោយឡែក​ជុំវិញ​ការប្រកាស​ទទួលខុសត្រូវ ក្រុម​រដ្ឋ​ឥស្លាម​កាលពី​ម្សិលមិញ បាន​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter បកស្រាយ​ពី​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់ខ្លួន​ដោយ​សម្លាប់​ជនជាតិ​ជប៉ុន​ខាងលើ។ 
 
ក្រៅពី​ចេញមុខ​ទទួលខុស​ត្រួវ ពួកគេ​ក៏​ផ្ញើរ​សារ​ព្រមាន ថា​នឹង​វាយប្រហារ​លើ​អ្នកទេសចរ​កាន់តែខ្លាំង​ជាង​មុន​នៅពេល​ខាងមុខ​ផងដែរ។ ក្រុម​នេះ​ថា៖« ចាប់ពីពេលនេះ​តទៅ​វា​នឹងមាន​ចលនា​វាយប្រហារ​លើ​ជនជាតិ​នៃ​ក្រុម​ប្រទេស​ដែល​ចូលរួម​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម។ ពួកគេ​នឹងមិន​មាន​សុវត្ថិភាព​ឬ​គ្មាន​ជីវិត​រស់​នៅទេ​កាលណា​គេ​នៅលើ​ទឹកដី​ឥស្លាម»។
 
បើតាម​ការបញ្ជា​ក់រប​ស់​អាជ្ញាធរ​បង់​ក្លា​ដែ​ស កាលពី​ប៉ុន្មាន​ថ្ងៃមុន ក្រុម​នេះ​ក៏បាន​ប្រកាសថា​ខ្លួន​នៅ​ពីក្រោយ​ករណី​ឃាតកម្ម​ជនជាតិ​អ៊ីតាលី​ម្នាក់​ដែរ​នៅ​បង់​ក្លា​ដែរ។ 
 
វា​ជា​អាច​រឿង​ពិត​ដែល​ករណី​សម្លាប់​អ្នកទេសចរ​បរទេស​នៅ​បង់​ក្លា​ដែ​ស​ពិតជា​អំពើ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម។ ប្រហែលជា៥ ទៅ៦ខែ​មុន ក្រុម​នេះ​បានប្រកាស​បង្កើត​សាខា​ខ្លួន​ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ី​កណ្តាល ក្នុងនោះ​មាន​ប្រទេស​ឥណ្ឌា​និង​អា​ហ្វ​ហ្កា​នី​ស្ថាន។ 
 
ក្រុម​នេះ​មាន​បណ្តា​ខ្លួន​រួចទៅហើយ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​ពួកគេ​កំពុង​ធ្វើ​ព្យុះភ្លៀង​គំរាមកំហែង​ប្រជាជន​ស្លូតត្រង់​ដែល​កំពុង​រង​ទុក្ខ​ព្រោះ​ក្រុម​តា​លី​បង់​ស្រាប់​នោះ។  
 
យ៉ាងណាក៏ដោយ ក្រោយ​បានទទួល​សារ​ព្រមាន​ពី​ក្រុម​ភេរវជន អាជ្ញាធរ​បង់​ក្លា​ដែ​ស បានប្រកាស​រឹតបន្តឹង​សន្តិសុខ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ។ ទាក់ទិន​នឹង​បញ្ហា​នេះ​ផងដែរ ស្ថានទូត​បរទេស​មាន​ជប៉ុន​និង​កូរ៉េ​ជាដើម​ដែល​ស្ថិតនៅ​បង់​ក្លា​ដែ​ស​បានចេញ​សេចក្តីជូនដំណឹង​ដល់​អ្នកការទូត និង​ប្រជាជន​ខ្លួន​នៅ​បង់​ក្លា​ដែ​ស​ឲ្យ​ប្រុងប្រយ័ត្ន​ដូចគ្នា៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com