ពីនេះ ពីនោះ
ជីវិតផ្ដើមចេញពីចំនុចសូន្យ បញ្ចប់ក៏នៅត្រឹមចំនុចសូន្យ
× កើត ចាស់ ឈឺ ស្លាប់ គឺជាច្បាប់ធម្មជាតិនៃជីវិតរបស់ភាវៈដែលជាទូទៅនៅក្នុងទ្រឹស្ដីព្រះពុទ្ធសាសនាបានលើឡើងដើម្បីរំលឹកដាស់តឿន និងអប់រំចិត្តដល់ជនប្រុសស្រីទាំងឡាយ កុំឲ្យវិលវលជាមួយរបស់ដែលជាអនត្តា ដែលមិនថិតថេរ។ ប៉ុន្តែអ្វីដែលសំខាន់គឺនៅត្រង់ថាមនុស្សគ្រប់រូបតែងតែ មានមោទនភាពចំពោះខ្លួនឯងថា ខ្លួនកើតមកមានលក្ខណៈអស្ចារ្យ និងមោទនភាពចំពោះជីវិតថា កើតមកមានអ្វីៗគ្រប់យ៉ាង។ តែផ្ទុយទៅវិញជីវិត គឺគ្មានអ្វីទាំងអស់ ហើយបញ្ចប់ទៅវិញក៏មិនអាចនាំអ្វីទៅជាមួយបានដែរ។
ព្រោះតែជីវិតកើតមកគ្មានយកអ្វីមកជាមួយបែបនេះហើយ ទើបមនុស្សខិតខំស្វែងរកអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញតម្រូវការជីវិត និងកំដរជីវិតដើម្បីឆ្ពោះទៅរកទីបញ្ចប់វិញ។ ព្រោះតែមិនចង់ឲ្យជីវិតទទេស្អាតទើបមនុស្សព្យាយាមស្វែងរកចំណេះដឹង ធ្វើការងារ កសាងគ្រួសារ ដើម្បីស្វែងរកសុភមង្គលជូនជីវិត។ មនុស្សខិតខំស្វែងរកទ្រព្យសម្បត្តិដើម្បីបំពេញតម្រូវការជីវិត។ មនុស្សប្រឹងកសាងកេរ្តិ៍ឈ្មោះ កិត្តិយស បង្កើតស្នាដៃ ដើម្បីកុំឲ្យជីវិតរលត់ទៅវិញទាំងឥតន័យ។ មនុស្សស្វែងរកសិទ្ធិ ស្វែងរកសេរីភាព ព្រោះមិនចង់ឲ្យជីវិតរបស់ខ្លួនទទួលការរំលោភបំពាន។ មនុស្សមានជំនឿលើសាសនា គោរពអាទិទេព ព្រោះតែមិនដឹងថា អំពើរដែលខ្លួនធ្វើខុសឬត្រូវ មានបាបឬគ្មាន ហើយមិនដឹងថា ក្រោយជីវិតខ្លួនសូន្យទៅ ទៅនៅទីណាឲ្យពិតប្រាកដ ទើបនាំគ្នាគោរព និងជឿលើសាសនា និងអាទិទេព ដោយសង្ឃឹមក្នុងចិត្តថា អាចនឹងជួយរំដោះខ្លួនពីសេចក្ដីទុក្ខវេទនានៅពេលខាងមុខ។
ជារួមមក ទោះបីការខិតខំប្រឹងប្រែងរបស់មនុស្សគ្រប់បែបយ៉ាង យ៉ាងណាក៏ដោយ ក៏ដំណើរវិវត្តនៃរាងកាយឈានទៅរកប្រភពដើមវិញ នោះគឺការសូន្យអស់អត្ថិភាពនៃជីវិតពីលើលោកនេះគង់តែមកដល់។ ចំណែកអ្វីៗដែលមនុស្សបានប្រឹងប្រែងរកទាំងប៉ុន្មាន ក្លាយជារបស់ឥតន័យ គ្មានតម្លៃក្នុងការជួយឲ្យជីវិតនេះបន្តទៅទៀតបាន។ ចុះបើបែបនេះ ហេតុអ្វីជនមួយចំនួននៅតែបន្តរធ្វើនូវអំពើបាប ឈ្នានីសអ្នកដទៃ សងសឹកអ្នកដទៃ ចង់ឈ្នះអ្នកដទៃបន្តរទៀត? តើធ្វើបែបនេះបានអ្វីមកជាប្រយោជន៍វិញ?
© រក្សាសិទ្ធិដោយ thmeythmey.com