កីឡាអន្តរជាតិ
អន្តរជាតិ
នយោបាយអន្តរជាតិ
ស្តេចប្រដាល់ហ្វីលីពីន Pacquiao ប្រកាសប្រជែងយកកៅអីព្រឹទ្ធសភា
×
អ្នកប្រដាល់លំដាប់ពិភពលោក និងជាសមាជិកសភារបស់ហ្វីលីពីន កីឡាករ Manny Pacquiao បានប្រកាសថាលោក នឹងឈរឈ្មោះប្រជែងយកកៅអីព្រឹទ្ធសភានាការបោះឆ្នោតនាអំឡុងខែឧសភា ឆ្នាំក្រោយ។
Pacquiao គឺជាបុគ្គលដែលប្រជាជនហ្វីលីពីនភាគច្រើនស្គាល់ថាមាន ប្រជាប្រិយភាព និងទ្រព្យសម្បត្តិស្តុកស្តម្ភ បាននិយាយកាលពីដើមសប្តាហ៍ថា លោកនឹងប្រជែងយក មួយកៅអីក្នុងចំណោមកៅអីទាំង១២ក្នុងព្រឹទ្ធសភានាការបោះឆ្នោតខែឧសភាខាងមុខនេះ។
កីឡាករប្រដាល់វ័យ ៣៦ឆ្នាំរូបនេះមិនបាននិយាយពី ឥស្សរជន ឬ បក្សណាមួយដែលចូលរួមប្រកួតប្រជែងជាមួយលោកក្នុងព្រឹទ្ធសភានោះទេ។ បើនិយាយពីការគាំទ្រ រាល់ការប្រកួតរបស់ Pacquiao មិនថាប៉ូលីសទាហាន ឬ មេបញ្ជាការធំៗនៅក្នុងប្រទេសហ្វីលីពីនទេតែងតែសម្រាកពីការងារដើម្បីគាំទ្រ និងទស្សនាការប្រកួត។ សូម្បីតែក្រុម ម៉ៅនិយម និងក្រុមអ៊ីស្លាមជ្រុលនិយមមួយចំនួនដែលតែងតែប្រយុទ្ធប្រឆាំងរដ្ឋាភិបាលនៅភាគខាងត្បូងប្រទេសនេះក៏ផ្អាកដើម្បីមើលការផ្សាយនៃការប្រកួតរបស់ Pacquiao ដែរ។
សូមរម្លឹកថា Pac-Man បានចាញ់ក្នុងការប្រកួតដែលមានតម្លៃថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រប្រដាល់ក្រោមដៃកីឡាករប្រដាល់អាមេរិក Floyd Mayweather កាលពីខែឧសភាកន្លងទៅ។ ក្រោយការប្រកួតនេះកីឡាករទាំងពីរក៏បានកត់ចូលក្នុងបញ្ជីកំណត់ត្រារបស់ទស្សនាវដ្តី Forbes ផងដែរ សម្រាប់តារាល្បីដែលទទួលបានប្រាក់តម្លៃខ្លួនខ្ពស់ជាងគេបំផុតទាំង១០០នាក់របស់ពិភពលោក។
នាការបោះឆ្នោតខែឧសភាខាងមុន ប្រជាជនហ្វីលីពីនជាង៥៤លាននាក់ នឹងទៅបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីថ្មី រួមទាំងសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលមូលដ្ឋានប្រមាណ១៨០០០រូបផងដែរ ដែលការបោះឆ្នោតនេះធ្វើឡើងជារៀងរាល់៦ឆ្នាំម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com