អន្តរជាតិ
អេហ្ស៊ីបបញ្ឈឺលោកខាងលិចដោយសរសើរអន្តរាគមន៍រុស្ស៊ីនៅស៊ីរី
04, Oct 2015 , 4:09 pm        
រូបភាព
លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប
លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប
ខណៈដែលលោកខាងលិចបានរិះគន់និងចោទរុស្ស៊ីថាកំពុងព្យាយាមចាក់សាំងលើភ្លើងជម្លោះស៊ីរីដោយវាយប្រហារក្រុមឧទ្ទាមស៊ីរី អេហ្ស៊ីបបានចេញមុខកោតសរសើរលោក វ្ល៉ាឌីមៀ ពូទីន ទៅវិញ។អេហ្ស៊ីបថា អន្តរាគមន៍រុស្ស៊ីនឹងជួយទប់ស្កាត់ការកើនឡើងនៃឥទ្ធិពលរបស់ក្រុមរដ្ឋឥស្លាមនៅមជ្ឈិមបូព៌ា។


 
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បានថ្លែងកោតសរសើររដ្ឋាភិបាលរុស្ស៊ីដែលបានចូលរួមក្នុងបេសកកម្មកម្ចាត់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរីកាលពីថ្មីៗនេះ។ ប្រមុខការទូតអេហ្ស៊ីបរូបនេះបានថ្លែងថា សកម្មភាពយោធារបស់រុស្ស៊ីនៅក្នុងទឹកដីស៊ីរីជាអន្តរាគមន៍មួយដែលជួយទប់ទល់ការកើនឡើងនៃឥទ្ធិពលរបស់ក្រុមភេរជនរដ្ឋឥស្លាមនៅក្នុងទឹកដីស៊ីរី។
 
រុស្ស៊ីបានចេញមុខកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាម ដោយការទម្លាក់គ្រាប់បែកកាលពីពុធសប្តាហ៍នេះ ហើយយន្តហោះនិងឧទ្ធម្ភាគចក្ររុស្ស៊ីយ៉ាងហោចណាស់ ៥០គ្រឿងត្រូវពង្រាយដើម្បីប្រើប្រាស់ក្នុងយុទ្ធសាស្ត្រសង្គ្រាមនេះដែរ។ 
 
ការថ្លែងសរសើររបស់អេហ្ស៊ីបនេះ កំពុងធ្វើឲ្យលោកខាងលិចមានបារាំងនិងអាមេរិកក្រពុលមុខដែរ ដ្បិតថា ប្រទេសទាំងពីរចោទថារុស្ស៊ីយកលែសវាយប្រហារភេរវជនដើម្បីកម្ទេចក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលអាសាដ ដែលខ្លួនខំចំណាយលុយរាប់រយលានដុល្លារបំពាក់បំប៉នសមត្ថភាពប្រយុទ្ធ។ តែវាគ្មានអ្វីចម្លែកដែរ ព្រោះរុស្ស៊ីឆ្លៀតវាយក្រុមរដ្ឋឥស្លាមផង និងក្រុមឧទ្ទាមផង ដោយរៀនតាមក្រុមសម្ព័ន្ធអន្តរជាតិដែលដឹកនាំដោយអាមេរិកដែលវាយក្រុមរដ្ឋឥស្លាមផង និងឆ្លៀយសំពោងក្រុមអាសាស្ម័គ្ររបស់លោក អាសាដ ផងក្នុងពេលតែមួយ។ 
 
អេហ្ស៊ីបកន្លងមកក៏បានផ្តល់ជំនួយនិងការគាំទ្រខ្លះៗដែរដល់រដ្ឋាភិបាលក្រុងដាម៉ាសដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរជន។ នេះក៏ដោយសាររដ្ឋាភិបាលនេះចង់ឲ្យទប់ស្កាត់ការកើនឡើងនៃការគំរាមកំហែងដោយក្រុមភេរវជនក្នុងទឹកដីរបស់ខ្លួន។ 
 
អេហ្ស៊ីបបានបញ្ជាទិញសព្វាវុធពីរុស្ស៊ីច្រើន ហើយថ្មីៗនេះ អេហ្ស៊ីបស្រាប់តែប្រកាសទិញយកនាវាដឹកយន្តហោះ Mistral ដែលផលិតដោយក្រុមហ៊ុនបារាំង ហើយកាលដើមឡើយនាវានេះផលិតឲ្យរុស្ស៊ីឯណោះទេ។ ដោយសារបញ្ហាអ៊ុយក្រែនបារំាងបង្ខំចិត្តលុបចោលកិច្ចសន្យាជាមួយរុស្ស៊ី ហើយសុខចិត្តខាតលុយរាបរយលានថែមទៀតផង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com