អន្តរជាតិ
នយោបាយអន្តរជាតិ
កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(TPP)ជាឱកាសឬបណ្តាសាលើពាណិជ្ជកម្ម?
×
ក្រោមការចរចាជាសម្ងាត់អស់រយៈពេលប្រមាណ៥កន្លងទៅនេះ ភាគីប៉ាស៊ីហ្វិកទាំងពីររដ្ឋ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលទំហំមានស្មើនឹង៤០ភាគរយនៃសេដ្ឋកិច្ចពិភពលោក។ កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ នឹងធ្វើឲ្យលែងមានរបាំងពាណិជ្ជកម្មរវាងរដ្ឋប៉ាស៊ីហ្វិកទាំង១២ទៀតហើយ។ មេដឹកនាំដែលជាភាគីនៃកិច្ចព្រមព្រៀងនេះ សម្តែងការសាទរយ៉ាងខ្លាំង ខណៈ កិច្ចព្រមព្រៀងនោះមិនទាន់ទទួលបានការផ្តល់សច្ចាប័នពីរដ្ឋនីមួយៗនៅឡើយនោះទេ។
លោក ទេព អ៊ីវិសាល លម្អិតព័ត៌មាននេះ
ម្សិលមិញ សហរដ្ឋអាមេរិក និង រដ្ឋប៉ាស៊ីហ្វិក១១ផ្សេងទៀត បានសម្រេចបាននូវកិច្ចព្រមព្រៀងភាព ជាដៃគូអន្តរប៉ាស៊ីហ្វិកជាប្រវត្តិសាស្ត្រមួយដែលបានចរចាដោយសម្ងាត់អស់រយៈជាងប្រាំឆ្នាំមកហើយនោះ។ កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប៉ាស៊ីហ្វិកកាន់ធំនិងធ្វើឲ្យមានបទដ្ឋានពាណិជ្ជម្មរួមនៅក្នុងតំបន់ប៉ាស៊ីហ្វិក។
១. អ្វីជាកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក?
ចុងក្រោយកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលជាកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសរដ្ឋប៉ាស៊ីហ្វិកទាំង១២ បានឈានចំណុចរួមមួយ។ កិច្ចព្រមព្រៀងនេះ នឹងផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការលុបបំបាត់របាំងពន្ធគយលើទំនិញរាប់ម៉ឺនមុខ ការកំណត់បទដ្ឋានពលកម្មនិងបរិស្ថាន និង ការការពារកម្មសិទ្ធិបញ្ញាផងដែរ។ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក បានបង្កើតឡើងដើម្បីជំរុញ និង បង្កើននូវពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក អូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និង វៀតណាម។
២. មេដឹកនាំបានសាទរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ជុំវិញនៃកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះ បានធ្វើឲ្យមេដឹកនាំដែលជាភាគីបានស្វាគមន៍ ដោយរពឹងថា ពួកគេនឹងអាចបង្កើនទំហំពាណិជ្ជកម្មកាន់តែច្រើន។ ក្នុងនោះ លោកប្រធានាធិបតីអាមេរិក ប៉ារ៉ាក់ អូប៉ាម៉ា បញ្ជាក់ថាកិច្ចព្រមព្រៀងនេះ នឹងបង្កើតឲ្យមានតំបន់ពាណិជ្ជកម្មពិភពលោកធំបំផុត។ ហើយកិច្ចព្រមព្រៀងនេះ បង្ហាញពីតម្លៃរបស់ប្រជាជនអាមេរិក និង ធ្វើឲ្យទំនិញអាមេរិកនាំចេញទៅកាន់ទូទាំងពិភពលោក ។ លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី Malcolm Turnbull អះអាងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក នឹងផ្តល់ផលចំណេញដ៏សម្បើមសម្រាប់អូស្ត្រាលី និង ជាមូលដ្ឋានមួយដ៏សំខាន់សម្រាប់ភាពរុងរឿងនៃអូស្ត្រាលី។ សម្រាប់លោកនាយករដ្ឋមន្ត្រីជប៉ុនលោក ស្ហ៊ិនហ្សូ អាបេ ក៏មិនខុសពីមេដឹកនាំផ្សេងទៀតដែរ។លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀង មិនមែនជាលទ្ធផលដ៏សំខាន់របស់ជប៉ុននោះទេ តែវាក៏សម្រាប់តំបន់ ប៉ាស៊ីហ្វិកទាំងមូលតែម្តង។
៣. បញ្ហាប្រឈម
តាមពិតទៅ កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ក៏ជាផ្នែកមួយដែលសហរដ្ឋអាមេរិកបង្កើតឡើង ដើម្បីប្រជែងជាមួយចិនដែលជាមហាយក្សសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ដែលមានឥទ្ធិពលក្នុង តំបន់ប៉ាស៊ិហ្វិក។ យ៉ាងណាក៏ដោយ បើយើងក្រឡេកមើល កិច្ចព្រមព្រៀងឲ្យបានស៊ីជម្រៅនោះ យើង ឃើញថា កិច្ចព្រមព្រៀងនេះ នៅមានបញ្ហាប្រឈមច្រើន។ នោះក៏ព្រោះកិច្ចព្រមព្រៀង មិនទាន់ត្រូវ បានផ្តល់សច្ចាប័នពីរដ្ឋភាគីនីមួយៗនោះទេ ពោលគឺវាគ្រាន់តែជាការព្រមព្រៀងគ្នាលើចំណុចរួមតែប៉ុណ្ណោះ។ ចំណុចនេះ មានន័យថាដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តបាន ត្រូវឆ្លងកាត់នូវការអនុម័តដោយសភាដែលជាតំណាងប្រជាជនរបស់រដ្ឋនីមួយ។
ជុំវិញបញ្ហានេះដែរ សភារដ្ឋនីមួយៗ អាចនឹងមានបញ្ហាប្រសិនបើប្រជាជនមានការជំទាស់។ មូលហេតុ នោះគឺ កាលណាមានលំហូរពាណិជ្ជកម្ម ក្រុមហ៊ុន និងកម្មករដោយសេរី នឹងធ្វើឲ្យមានការគំរាម កំហែងដល់ក្រុមហ៊ុនក្នុងស្រុក ជាពិសេសនោះ ប្រជាជនដែលមានជំនាញទាបអាចត្រូវបាត់បង់ឱកាសការងាររបស់ពួកគេ។
មួយវិញទៀត វាអាចចម្រូងចម្រាសខ្លាំងនោះគឺ ការកំណត់មុខទំនិញដែលនឹងត្រូវការការពារនិង ផលិតផលដែលត្រូវនាំចេញនាំចូលដោយសេរីផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com