ជាតិ
ពុទ្ធបាទ​ទម្ងន់​ជាង២តោន ដែល​បាក់បែក​ជាង៦៤បំណែក ត្រូវបាន​ជួសជុល​ផ្គុំ​ឡើងវិញ
07, Oct 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
ពុទ្ធបាទ​ទម្ងន់​ប្រហែល​ជាង២តោន ដែល​រង​ការបាក់​បែក​ជា៦៤បំណែក តម្កល់ទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​តាំងពី​ឆ្នាំ១៩៨៥ ត្រូវបាន​ក្រុម​ជំនាញ​ជួសជុល​ចម្លាក់​សិល្បៈ របស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ជួសជុល​ផ្គុំ​ឡើងវិញ​តាម​ទម្រង់​ដើម ដើម្បី​តម្កល់ទុក​ជាម​រក​បេតិកភណ្ឌ​របស់​ជាតិ។



កញ្ញា មាស សុភាព អ្នកជំនាញ​ផ្នែក​ជួសជុល​វត្ថុ​បុរាណ​នៃ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ បានបញ្ជាក់​កាលពី​រសៀល​ថ្ងៃទី៦ ខែតុលា​ថា ពុទ្ធបាទ​ដែល​កំពុង​ជួសជុល​នេះ មាន​ចំនួន១គូ ដែល​ត្រូវបាន​កសាងឡើង​ក្នុងសម័យ​កណ្តាល (សវ​ទី១៤ដល់១៦)។ អ្នកជំនាញ​រូបនេះ​បន្តថា​ពុទ្ធបាទ​ខាងស្តាំ​មាន​រូបរាង​ពេញលេញ​តែ​ខូចខាត​ខ្លះ​នៅ​ផ្នែក​ខាងក្រោម ចំណែក​ពុទ្ធបាទ​ខាងឆ្វេង​បាន​បាក់បែក​ជា៦៤បំណែក ដែល​ក្រុមការងារ​បានចាប់ផ្តើម​ជួសជុល​ផ្គុំ​ឡើងវិញ តាំងពី​ឆ្នាំ២០១២មក។

កញ្ញា​បន្ថែមថា ក្នុងពេលដែល​ផ្គុំ​ឡើងវិញ​នេះ ក្រុម​ជំនាញ​បាន​ជំនួស​ផ្នែក​ខ្លះ​ដែល​បាត់បង់​ដោយ​ថ្ម​ថ្មី​វិញ ព្រោះ​បំណែក​ពុទ្ធបាទ​ទាំង៦៤នេះ​ពុំ​អាច​ផ្គុំ​ចេញ​ជា​រូបរាង​ពេញលេញ​ទេ។ តែ​នៅ​ចុងខែ​កញ្ញា​កន្លងទៅ ក្រុម​ជំនាញ​បាន​បន្ត​ការរុករក​ក៏បាន​ប្រទះឃើញ​បំណែក១៥បន្ថែមទៀត ដែល​អាចជា​បំណែក​នៃ​ពុទ្ធបាទ​ដែល​បាត់បង់​នៅ​មណ្ឌល​រក្សាទុក​វត្ថុ​សិល្បៈ ផ្នែក​ខាងត្បូង​ប្រាសាទអង្គរវត្ត។ ប្រសិនបើ​ក្រោយពី​សម្អាត​ហើយ ឃើញថា​ពិតជា​បំណែក​ផ្សេងទៀត​នៃ​ពុទ្ធបាទ​នោះ ក្រុមការងារ​នឹងធ្វើ​ការជួសជុល​ផ្គុំ​ឡើងវិញ ក្នុងន័យ​រក្សា​ឲ្យ​បាន​នូវ​ទម្រង់​ដើម​នៃ​ចម្លាក់​សិល្បៈ​បុរាណ។

លោក ហ៊ូ ន​ឡា​មុនី អ្នកជំនាញ​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​សមាជិក​នៃ​ក្រុម​ជួសជុល​ពុទ្ធបាទ បាន​បញ្ជាក់ថា បើទោះជា​មានការ​រុះរើ​ជួសជុល​ឡើងវិញ​ក៏ដោយ ក៏​ពុំមាន​បញ្ហា​ដល់​ចម្លាក់​ដើម​ទេ ដោយសារ​ការជួសជុល​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ ត្រូវបាន​ធ្វើឡើង​ដោយ​គោរព​ទៅតាម​គោលការណ៍សំខាន់ៗគឺ មាំទាំ យូរអង្វែង និង​អាច​សើរើ​វិញ​បាន។

ភាពជោគជ័យ​នៃ​ការជួសជុល​ផ្គុំ​ឡើងវិញ​នូវ​ពុទ្ធបាទ​នេះ ជាការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​សមត្ថភាព​ខ្ពស់​របស់​អ្នកជំនាញ​ខ្មែរ ដែល​អាចជា​បទពិសោធ​ន៍​ដ៏​សំខាន់​ឈានទៅ​ជួសជុល និង​អភិរក្ស​វត្ថុ​សិល្បៈ​ផ្សេងទៀត ដែល​ទទួលរង​ការខូចខាត​បែបនេះ​ឲ្យ​មាន​តួនាទី និង​មានតម្លៃ​ក្នុង​ការបូជា​ឡើងវិញ៕

អត្ថបទ៖ អាជ្ញាធរ​ជាតិ​អប្សរា


© រក្សាសិទ្ធិដោយ thmeythmey.com