បទយកការណ៍ / បទសម្ភាសន៍
ជិត​ដល់​ថ្ងៃ​ភ្ជុំ​ធំ និស្សិត​នារី​ផ្តើម​នឹក​ស្រុក តែមាន​គម្រោងផ្សេងៗគ្នា
07, Oct 2015 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បន្ទាប់ពី​អ្នក​ភ្នំពេញ​ស្ទើរគ្រប់ៗគ្នា បាន​ទៅ​វត្ត​តាំង​ពីថ្ងៃ​បិណ្ឌ​ទី១ រហូតមកដល់​ជិត​​ថ្ងៃ​ភ្ជុំធំ​ និស្សិត​មកពី​​សាកលវិទ្យាល័យ​ចំនួន​បី​ក្នុង​រាជធានី​ភ្នំពេញ បានបង្ហាញ​អារម្មណ៍​នឹក​ផ្ទះ​កាន់តែខ្លាំង ប៉ុន្តែ​ដោយសារតែ​ជាប់រវល់​ក្នុងការ​សិក្សា និង​ការងារ ទើប​ពួកគេ ត្រូវ​បង្ខំចិត្ត​អនុវត្តន៍ តាម​ភារៈកិច្ច​របស់ខ្លួន។ ជា​និស្សិត​មកពី​តាម​បណ្តា​ខេត្តផ្សេងៗ ពួកគេម្នាក់ៗមាន​គម្រោង ផ្សេងៗគ្នា នៅពេលដែល​ពួកគេ​ទៅលេង​ស្រុកកំណើត នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ខាងមុខនេះ។



សូម​អាន នឹង​ស្តាប់​បទ​យកការណ៍ របស់ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន របស់​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ចថ្មី៖



«មាន​អារម្មណ៍​នឹក​ផ្ទះ ព្រោះឆ្នាំមុនៗ ខ្ញុំ​ទៅ​ទៅផ្ទះ​មុន​ភ្ជុំ​មួយអាទិត្យ​មុន តែ​ឆ្នាំនេះ ទាល់តែ​ជិត​ភ្ជុំ ទើបបាន​ទៅផ្ទះ ដូច្នេះ​មាន​អារម្មណ៍​នឹក​ផ្ទះ​ខ្លាំង​ពេលលឺ​ទំនួញ​ប្រេត»នេះ​ជាការ​រៀបរាប់​របស់ កញ្ញា ភ វណ្តា ជា​និស្សិត​ឆ្នាំ​ទី៣នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប។ បន្ទាប់ពី​រដូវ​ដាក់​បិណ្ឌ​បាន​កន្លងទៅ កញ្ញា​វណ្តា មាន​អារម្មណ៍​នឹក​ស្រុក​យ៉ាងខ្លាំង ប៉ុន្តែ​ដោយសារ​ជាប់រវល់​ធ្វើការ​ផង និង​ការសិក្សា​ផង ទោះ​ចង់​ឬ​មិន​ចង់ វណ្តា​ត្រូវតែ​នៅ​បន្ត​ការសិក្សា​និង​ធ្វើ​ការងារ​បន្ត ទំរាំ​តែ​ដល់​ថ្ងៃ​ដែល​សាលា​និង​កន្លែង​ការងារ​ឲ្យ​ឈប់។  សម្បុរ​ស្រអែម វណ្តា នឹក​ផ្ទះ​កាន់តែខ្លាំង ពេល​ឃើញ​អ្នក​នៅ​ភ្នំពេញ​បាន​ទៅ​វត្ត​រាល់គ្នា តែ​សម្រាប់​នាង​មិនទាន់បាន​ទៅ​សូម្បី​តែមួយ​វត្ត «ខ្ញុំ​គិតថា ភ្ជុំ​ហ្នឹង ខ្ញុំ​ត្រូវតែ​ទៅផ្ទះ ព្រោះ​ខ្ញុំ​ឃើញ​អ្នក​នៅ​ភ្នំពេញ​ជិះ​ម៉ូតូ ឡាន ទៅ​វត្ត​ពាសពេញ​ផ្លូវ ខ្ញុំ​មាន​អារម្មណ៍​នឹក​ផ្ទះ បើ​បាន​ទៅ​ឥឡូវ ប្រហែលជា​សប្បាយ ព្រោះ​បាន​ជួបជុំ​បងប្អូន និង​ក្រុមគ្រួសារ»

មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ កញ្ញា វណ្តា កាន់តែ​នឹក​ផ្ទះ ព្រោះ​នាង​មិនដែល​បាន​ទៅផ្ទះ​អស់​រយៈពេល​ជាង៣ខែ​ហើយ។ មាឌតូច​ល្អិត កញ្ញា​វ័យ២០ រូបនេះ បានត្រឹមតែ​ទូរស័ព្ទ​ទៅលេង​អ្នកផ្ទះ នៅពេលដែល​នាង​នឹក​ឪពុកម្តាយម្តង។ ជា​និស្សិត​ដែល​រៀន​ចំនួន​ពីរ​សាកលវិទ្យាល័យ រួមទាំង​ធ្វើការ​ស្ម័គ្រចិត្ត​តាម​អង្គការ​សង្គម​ស៊ីវិល​ផង វណ្តា​ត្រូវតែ​ទ្រាំ​សិន ដើម្បី​បំពេញភារៈកិច្ច​ឲ្យ​ចប់សព្វគ្រប់ មុននឹង​បាន​ទៅលេង​ស្រុក​ជួបជុំ​ក្រុមគ្រួសារ។ បើទោះបីជា​ពុំ​សូវ​មាន​ប្រាក់​ច្រើន ដើម្បី​ទិញ​សំលៀកបំពាក់ ឬ​នំចំណី​ផ្ញើ​អ្នកផ្ទះ​ច្រើន​ក៏ដោយ តែ​វណ្តា​នឹងធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​នៅពេលឆាប់ៗនេះ ហើយ​នាង​នឹង​ទិញ​វត្ថុ​អនុស្សាវរីយ៍​ខ្លះ ផ្ញើ​ដល់​សមាជិកគ្រួសារ«ភ្ជុំបិណ្ឌ​ជា​បុណ្យប្រពៃណី​ខ្មែរ ជា​បុណ្យ​ជួបជុំ​គ្រួសារ បងប្អូន ញាតិមិត្ត ចឹ​ង​ទៅ គឺមាន​អារម្មណ៍​សប្បាយរីករាយ​មែនទែន ហើយ​ខ្ញុំ​គ្នាន​អ្វី​ផ្ញើ​អ្នកផ្ទះ​ច្រើន​នោះទេ ព្រោះ​ខ្ញុំ​ជា​និស្សិត​មិនទាន់មាន​លុយកាក់​ច្រើន​នោះទេ គឺមាន​តែ​នំ​ធុង​បន្តិចបន្តួច​ផ្ញើ​សមាជិកគ្រួសារ»។

កំពុង​អង្គុយ​លើ​កៅអី នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ដែល​ខ្លួន​រៀន វណ្តា មាន​គម្រោង​ជាច្រើន នៅពេល​នាង​បាន​ទៅលេង​ស្រុក ដើម្បី​ជួបជុំ​ឪពុកម្តាយ « ខ្ញុំ​នឹង​ទៅ​បោះ​បាយបិណ្ឌ​ជា​ក្រុមគ្រួសារ ពេលទៅដល់​ផ្ទះ ហើយ​ខ្ញុំ​មិន​ទៅលេង​នៅ​រមណី​ដ្ឋា​ន​ណា​ទេ គឺ​មានតែ​ជួបជុំគ្នា​នៅផ្ទះ​ប៉ុណ្ណោះ»។

ចំណែក កញ្ញា ម៉ឺន អៀង​លី ជា​និស្សិត​ឆ្នាំ​ទី៤ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​លើកឡើង​មិនសូវ​ជា​ខុសពី​កញ្ញា​វណ្តា​ដែរ។ លឺស្នូ​ត​ប្រេត​រាល់ថ្ងៃ និង​បានឃើញ អ្នក​ភ្នំពេញ​ទៅ​វត្ត​ធ្វើបុណ្យ​ដាក់​បិណ្ឌ​រាល់ថ្ងៃ អៀង​លី មាន​អារម្មណ៍​នឹក​ផ្ទះ​ជាខ្លាំង« ខ្ញុំ​នឹក​ផ្ទះ​ខ្លាំង ព្រោះ​រាល់​ឆ្នាំ ពេល​មានបុណ្យ​ភ្ជុំ ខ្ញុំ​បានធ្វើ​ម្ហូប​ឲ្យ​ឪពុកម្តាយ​ទៅ​វត្ត ដើម្បី​រាប់​បាត ហើយ​ខ្ញុំ​ក៏​ទៅ​បោះ​បាយបិណ្ឌ​ជាមួយ​ពួកគាត់ យ៉ាង​សប្បាយរីករាយ»។

