អន្តរជាតិ
នយោបាយអន្តរជាតិ
អូស្ត្រាលី កំពុងស្វែងរកប្រទេសថ្មីសម្រាប់តាំងលំនៅជនភៀសខ្លួន បន្ទាប់ពីកម្ពុជា
×
រដ្ឋាភិបាលអូស្ត្រាលី អះអាងថាអូស្ត្រាលី កំពុងស្វែងរកប្រទេសផ្សេងទៀតសម្រាប់ជនភៀសខ្លួនតាំងទីលំនៅ។ ការអះអាងនេះ ធ្វើឡើងខណៈពេលដែលកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនអូស្ត្រាលី និង កម្ពុជាកំពុងតែអនុវត្តនៅឡើយនោះទេ។
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ
ម្សិលមិញនេះ រដ្ឋាភិបាលអូស្ត្រាលី បានបញ្ជាក់ថាអូស្ត្រាលីកំពុងពិចារណាក្នុងការស្វែងរកប្រទេសផ្សេងទៀតបន្ទាប់ពីកម្ពុជា ដើម្បីផ្តល់ទីតាំងសម្រាប់ជនភៀសខ្លួនដើម្បីរស់នៅ។
លោក Peter Dutton រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី បានអះអាងថា អូស្ត្រាលីបានដោះស្រាយលើបញ្ហាជនភៀសខ្លួនជាយូរមកហើយ និង កំពុងតែចរចាលើកិច្ចព្រមព្រៀងទ្វេភាគីជាមួយរដ្ឋផ្សេងទៀតក្នុងការផ្តល់ទីតាំងសម្រាប់ជនភៀសខ្លួន។ ក៏ប៉ុន្តែ លោក មិនបានបញ្ជាក់ពីប្រទេសណាមួយដែលអូស្ត្រាលីកំពុងធ្វើការជាមួយនោះទេ។
សូមរម្លឹកផងដែរ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានជនភៀសខ្លួនរាប់ពាន់នាក់ បានធ្វើដំណើរទៅកាន់អូស្ត្រាលីដោយរំពឹងថាពួកគេអាចតាំងទីលំនៅនៅទីនោះបាន។ ការរពឹងនេះ មិនទទួលបានដូចក្តីប្រាថ្នានោះទេ ដ្បិតអាជ្ញាធរអូស្ត្រាលី បានបញ្ឈប់ទូកពួកគេ និង បញ្ជូនទៅកាន់កោះណូរូនិង ប៉ាពូអាស៊ី នូវែលហ្គីណេវិញ។
កោះណូរូ ត្រូវបានគេស្គាល់ថាជារដ្ឋមួយដែលអូស្ត្រាលី បានចំណាយលុយរាប់លានដុល្លាសហរដ្ឋអាមេរិកដើម្បីជាកន្លែងសម្រាប់បញ្ជូនជនភៀសខ្លួនដែលធ្វើដំណើរទៅកាន់អូស្ត្រាលី។ កោះនេះដែរ ក៏ត្រូវបានគេស្គាល់ថាជាកន្លែងឃុំឃាំងជនភៀសខ្លួនប្រមាណ១ម៉ឺននាក់ផងដែរ។ យ៉ាងណាមិញ កាលពីថ្ងៃចន្ទ័កន្លងនេះ រដ្ឋាភិបាលណូរូ បានបើកចំហរ និង ផ្តល់សិទ្ធិចំពោះជនភៀសខ្លួននៅទីនោះដោយពួកគេអាចចេញចូលកោះដោយសេរី។
ក្រៅពីកោះណូរូ និង ប៉ាពូអាស៊ី នូវែលហ្គីណេ រដ្ឋាភិបាលអូស្ត្រាលី ក៏បានចុះកិច្ចព្រមព្រៀងមួយ ជាមួយនឹងរដ្ឋាភិបាលកម្ពុជាក្រោមជំនួយរាប់លានដុល្លាសហរដ្ឋអាមេរិកដើម្បីបញ្ជូនជនភៀសខ្លួនមកកាន់ កម្ពុជា។ ហើយមកទល់ពេលនេះ មានជនភៀសខ្លួនពីកោះណូរូ ៤នាក់ហើយមកកាន់កម្ពុជា។
យ៉ាងណាក៏ដោយ ភាពស្របគ្នានៃការបើកចំហរកោះណូរូ និង ការចរចាជាមួយរដ្ឋផ្សេងទៀតដើម្បីបញ្ជូនជនភៀស គឺជារឿងមួយដែលគួរឲ្យកត់សម្គាល់។ នេះ ទំនងអាចជាអូស្ត្រាលីកំពុងចរចាជាមួយនឹងរដ្ឋផ្សេងទៀតដែលអាចទទួលយកជនភៀសខ្លួនពីកោះណូរូច្រើនជាងកម្ពុជានិង ប៉ាពូអាស៊ី នូវែលហ្គីណេ៕
© រក្សាសិទ្ធិដោយ thmeythmey.com