ជាតិ
​​​ន​យោ​បាយ​ជាតិ​
សំបុក​ឃ្មុំ​ចាប់ផ្តើម​ទាស់ទែង​គ្នា ដោយ​អនុប្រធាន​ត្រៀម​ប្តឹង​ឲ្យ​ផ្អាក​ដំណើរការ​គណបក្ស
05, Oct 2015 , 3:33 pm        
រូបភាព
លោក ម៉ម សូណង់ដូ និង​លោក ហ៊ាង រិទ្ធី ដែលកំពុងមាន​ទំនាស់​គ្នា
លោក ម៉ម សូណង់ដូ និង​លោក ហ៊ាង រិទ្ធី ដែលកំពុងមាន​ទំនាស់​គ្នា
អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ហ៊ាង រិទ្ធី ត្រៀម​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​សុំ​ឲ្យ​ផ្អាក​ដំណើរការ​គណបក្ស​ខ្លួន។ ការត្រៀម​ដាក់ពាក្យ​បណ្ដឹង​ធ្វើឡើង​ក្រោយពី​លោក ហ៊ាង រិទ្ធី និង​លោក ម៉ម សូណង់ដូ មាន​បញ្ហា​ជម្លោះផ្ទៃក្នុង​បក្ស​ជាមួយគ្នា។ ជាការ​ឆ្លើយតប លោក ម៉ម សូណង់ដូ បញ្ជាក់ថា លោក​ស្វាគមន៍​ចំពោះ​ពាក្យបណ្ដឹង​នោះ ហើយ​លោក​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ដើម្បី​ចូលខ្លួន​បកស្រាយ​ពី​បញ្ហា​ផ្ទៃក្នុង​បក្ស​ទៅ​តុលាការ។



ក្រោយពី​ធ្វើ​សមាជ​មិនទាន់បាន​មួយខែ​ផង គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ កំពុងមាន​បញ្ហា​រង្គោះរ​ង្គើ​ទំនាស់​ផ្ទៃក្នុង​បក្ស​យ៉ាងខ្លាំង រហូត​ឈានដល់​ការត្រៀម​ប្ដឹងផ្ដល់​គ្នា​បិទ​គណបក្ស​ទៀតផង។ អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ហ៊ាង រិ​ទ្ធី ដែលមាន​ទំនាស់​ផ្ទៃក្នុង​ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​នេះ នឹងដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​នៅក្នុង​សប្ដាហ៍​នេះ ដើម្បី​ទាមទារ​ឲ្យ​បិទ​ដំណើការ​គណបក្ស​ខ្លួន។ 
 
លោក ហ៊ាង រិទ្ធី បាន​បន្ថែមថា មកដល់ពេលនេះ​លោក​មិនបាន​ធ្វើការ​ជាមួយ​លោក ម៉ម សូណង់ដូ ទៀត​នោះទេ ក្រោយពី​លោក ម៉ម សូណង់ដូ ប្រើពាក្យ​បណ្ដេញ​លោក និង​សមាជិក​មួយចំនួនទៀត ចេញពី​គណបក្ស កាលពី​សប្ដាហ៍​មុន ។
ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ នៅ​ថ្ងៃ​ចន្ទ​នេះ​អនុប្រធាន​គណបក្ស​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា«ខ្ញុំ​នឹងដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ឲ្យ​ផ្អាក​ដំណើរ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ យ៉ាងយូ​មិន​ឲ្យ​លើស​សប្ដាហ៍​នេះ​ទេ។ ហើយ​ខ្ញុំ​នឹង​បកស្បែក​មុខ​លោក ម៉ម សូណង់ដូ ដែល​ពាក់​មុខ​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ ខ្ញុំ​នឹង​តស៊ូ​មតិ​រក​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ៣នាក់ និង​សមាជិក សមាជិកា​មួយចំនួនទៀត ដែល​ត្រូវបាន​លោក ម៉ម សូណង់ដូ ប្រើពាក្យ​ដកចេញ​ពី​គណបក្ស»។ 
 
ពាក់ព័ន្ធ​នឹង​ការត្រៀម​ប្ដឹង​នេះ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បញ្ជាក់ថា លោក​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ដើម្បី​ចូលខ្លួន​បកស្រាយ​ពី​បញ្ហា​ផ្ទៃក្នុង​បក្ស​ទៅ​តុលាការ ហើយ​លោក​ក៏​ស្វាគមន៍​ចំពោះ​ពាក្យបណ្ដឹង​នានា ពី​លោក ហ៊ាង រិទ្ធី ដែរ។ «ខ្ញុំ​អត់​មាន​បញ្ហា​នោះទេ បើ​គាត់​មាន​សិទ្ធិ​ប្ដឹង​ឲ្យ​ពួកគាត់​ប្ដឹងទៅ។ ខ្ញុំ​សប្បាយចិត្ត​ជម្រាប​ព័ត៌មាន​ទៅ​តុលាការ ហើយ​ខ្ញុំ​ស្វាគមន៍​ឲ្យ​រឿងនេះ​ផ្ទុះឡើង ដើម្បី​ឲ្យ​សាធារណៈជន បានដឹង​គ្រប់គ្នា »។ នេះ​ជាការ​អះអាង​របស់លោក ម៉ម សូណង់ដូ ដែល​បាន​ហៅ​លោក ហ៊ាង រិទ្ធី ថា «អ្នកចេះ​ច្បាប់​តែ​បែ​ជា​រំលោភបំពាន​ច្បាប់» មុននឹង​លោក​បន្ថែមថា ទំនាស់​ដែល​ឈានដល់​ការត្រៀម​ប្ដឹង​បិទ​ដំណើរការ​គណបក្ស​នេះ កើតឡើង​ក្រោយពី​អនុប្រធាន​បក្ស​ទាំង​ពីររូប​គឺ​លោក ហ៊ាង រិទ្ធី និង​លោក ហារី សំអាត មានទំនាស់​ផ្ទៃក្នុង​បក្ស​ជាមួយគ្នា ទើប​បង្ក​ឲ្យ​មាន​បញ្ហា​រង្គោះរង្គើ​រហូត​ដល់​មានការ​ត្រៀម​ប្ដឹង​បិទ​គណបក្ស​នេះ។ 
 
