ជាតិ
ករណីគ្រូពិន័យសម្រាតសំពត់សិស្ស ៖ក្រុមអ្នកច្បាប់ក្រសួងអប់រំ កំពុងវិនិច្ឆ័យដាក់ទោស
× រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានឲ្យដឹងថា ក្រសួងកំពុងត្រួតពិនិត្យមើលទណ្ឌកម្មផ្លូវច្បាប់ និងបណ្ដឹងរដ្ឋប្បវេណី ទៅលើគ្រូបង្រៀននៅខេត្តស្វាយរៀងម្នាក់ ដែលបានដាក់ពិន័យដោយសម្រាតសំពត់សិស្សស្រីម្នាក់ នៅចំពោះមុខសិស្សដទៃនៅក្នុងថ្នាក់រៀន ។
លោក ហង់ ជួន ណារ៉ុន បន្ថែមថា នៅពេលនេះក្រុមអ្នកច្បាប់របស់ក្រសួងអប់រំ កំពុងត្រួតពិនិត្យលើបញ្ហាគ្រូបង្រៀនអសីលធម៌នេះ ដើម្បីវិនិច្ឆ័យដាក់ទោសកំហុសតាមទង្វើដែលបានប្រព្រឹត្តិ។ លោក ហង់ ជួន ណារ៉ុន ក៏បានចាត់ទុកថា ទង្វើនេះគឺរឿងមិនគប្បីខុសពីច្បាប់ស្ដីពីការអប់រំ ដែលលោកមិនអាចទទួលយកបានឡើយ។
ថ្លែងនៅក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំទុកពេលឲ្យអ្នកច្បាប់ជាអ្នកវាយតម្លៃ ។ ខ្ញុំទទួលបានតែពាក្យបណ្ដឹង ប៉ុន្ដែយើងត្រូវពិនិត្យមើលថា តើរឿងនេះប៉ុនណា កម្រិតណា ទោសកំហុសនោះកម្រិតណា។ អ៊ីចឹងខ្ញុំទុកឲ្យអ្នកច្បាប់របស់ក្រសួងធ្វើការវិនិច្ឆ័យទៅតាមកម្រិតនៃទោសកំហុស»។
កន្លងមក ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដោយសារការពិន័យសម្រាតសំពត់នេះ ធ្លាប់បានដាក់ពាក្យប្ដឹងទីសាលាឃុំ និងសាលាដំបូងខេត្តស្វាយរៀង អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្ដែមិនមែនការដោះស្រាយឲ្យបានត្រឹមត្រូវ ដល់ក្មេងស្រីដែលរងគ្រោះនោះឡើយ។
បើតាមសារព័ត៌មានកោះសន្ដិភាព លោកគ្រូបង្រៀនម្នាក់ មានអាយុ ៤៣ ដែលបានបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ស្ថិតនៅភូមិតាបោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង បានដាក់ពិន័យទៅលើសិស្សម្នាក់ អាយុ១១ឆ្នាំ ដោយប្រើឲ្យសិស្សប្រុសម្នាក់ទៀត សម្រាតសំពត់សិស្សស្រីនោះ ដោយសារនាងមិនអាចអានអក្សរលើក្តារខៀន៕
© រក្សាសិទ្ធិដោយ thmeythmey.com