ជាតិ
សង្គមជាតិ
ជនជាតិវៀតណាមជាង១៧០០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា រូបភាព៖ហ្វកប៊ុកនាយកដ្ឋានអន្តោប្រវេសន៍
× អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានរកឃើញ និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ បានចំនួន១,៩១៩នាក់ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០១៥នេះ។ ក្នុងចំណោមជនអន្តោប្រវេសន៍ទាំងអស់មានជនជាតិវៀតណាមចំនួន១,៧៩៤នាក់។
ក្នុងរយៈពេល៩ខែឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានរកឃើញ និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ បានចំនួន១,៩១៩នាក់ ស្រីចំនួន២៩០ រួមមាន៤៦សញ្ជាតិ។ នេះជាការបញ្ជាក់របស់លោក អ៊ុក ហៃសិឡាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោក បានថ្លែងប្រាប់សារព័ត៌មានថ្មីៗបន្តទៀតថា ក្នុងចំណោមជនអន្តោប្រវេសន៍ទាំងនោះមានជនជាតិវៀតណាមចំនួន១,៧៩៤នាក់ ក្នុងនោះស្រីចំនួន២៧៧នាក់។ បើតាមលោក អ៊ុក ហៃសិឡា ជនអន្តោប្រវេសន៍ទាំងនេះ គឺបានមករស់នៅ និងធ្វើការដោយខុសច្បាប់ នៅតាមការដ្ឋានសំណង់ សិប្បកម្មធ្វើតុទូ កាត់កញ្ចក់ អូសរទេះលក់អ៊ីវ៉ាន់ និងទិញ លក់អេតចាយជាដើម។
កន្លងមកក៏មានការសហការរវាងបប្រជាពលរដ្ឋ ជាមួយនឹងកម្លាំងសមត្ថកិច្ចដែរ ពាក់ព័ន្ធនឹងប្រតិបត្តិការតាមស្វែងរកជនអន្តោប្រវេសន៍ដែលលួចមកស្នាក់នៅ និងរកស៊ីដោយខុសច្បាប់នៅកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក អ៊ុក ហៃសិឡា នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ បន្ថែម និងពង្រឹងការសហការបន្តទៀត ព្រោះការសហការកន្លងមកនោះនៅមានតិចតួចនៅឡើយ។
លោក ក៏អំពាវនាវទៅដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម ឲ្យប្រើប្រាស់កម្លាំងក្នុងស្រុកឲ្យអស់លទ្ធភាព មុននឹងសម្រេចចិត្តជួលកម្មករជំនាញពីបរទេស និងកុំជួលកម្លាំងពលកម្មខុសច្បាប់ ត្រូវឲ្យពួកគាត់បំពេញបែបបទស្របតាមច្បាប់។
សូមបញ្ជាក់ថា រយៈពេលជាង១ ឆ្នាំមកនេះ អាជ្ញាធររកឃើញជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជាចំនួន៣,២២៦នាក់ រួមមាន៤៦សញ្ជាតិ ក្នុងនោះស្រីចំនួន៥៦៧នាក់។ ប៉ុន្តែបើរាប់តែជនជាតិវៀតណាម មានចំនួន២,៧៩៤នាក់ ក្នុងនោះស្រីចំនួន៥២២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com