ប្រធាន​គណបក្ស​រូបនេះ បញ្ជាក់ថា៖«លោក ហ៊ាង រិទ្ធី បាន​យក​រឿង​លោក ហារី សំអាត ដែលមាន​បំណង​ដឹកនាំ​សមាជិក​បក្ស​ចូលរួម​ជាមួយ​គណបក្ស​ដទៃទៀត​នោះ ទៅប្រាប់​សារព័ត៌មាន​ដទៃទៀត ថា​បណ្ដេញ​លោក ហារី សំអាត ចេញពី​បក្ស ជំនួស​ខ្ញុំ​ដែលជា​ប្រធាន​គណបក្ស។ ហើយ​ខ្ញុំ​ជា​មនុស្ស​ចាស់​មួយរូប ខ្ញុំ​ត្រូវ​រកហេតុ​ផល ត្រូវ​គិត​ឲ្យ​បាន​ច្បា​ស់សិន មុននឹង​សម្រេចចិត្ត​ដក​លោក ហារី សំអាត តែ​លោក ហ៊ាង រិទ្ធី ប្រាប់​សារព័ត៌មាន​ថា លោក ហារី សំអាត ត្រូវ​ដកចេញ​ពី​បក្ស»។
 
តែ​យ៉ាងណា​លោក ហ៊ាង រិទ្ធី បាន​ច្រានចោល​ការលើកឡើង​រប​ស់លោក ម៉ម សូណង់ដូ។ លោក ហ៊ាង រិទ្ធី បដិសេធថា លោក​មិនដែល​មានទំនាស់​ជាមួយ​លោក ហារី សំអាត នោះឡើយ ។ ហើយ​ការសម្រេច​ដក​លោក ហារី សំអាត នេះ គឺ​ត្រូវបាន​គណៈកម្មការ​ពិន័យ​អនុម័ត​ដកចេញ​ពី​បក្ស ដូច្នេះ​លោក​គ្រាន់តែ​បកស្រាយ​តាម​ការអនុម័ត​ប៉ុណ្ណោះ។ 
 
អនុប្រធាន​គណបក្ស​រូបនេះ ក៏​ចោទប្រកាន់​លោក ម៉ម សូណង់ដូ វិញ​ថា ជា​អ្នកដឹកនាំ​មិន​ត្រឹមត្រូវ ដោយ​កាន់ជើង​លោក ហារី សំអាត អនុប្រធាន​គណបក្ស​ម្នាក់ទៀត ដែល​បានធ្វើ​ខុសពី​លក្ខន្ដិកៈ​គោលការណ៍​គណបក្ស។
 
គួរ​បញ្ជាក់ថា បញ្ហា​ផ្ទៃក្នុង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​កំពុង​រង្គោះរង្គើ​នៅពេលនេះ កើតឡើង​ក្រោយពី​អនុប្រធាន​គណបក្ស​នេះ គឺ​លោក ហារី សំអាត បាន​ដឹកនាំ​មន្ត្រី និង​សកម្មជន​បក្ស មានបំណង​ចូលរួម​ជាមួយ​គណបក្ស​ថ្មី​មួយទៀត ដែល​ត្រូវបាន​គណៈកម្មការ​ពិន័យ​អនុម័ត​ដកចេញ​ពី​បក្ស តែ​ប្រធាន​គណបក្ស​លោក ម៉ម សូណង់ដូ មិនទាន់​សម្រេច​ដកចេញ។
 
គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទើបតែ​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ កាល​ថ្ងៃទី ៩ ខែ កញ្ញា  ដោយ​លោក ម៉ម សូណង់ដូ ធ្វើជា​ប្រធាន​បក្ស និង​អនុប្រធាន​បក្ស​ពីររូប​ទៀត គឺ​លោក​បណ្ឌិត ហ៊ាង រិទ្ធី អ្នកវិភាគ​ស្ថានការណ៍​នយោបាយ  និង​លោក ហារី សំអាត តែ​មិន​បែងចែក​អនុប្រធាន​ទី ១ និង​ទី ២ ឡើយ៕
 

Tag:
 គណបក្ស​សំបុក​ឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com