អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​អាសាដ៖ អន្តរាគមន៍​យោធា​រុស្ស៊ី​នៅ​ស៊ី​រី ជា​ជំនួយ​ដ៏​សំខាន់​នៅ​មជ្ឈិមបូព៌ា​ទាំងមូល
05, Oct 2015 , 4:46 pm        
រូបភាព
មេដឹកនាំ​ស៊ី​រី​បា​សារ អាល​អាសាដ សម្ដែង​ការ​សាទរ​ចំពោះ​ប្រតិបត្តិការ​យោធា​របស់​រុស្សី​ក្នុងការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម ខណៈ​លើកឡើង​ពី​ការបរាជ័យ​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។ មេដឹកនាំ​ស៊ី​រី​រូបនេះ ក៏​ព្រមាន​ពី​មហន្តរាយ​ក្នុង​តំបន់ ប្រសិនបើ​អន្តរាគមន៍​របស់​រុស្សី​បរាជ័យ។

 

លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ


 
ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​មួយ​របស់​អ៊ីរ៉ង់ ប្រធានាធិបតី​ស៊ី​រី​លោក​បា​សារ អាល​អាសាដ (Bashar al-Assad) បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​អន្តរាគមន៍​យោធា​របស់​រុស្សី​ក្នុងប្រទេស​ស៊ី​រី។ លោក បាន​អះអាងថា សម្ព​ន្ធ័​របស់​ស៊ី​រី​ដែលមាន​រុស្ស៊ី អី​រ៉ា​ក់ និង អី​រ៉ង់ ត្រូវតែ ទទួល​ជ័យជម្នះ​លើ​ប្រតិបត្តិការ​ក​ម្ចេ​ច​ក្រុម​រដ្ឋ​ឥស្លាម បើ​មិន​ដូច្នេះ​ទេ តំបន់​មជ្ឈិមបូព៌ា ទាំងមូល​នឹងត្រូវ​បាន​បំផ្លាញ។ 
 
ការលើកឡើង​របស់​មេ​ដឹកនាំ​ស៊ី​រី បាន​ធ្វើឡើង​ស្របពេល​រុស្សី​កំពុង​បង្កើន​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ដែល​បាន​ឈាន​ចូលដល់​ថ្ងៃទី៥ហើយ។ យន្តហោះ​ចំបាំង​រុស្សី​បាន​វាយប្រហារ​តាម​ដែនអាកាស​ជាច្រើនលើក ទៅលើ​ទីតាំង​នានា​របស់​ក្រុម​ឥស្លាម​ជ្រុលនិយម។ ក៏ប៉ុន្តែ ប្រតិបត្តិការ​នេះ ត្រូវបាន ក្រុម​ប្រទេស​លោកខាងលិច ចោទ​រុស្សី​ថា​ធ្វើការ​វាយប្រហារ​តែ​លើ​ក្រុម​បះបោរ​ប្រឆាំង​លោក​អាសាដ​តែប៉ុណ្ណោះ មិនមែន​ក្រុម​រដ្ឋ​ឥស្លាម​នោះទេ។
 
ឆ្លៀតពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​អី​រ៉ង់ លោក​អាសាដ ក៏បាន​ឆ្លើយតប​នឹង​ក្រុម​ប្រទេស​លោកខាងលិច ដែល​ចង់ឱ្យ​លោក​ចុះ​ចេញពី​តំណែង​ផងដែរ។ លោក សង្កត់ធ្ងន់ថា​នយោបាយ​ស៊ី​រី គឺ​អាស្រ័យ​លើ​ប្រជាជន​ស៊ី​រី​ជា​អ្នកកំណត់​ជោគវាសនា​របស់ខ្លួន ថា​តើន​រណា​ជា​អ្នកដឹកនាំ​ស៊ី​រី មិនមែន​ក្រុម​មេដឹកនាំ​ប្រទេស​លោកខាងលិច​នោះទេ។
លោក​បន្ថែមទៀតថា​ប្រសិនបើ​ការចាកចេញ​របស់លោក​ជា​ដំណោះស្រាយ​នៃ​ការបញ្ចប់​នៃ​វិបត្តិ លោក​មិនមាន​ការស្ទាក់ស្ទើរ​ក្នុងការ​ចាក​ចេញពី​តំណែង​ឡើយ។ 
 
បន្ទាប់ពី​បាន​ឆ្លើយតប នឹង​ការលើកឡើង​របស់​ក្រុម​លោកខាងលិច លោក​អាសាដ ក៏បាន​រិះគន់​ប្រតិបត្តិការ​យោធា​ដែល​ដឹកនាំ​ដោយ​អាមេរិក​ដែល​មិនបាន​សម្រេច​អ្វី​ជា​ដុំកំភួន​អ្វី​សោះ  ក្រៅពី​ការបន្ត​ឱ្យមាន​ការប្រយុទ្ធ​គ្នា​រវាង​ក្រុមផ្សេងៗនៅក្នុង​តំបន់​នោះ។ 
 
សូម​បញ្ជាក់ដែរថា ជម្លោះ​ក្នុងប្រទេស​ស៊ី​រី កាន់តែ​ផុង​ជ្រៅ​រក​ដំណោះស្រាយ​មិនឃើញ ខណៈ​ជនភៀសខ្លួន​រាប់លាន​នាក់ បាន​ចាក​ចេញពី​ប្រទេស​ទៅ​រស់នៅ​ប្រទេសជិតខាង និង​រាប់ម៉ឺន​នាក់​ទៀត បាន​ផ្សង​ព្រ​ង​ទៅកាន់​តំបន់​អឺរ៉ុប​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ទីនោះ។ ដោយឡែក សម្រាប់​ការ​វាតទី​របស់​ក្រុម​រដ្ឋ​ឥស្លាម​វិញ កាន់តែ​បង្កើន​កម្តៅ​ខ្លាំងឡើងៗ ដែល​ជំរុញ​បញ្ហា​នេះ ឲ្យ​កាន់តែ​ស្មុគស្មាញ ដ្បិត​មានការ​ប្រឈមមុខគ្នារ​វាង​សម្ព​ន្ធ័​មហាអំណាច​ក្នុង​កិច្ច​អន្តរាគមន៍​លើ​បញ្ហា​នេះ៕ 
 

Tag:
 ​រុស្ស៊ី​
  ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com