ជាតិ
សាលារាជធានី ស្នើឲ្យម្ចាស់រថយន្តរក្សាថ្លៃឈ្នួលពេលភ្ជុំបិណ្ឌ
× សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដោយអំពាវនាវឲ្យម្ចាស់រថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញតាមបណ្តាខេត្តនានាទាំងអស់កុំដំឡើងថ្លៃឈ្នួលរថយន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ដូចរាល់ឆ្នាំដែរ សាលារាជធានីភ្នំពេញ ស្នើឲ្យម្ចាស់រថយន្តទាំងអស់ កុំដំឡើងថ្លៃរថយន្តក្នុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។ បើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានី ប្រជាពលរដ្ឋជាពិសេសកម្មករ កម្មការិនីតែងតែត្អូញត្អែរ និងថ្នាំងថ្នាក់ចំពោះការដំឡើងថ្លៃឈ្នួលរថយន្តថ្លៃហួសហេតុនៅរៀងរាល់ឱកាសពិធីបុណ្យប្រពៃណីជាតិ ដែលពួកគេសម្រុកទៅស្រុកកំណើត។ ការដំឡើងថ្លៃ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនសុខចិត្តជិះប្រជ្រៀតគ្នាលើសចំណុះ ឬជិះលើដំបូលរថយន្ត ដែលងាយបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុពេលធ្វើដំណើរ។
សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើឲ្យរក្សាថ្លៃរថយន្តនេះ ក៏ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការផ្ទុកលើសចំណុះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com