ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ្រោះថ្នាក់​ចរាចរណ៍ស្លាប់​ ១៩នាក់​​នៅ​បាវិត៖ អ្នកបើកបរ​ជនជាតិ​វៀតណាម​ជាប់គុក ៥ឆ្នាំ
08, Oct 2015 , 10:09 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី ៨ ខែតុលា ២០១៥ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តស្វាយរៀង លោក សុធី បូរ៉ា​ឆាត បានប្រកាស​សាលក្រម​ផ្តន្ទាទោស​អ្នកបើកបរ​រថយន្ដក្រុង​ពី​ទីក្រុងហូជីមិញ​មក​រាជធានី​ភ្នំពេញ ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ជា​ជនជាតិ​វៀតណាម​ឈ្មោះ Le vanghing ជាប់ពន្ធនាគារ ៥ឆ្នាំ និង ពិន័យ​ថវិកា​ចំនួន ១២លាន​រៀល ទៅ​ជនរងគ្រោះ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​កម្មករ​កម្មការិនីរោងចក្រ​ជាង ៣០នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល។



ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សោក​សង្វេគ​រវាង​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ឯកជន​ជាមួយនឹង រថយន្ត​ទួល​រី​ស ១៥កៅអី​ដែល​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​នេះ បាន​កើតឡើង​ប្រហែលជា​ម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែឧសភា តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ។
 
មន្ត្រី​សម្របសម្រួល​អង្គការ​ការពា​រ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ ខេត្តស្វាយរៀង និង​ជា​អ្នក​ដាន ករណីនេះ លោក នុត បូ​ព​ណ្ណា​រ័ត្ន បាន​ឲ្យ​ដឹងថា តុលាការ​បាន​អនុវត្តន៍​ត្រឹមត្រូវ តាម​នីតិវិធី ដោយ​តុលាការ​បង្គាប់​ឲ្យ​ជនបង្ក​នៅក្នុង​ពន្ធនាគារ ហើយ​តុលាការ​បាន​បង្គាប់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត ក្រុង​ចូលខ្លួន​មក​ដោះស្រាយ​សំណង​ដល់​ភាគី​រងគ្រោះ។ 
បើតាម​លោក នុត បូ​ព​ណ្ណា​រ័ត្ន ក្រុមគ្រួសារ​អ្នកស្លាប់​ចំនួន ១៩នាក់ ទទួល​សំណង​រដ្ឋប្បវេណី ចំនួន ១២លាន​រៀល​ក្នុង​មួយ​នាក់ និង​អ្នករបួសធ្ងន់ ១២នាក់ ទទួល​ចំនួន ១០លាន​រៀល​ក្នុង មួយ​នាក់ និង​អ្នក​របួសស្រាល​ចំនួន ៦នាក់ ទទួលបាន​សំណង​រដ្ឋប្បវេណី​ចំនួន ៩លាន​រៀល ក្នុង​មួយ​នាក់។ លោក​ថា៖«នីតិវិធី​របស់​តុលាការ អាច​ទទួលយកបាន ព្រោះ​គេ​ធ្វើតាម​នីតិ​ត្រឹមត្រូវ ដោយ​អ្នក​ត្រូវ​នៅក្នុង​ឃុំ ហើយ​ម្ចាស់​ក្រុមហ៊ុន​ក៏បាន​ចូលខ្លួន​ដោះស្រាយ»។
 
តែ​យ៉ាងណា​ទាក់ទិន​សំណង​រដ្ឋប្បវេណី​នេះ តំណាង​គ្រួសារ​ជន​គ្រោះ​ក្នុង​ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង លោកស្រី ពេជ្រ តឿ​ក អាយុ ៥០ឆ្នាំ ប្រាប់ថា គ្រួសារ​ជន រងគ្រោះ​ទាំងអស់ មិនទាន់​សម្រេច​ថា ទទួលយក ឬ​យ៉ាងណា​នោះទេ។ ស្រី្ត​ដែលមាន​កូនស្រី ស្លាប់​ម្នាក់ ប្តី និង​កូនស្រី​របួសធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះថា៖«គ្រួសារ ជនរងគ្រោះ​ទាំងអស់ រស់នៅ​ពឹងនឹង​ប្រាក់ខែ​កូន​ប៉ុណ្ណោះ។ តែ​ឥឡូវកូន​ស្លាប់ និងអ្នកខ្លះ​រងរបួសគ្រោះថ្នាក់ អត់បានធ្វើការ​ការងារ​ទៀត»។
 
គួររម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី១៩ ឧសភា លោក Le vanghing អាយុ ៤៣ ឆ្នាំ​បាន​បើកបរ​រថយន្ដក្រុង​ពី​ទីក្រុង​ហូជីមិញ​មក​រាជធានី​ភ្នំពេញ​នៅពេល ដែលមាន​គ្រោះថ្នាក់​បន្ទាប់ពី​លោក​បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅបុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ។ ចំណោម​កម្មក​ទាំងអស់​ចំនួន ៣៨នាក់ យ៉ាងហោចណាស់​កម្មករ១៦នាក់​បាន​ស្លាប់ភ្លាមៗ និង​ជាង ២០នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ មួយ​ដែល​មិនដែល​ធ្លាប់មាន​នៅក្នុង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង៕
 

Tag:
 បាវិត
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com