ជាតិ
អាជ្ញាធរ​អប្សរា​រកឃើញ​រូបចម្លាក់​ទម្រង់​ជា​សន្លឹក​សីមា នៅ​ប្រាសាទបន្ទាយស្រី
05, Oct 2015 , 10:17 am        
រូបភាព
ដោយ: ថ្មីៗ
 
ក្រុមការងារ​អភិរក្ស​ប្រាសាទ​របស់​អាជ្ញាធរ​ជាតិ​អប្សរា កាលពីដើម​ខែតុលា កន្លងមក បាន​រកឃើញ​រូបចម្លាក់​ដែលមាន​ទម្រង់​ជា​សន្លឹក​សីមា​សម្រាប់​ដាក់​តាំង​លម្អ​នៅតាម​ជ្រុង​ប្រាសាទ ខណៈដែល​ពួកគាត់​បាន​កាយ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ប្រាសាទ។ យោងតាម​ការផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា រូបនេះ​មាន​ចម្លាក់​ជា​រូប​គ្រុឌ និង​មាន​ក្បាច់លម្អ​ព័ទ្ធជុំវិញ​ដែលមាន​ទំហំ​ទទឹង​ប្រវែង១២សង់​ទី ម៉ែត្រ និង​បណ្តោយ​ប្រវែង២៩សង់ទីម៉ែត្រ ធ្វើ​ពី​ថ្មភក់​ពណ៌​ក្រហម ក្នុង​ទម្រង់​រចនាប័ទ្ម​សម័យ​បន្ទាយស្រី។

 
លោក សារាយ គឹម​ហួល មន្ត្រី​អភិរក្ស​ប្រាសាទ​ប្រចាំ​នៅ​ប្រាសាទបន្ទាយស្រី បាន​បញ្ជាក់ថា ក្រុមការងា​អភិរក្ស​ប្រាសាទ​របស់​អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​បំពេញ​កិច្ច​ការថែទាំ​ជាប្រចាំ​នូវ​រាល់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ទូទៅ​ក្នុង​បរិវេណ​ប្រាសាទ​ក៏ដូចជា​ក្នុង​ឧទ្យាន​ទាំងមូល។ ដោយឡែក​ក្នុងពេល​កំពុង​កាយ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ប្រាសាទបន្ទាយស្រី​កាលពី​ព្រឹក​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥នេះ ក្រុមការងារ​ក៏បាន​ប្រទះឃើញ​រូបចម្លាក់​នេះ​ដោយ​ចៃដន្យ នៅ​ទីតាំង​ចម្ងាយ៤ម៉ែត្រ​ខាងកើត​ខ្លោងទ្វារ​ទី៣ ក្នុង​ជម្រៅ​ដី​ប្រមាណ​ជា១៥សង់ទីម៉ែត្រ។ 
 
បន្ទាប់ពី​បាន​ប្រទះឃើញ​ក្រុមការងារ​ក៏បាន​ធ្វើ​កំណត់ត្រា និង​លាង​សម្អាត​ដោយ​ចុះ​លេខ​បញ្ជី​ត្រឹមត្រូវ រង់ចាំ​ដើម្បី​ពិនិត្យមើល​លទ្ធភាព​ជួសជុល និង​រក្សាទុក​តាម​គោលការណ៍​បច្ចេកទេស៕
 

Tag:
 អាជ្ញាធរ​អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com