ជាតិ
សេដ្ឋកិច្ច
ចំណូល​ពន្ធដារ​មាន​ជិត១ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល៩ខែ
07, Oct 2015 , 9:36 am        
រូបភាព
 
ក្នុង​រយៈពេល៩ខែ ឆ្នាំ២០១៥ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធដារ-អាករ​គ្រប់​ប្រភេទ បាន​ជិត១ពាន់​លាន​ដុល្លារ​អាមេរិក។ ចំណូល​នេះ​កើនឡើង២៥.៥៣ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៤ ។ ដើម្បី​ប្រមូល​ចំណូល​ពន្ធ​ឲ្យ​គ្រប់​តាម​ផែនការ អគ្គនាយកដ្ឋាន បាន​ប្តេជ្ញា​បន្ត​ពង្រឹង និង​អនុវត្តន៍​ផែនការ​នានា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ខណៈ   ការិយាល័យ​ចុះបញ្ជី និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ពន្ធដារ ក៏ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ផងដែរ ដើម្បី​ធានា​នូវ​ភាពជឿ​ទុកចិត្ត ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ ។

 
អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ បាន​ចំនួន៣,៩៨៩,២៤៥.៩១លាន​រៀល ស្មើនឹង៩៩៧.៣១លាន​ដុល្លារ ក្នុង​រយៈពេល៩ខែ ឆ្នាំ២០១៥នេះ។ ចំណូល​នេះ កើនឡើង​ចំនួន២៥.៥៣ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៤ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ។ 
 
បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ចំណូល​ពន្ធ​សម្រាប់​ខែកញ្ញា មានការ​កើនឡើង​ផងដែរ។ នៅក្នុង​កញ្ញា អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំ    ណូ​ល​ពន្ធ-អាករ​គ្រប់​ប្រភេទ​បាន​សរុប​ចំនួន៣៩៨,០៥៧.៥០លាន​រៀល ស្មើនឹង​ចំនួន៩៩.៥១លាន​ដុល្លារ កើនឡើង២៥.១៦ភាគរយ​បើ​ធៀប​នឹង​ចំណូល​កាលពី​ខែកញ្ញា ឆ្នាំ២០១៤ ។ 
 
ដើម្បី​ធានា​នូវ​ភាព ជឿទុកចិត្ត ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ ទៅដល់​ប្រជាពលរដ្ឋ  ការិយាល័យ​ចុះបញ្ជី និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ពន្ធដារ ក៏ត្រូវ​បាន​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផងដែរ នៅក្នុង​កិច្ចប្រជុំ​បូក​លទ្ធផល​ប្រមូល​ចំណូល ពន្ធ​ប្រចាំ​ខែកញ្ញា និង​ត្រីមាស​ទី៣ឆ្នាំ២០១៥ កាលពី​ថ្ងៃទី៦ខែតុលា។ ការិយាល័យ​ថ្មី​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង រក្សាទុក​រាល់​ទិន្នន័យ​របស់​អ្នក​ជាប់ពន្ធ និង​រៀបចំ​ប្រព័ន្ធ​Cooling System ដែលជា​ប្រព័ន្ធ​សុវត្ថិភាព​ក្នុងការ​ថែរក្សា​មជ្ឈមណ្ឌល​ទិន្នន័យ(Deta Center) ដែល​ស្ថិតក្នុង​អរ​គា​សាលា​ជាតិ​ពន្ធដារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ច្រកចេញ ចូល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ ឆ្លងកាត់​ប្រព័ន្ធ​សុវត្ថិភាព​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ។
 
បើទោះបីជា​ការប្រមូល​ចំណូល​ពន្ធ​មានការ​កើនឡើង​ក៏ពិតមែន រដ្ឋាភិបាល​នៅតែ​ប្តេជ្ញា​បន្ត​ពង្រឹង និង​អនុវត្តន៍​ផែនការ​នានា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បី​ប្រមូល​ចំណូល​ពន្ធ​ឲ្យ​គ្រប់​តាម​ផែនការ​កំណត់ដោយ​ច្បាប់។  អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង បន្ត​ពង្រឹង​ការប្រមូល​ពន្ធ​គ្រប់​ប្រភេទ ពិសេស​លើ​ផលិតផល​បារី និង​ស្រា​បៀ  ពង្រឹង​ការចុះបញ្ជី​តាម​ប្រព័ន្ធ​ថ្មី​ឲ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​របស់​សហគ្រាស ទិន្នន័យ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី និង​បន្ត​ជំរុញ ការប្រមូល​ពន្ធ​លើ​វិស័យ​សំណង់​ជាដើម៕
 

Tag:
 អគ្គនាយកដ្ឋាន​ពន្ធដា​រ
  ចំណូល​ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com