អន្តរជាតិ
នយោបាយអន្តរជាតិ
NATO ព្រមានរុស្ស៊ីបញ្ឈប់ប្រតិបត្តិការយោធានៅស៊ីរីនិងតួកគីជាបន្ទាន់
× សម្ពន្ធ័យោធាណាតូ បានប្រតិកម្មខ្លាំងចំពោះប្រតិបត្តិការយោធារុស្ស៊ីនៅក្នុងដែនអធិបតេយ្យស៊ីរី និង តួកគី ដ្បិត ពួកគេ ចាត់ទុកថារុស្ស៊ីវាយកម្ទេចតែក្រុមបក្សប្រឆាំងរដ្ឋាភិបាលស៊ីរី និងចូលដែនអាកាសតួកគីដោយគ្មានការអនុញ្ញាត។ បន្ថែមពីនេះ សម្ពន្ធ័យោធាណាតូ បានព្រមានរុស្ស៊ីឲ្យបញ្ឈប់សកម្មភាពខ្លួន ជាបន្ទាន់។
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ
កាលពីថ្ងៃម្សិលមិញនេះ ក្រុមសម្ពន្ធ័យោធាណាតូ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រតិបត្តិការកងទ័ពរុស្ស៊ីនៅដែនអាកាសរបស់តួកគី និង ថែមទាំងព្រមានរុស្ស៊ីឲ្យបញ្ឈប់នូវការវាយ ប្រហារទៅលើបក្សប្រឆាំងរដ្ឋាភិបាលស៊ីរី និង ជនស៊ីវិល។
ចូលដល់ថ្ងៃទី៦ហើយដែលរុស្ស៊ីបានបើកប្រតិបត្តិការវាយកម្ចាត់ក្រុមរដ្ឋឥស្លាមនៅស៊ីរីនិង ក្បែរតួកគី។ ប្រតិបត្តិការនេះ មិនទទួលបានការសាទរពីក្រុមលោកខាងលិចជាពិសេសក្រុមសម្ព័ន្ធយោធាណាតូដែលមានការផ្គត់ផ្គង់ពីអាមេរិកនោះទេ។
ជុំវិញប្រតិបត្តិការរុស្ស៊ីនេះ បានជំរុញឲ្យណាតូ ត្រូវកោះប្រជុំសមាជិករបស់ខ្លួនទាំង២៨ជាបន្ទាន់ដើម្បីពិភាក្សាលើយន្តការដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារុស្ស៊ី។ ហើយក្រោយកិច្ចប្រជុំបានបញ្ចប់ ណាតូ បានប្រកាសប្រឆាំងដាច់ខាតចំពោះប្រតិបត្តិការនេះ ហើយបានចោទរុស្ស៊ីថាបានបំពានទៅក្នុងដែនអាកាសរបស់ណាតូថែមទៀតផង។
សម្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃឺរី (John Kerry) ក៏បានសម្តែងការព្រួយបារម្ភចំពោះ ប្រតិបត្តិការរបស់យោធារុស្ស៊ីដែរ។ លោក ក៏បានព្រមាន ប្រសិនទ័ពរុស្ស៊ីនៅតែរំលោភចូលដែនអធិបតេយ្យរបស់ណាតូ នោះវាអាចមានការឆ្លើយតបតាមរយៈ ការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីតែម្តង។
ជុំវិញបញ្ហានេះដែរ រុស្សីបានសុំទោសរដ្ឋាភិបាលតួកកី ចំពោះករណីរំលោភចូលដែនអាកាសតួកគី ដោយបានអះអាងថា កត្តាអាកាសធាតុជាមូលហេតុចម្បងដែលបណ្ដាលឱ្យយន្តហោះរបស់ខ្លួនហោះចូលដែនអាកាសតួកគី។ លោក បន្ថែមទៀតថា រុស្សីតែងតែគោរពអធិបតេយ្យតួកគី និង សន្យាមិនឲ្យបញ្ហានេះកើតឡើងម្ដងទៀតនោះទេ។
យ៉ាងណាក៏ដោយ ទាំងប្រតិបត្តិការសម្ពន្ធ័យោធាណាតូ និង រុស្ស៊ី សុទ្ធសឹងតែទទួលបានការព្រមានពីសហគមន៍អន្តរជាតិ។ នេះ ក៏ព្រោះតែប្រតិបត្តិការរបស់ក្រុមយោធាទាំងនោះ ហាក់ដូចជាមិនមានឥទ្ធិពលទៅលើក្រុមឧទ្ទាមនិងរដ្ឋឥស្លាមទាល់តែសោះ ពោលគឺភាគច្រើនមានតែជនស៊ីវិលដែលទទួលរងគ្រោះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com