ជា​និស្សិត​មក​ខេត្តកំពង់ធំ ដែល​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ អៀង​លី បាន​ទៅផ្ទះ​តែ៣ទៅ៤ដង​ក្នុង​មួយឆ្នាំ ពោលគឺ​នាង​ត្រូវ​ទៅផ្ទះ​ពេល​មានបុណ្យធំៗដូចជា បុណ្យចូលឆ្នាំ​ខ្មែរ​ឬ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម។ មាឌ​ដំបង កញ្ញា​វ័យ២០ឆ្នាំ​រូបនេះ បាន​ត្រៀម​រួចរាល់​នូវ របស់របរ​មួយចំនួន​ដូចជា ទឹក​ផ្លែឈើ និង​សំលៀកបំពាក់ ដើម្បី​ជូន​ឪពុកម្តាយ ដែល​កំពុង​រងចាំ​នាង​នៅឯ​ស្រុកកំណើត។ ខុសពី​កញ្ញា​វណ្តា អៀង​លី មិន​ត្រឹមតែ​ទៅ​វត្ត​ក្នុងឱកាស​នៃ​ថ្ងៃ​ភ្ជុំបិណ្ឌ​នោះ តែ​កញ្ញា​សម្បុរ​ស្រអែម​រូបនេះ នឹងធ្វើ​ដំណើរ​កំសាន្ត​ទៅតាម​រមណី​ដ្ឋា​ន​ជាច្រើន ដែល​ស្តិ​ត​ក្នុង​ខេត្ត​របស់ខ្លួន « ពេល​ទៅ​រាប់​បាត​ហើយ ប្រហែល​ម៉ោង១ ខ្ញុំ​នឹង​នាំ​មិត្តភក្តិ​ទៅ​ដើរលេង​តាម​រមណី​ដ្ឋា​ន ព្រោះ​ក្នុង​ខេត្ត​របស់ខ្ញុំ ខែ​ទឹក​ឡើង​ចឹ​ង មាន​កន្លែង​ដើរលេង​ច្រើន»។

ងាក​ទៅ​ចាប់អារម្មណ៍​កញ្ញា សំ ចន្ទ្រា ជា​និស្សិត​ឆ្នាំ​ទី៣ នៅ​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច ក៏បាន​បង្ហាញ​អារម្មណ៍​មិន​ខុសគ្នា​ប៉ុន្មាន​ពី​កញ្ញា​ទាំងពីរ​ខាងលើ​ដែរ « មាន​អារម្មណ៍​ថា​នឹក​ស្រុក​មែនទែន សូម្បីតែ​ទៅ​សាលា ខ្ញុំ​មិន​ចង់ទៅ​សាលា​សោះ»។

សម្បុរ​សណ្តែកបាយ ចន្ទ្រា​បាន​ត្រៀម​របស់របរ​មួយចំនួន​ដែល​ខ្លួន​មានលទ្ធភាព សម្រាប់ ផ្ញើ​ដល់​សមាជិកគ្រួសារ។ កញ្ញា​វ័យ២១ឆ្នាំ​រូបនេះ បាន​និយាយ​ដោយ​សើចតិចៗថា«ចំពោះ​ខ្ញុំ​គឺ​នៅ​រៀន ប៉ុន្តែ​ខ្ញុំ​ធ្វើជា​គ្រួ​បង្រៀន​សិស្ស​តាម​ផ្ទះ បាន​ប្រាក់​ខ្លះ ហើយ​ពេល​ជិត​ភ្ជុំ​ចឹ​ង ខ្ញុំ​សន្សំ​ដើម្បី​ទិញ​សំលៀកបំពាក់​ផ្ញើ​ឪពុកម្តាយ និង​បងប្អូន»។

នៅ​រដូវ​ធ្វើ​បុណ្យទាន ដូចជា ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះ និស្សិត​មាឌតូច​ច្រឡឹង​រូបនេះ មាន​គម្រោង​ប្លែក​ពី​កញ្ញា​វណ្តា និង​កញ្ញា​អៀង​លី «ខ្ញុំ​ចង់​ប្រមូល​មិត្តភក្តិ ដើម្បី​ជុំគ្នា ទិញ​សាប៊ូ ដើម្បី​ងូតទឹក​ឲ្យ​ចាស់​ក្នុងភូមិ ដូច​យើង​ស្រង់​ព្រះ​ចឹ​ង»។

 រីឯ​កញ្ញា ឌុយ សៀវ​យ៉ុង ជា​និស្សិត​ឆ្នាំ​ទី២ នៅ​សាកលវិទ្យាល័យ​ភូមិ​ភ្នំពេញ បាន​រៀបរាប់ថា នាង​តែងតែមាន​អារម្មណ៍​នឹក​ក្រុមគ្រួសារ ពីព្រោះ​ភ្នំពេញ​ជា​ទឹក​ថ្មី ដែល​នាង​មិនដែល​មក​រស់នៅ តែ​ដោយ​ការបន្ត​ការសិក្សា ទើប​នាង​ឃ្លាតឆ្ងាយ​ពី​ឪពុក​នៅ​ស្រុកកំណើត។ ដោយ​រវល់​នឹង​ការងារ​ផង ការសិក្សា​ផង សៀវ​យ៉ុង​គ្មាន​ពេល​ច្រើន​ទៅលេង​ស្រុក​នោះទេ។ មាន​សម្បុរ​ស កញ្ញា​មាឌ​ដំបង​រូបនេះ បាន​និយាយ​ដោយ​ទឹកមុខ​ស្ងួត​ថា« ខ្ញុំ​នឹក​ស្រុក​ខ្លាំង ខ្ញុំ​ចង់ទៅ​ជួប​បងប្អូន ព្រោះ​ភ្ជុំ​នេះ​ខ្ញុំ​បាន​ទៅផ្ទះ​បានតែ​បី​ថ្ងៃ​គត់ ព្រោះ​រវល់​ការងារ​ច្រើន»។
មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ក្នុង​រយៈពេលមួយឆ្នាំៗ នាង​បាន​ទៅលេង​ផ្ទះ​ពីរ​ទៅ​បី​ដង​តែប៉ុណ្ណោះ។  វ័យ១៩ឆ្នាំ សៀវ​យ៉ុង ថា ទោះបីជា​គ្មានអ្វី​ច្រើន ផ្ញើ​សមាជិក​គ្រូ​សារ​ក៏​នាង​ត្រូវតែទៅ​ស្រុក​ដែរ ព្រោះ​សមាជិកគ្រួសារ ចង់​ជួប​នាង​ជាជាង​សម្ភារៈ​បន្តិចបន្តួច។

ជា​កូន​កំព្រាម្តាយ ក្នុងឱកាស​ថ្ងៃ​ភ្ជុំបិណ្ឌ​ខាងមុខនេះ សៀវ​យ៉ុង មាន​គម្រោង ចង់ទៅ​បង្សុកូល ជូន​ម្តាយ​របស់​នាង​នៅ​វត្ត​ស្រុកកំណើត« ទោះបី​យើង​មាន​សម្ភារៈ​បន្តិចបន្តួច ក៏​យើង ត្រូវតែ​ទៅផ្ទះ​ដែរ ព្រោះ​វា​ជា​ទឹកចិត្ត​របស់​យើង ហើយ​ពេលទៅដល់​ស្រុក ខ្ញុំ​នឹង​ទៅ​រាប់​បាត​ពេលព្រឹក និង​ពេល​រសៀល ខ្ញុំ​ទៅ​បង្សុកូល​ជូន​ម្តាយ​ខ្ញុំ»។

រដូវ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់រូប បាន​ឈប់សម្រាក ពី​ការងារ និង​ការសិក្សា ដើម្បី​ទៅធ្វើ​បុណ្យ ព្រមទាំង​បាន​ជួបជុំ​គ្រួសារ​នៅ​ស្រុកកំណើតរៀងៗខ្លួន។ ពិធីបុណ្យ​នេះ ក៏បាន​ញ៉ាំង​ឲ្យ​បរិយាកាស​រីករាយ ដោយមាន​ពុទ្ធបរិស័ទ​ជាច្រើន បាននាំគ្នា​ទៅ​វត្ត​អារាម ដែល​ធ្វើ​ឲ្យ​មាន​ភាព​អ៊ូរ​អរ​សប្បាយរីករាយ៕


Tag:
 សង្គម
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com