អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ត្រៀម​សង់រោង​ចក្រ​ថាមពលនុយក្លេអ៊ែរ​នៅ​ឥណ្ឌូនេស៊ី
09, Oct 2015 , 3:02 pm        
រូបភាព
 
ឥណ្ឌូនេស៊ី គឺ​រដ្ឋ​អាស៊ាន​មួយ​ដែលមាន​ទាំង​ប្រជាជន​និង សេដ្ឋកិច្ច​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ដោយសារតែ​ការកើនឡើង​នៃ តម្រូវការ និង ទាមទារ​របស់​ប្រជាជន​រាប់លាន​នាក់​លើ​ផ្នែក​បច្ចេកវិទ្យា និង ថាមពល បាន​ជំរុញ​ឲ្យ​រដ្ឋ​មួយ​នេះ​ក្លាយជា​ទិសដៅ​សំខាន់​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ថាមពល។ ក្នុងនោះ ឥណ្ឌូនេស៊ី​បាន​ទាក់ទាញ​មហាអំណាច​រុស្ស៊ី​ដើម្បី​ចូលមក​វិនិយោគ និង សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅក្នុងពេល​ខាងមុខនេះ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ


ថ្មីៗនេះ អគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​ឥណ្ឌូនេស៊ី​និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ លោក Mikhail Galuzin បាន​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​រុស្ស៊ី និង ឥណ្ឌូនេស៊ី ក្នុង​គម្រោង​នៃ​ការសាងសង់​រោងចក្រ​ផលិត​ថាមពលនុយក្លេអ៊ែរ​រប​ស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​នឹងត្រូវ​ធ្វើឡើង​នៅពេល​ខាងមុខនេះ។ តាម​ការកំណត់​រវាង​រដ្ឋ​ទាំងពីរ រោងចក្រ​នេះ គឺ​គ្រាន់តែ​ជា​ប្រភេទ​រោងចក្រ​ផលិត​ថាមពលនុយក្លេអ៊ែរ​សន្តិ​ភាព​ប៉​ណ្ណោះ។ 
 
មកទល់ពេលនេះ ក្រុមហ៊ុន​រុស្ស៊ី កំពុងតែ​ប្រតិបត្តិ​ការស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​នៅក្នុង​ខេត្ត​ចំនួន​បី​របស់​ឥណ្ឌូនេស៊ី​ក្នុងការ​ស្វែងរក​កន្លែង​សមស្រប​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ថាមពលនុយក្លេអ៊ែរ។ ខេត្ត​ទាំងនោះ​រួមមាន​ខេត្ត​បា​ដុង(Bandung) ខេត្ត​សើ​ប៉ុង (Serpong) និង ខេត្ត​យូ​ហ្គី​អាកា​តា (Yogyakarta)។ ដោយឡែក កាលបរិច្ឆេទ​នៃ​ការសាងសង់​មិនទាន់​កំណត់​ច្បាស់លាស់​នោះទេ ពោលគឺ ការសាងសង់​អាចធ្វើ​ទៅ​បាន លុះត្រាតែ​ការស្រាវជ្រាវ​អាច​បញ្ចប់​ដោយ​ជោគជ័យ។ 
 
សូម​រម្លឹក​ផងដែរ​ថា កាលពី​ខែមិថុនា​កន្លងទៅនេះ ភា្ន​ក់​ងារ​ថាមពលនុយក្លេអ៊ែរ​ជាតិ​ឥណ្ឌូនេស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​រុស្ស៊ី ក្នុងឱកាស​នៃ​សន្និសីទ​និង ពិព័រណ៍​អន្តរជាតិ​នៅក្នុង​ក្រុង​ម៉ូ​ស្កូ។ ក្រោម​កិច្ចព្រមព្រៀង​នេះ ភាគី​ទាំងពីរ នឹង​សហប្រតិបត្តិការ​ទាំង​ផ្នែក​វិទ្យាសាស្ត្រ និង ការអភិវឌ្ឍន៍​ថាមពលនុយក្លេអ៊ែរ​រប​ស់​ឥណ្ឌូនេស៊ី។
ជុំវិញ​នៃ​គម្រោង​នេះដែរ លោក Galuzin  បាន​អះអាងថា ក្នុងនាម​រុស្ស៊ី​ជា​ប្រទេស​ដែលមាន​បច្ចេកទេស​លើ​ជំនាញ​ថាមពលនុយក្លេអ៊ែរ​រប​ស់​ពិភពលោក  រុស្ស៊ី​នឹង​ក្លាយជា​ដៃគូ​ដ៏​សំខាន់ របស់​ឥណ្ឌូនេស៊ី​ក្នុងការ​សម្រេច​ចិត្ត​លើកដំបូង​លើ​គម្រោង​នៃ​ការសាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នេះ។ 
 
យ៉ាងណាក៏ដោយ គម្រោង​ខាងលើ អាច​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដ្បិត​ការសាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ គឺជា​បញ្ហា​មួយ​ដែល​ប្រជាជន​ឥណ្ឌូនេស៊ី មានការ​ព្រួយបារម្ភ​ខ្លាំង ។ ជាក់ស្តែង គម្រោង​នៃ​ការសាងសង់​នេះ ក៏​ធ្លាប់​ត្រូវបាន​ពន្យា​ពេល​ម្តង​រួចទៅហើយ ក្រោយពី​មានការ​តវ៉ា​ពី​ប្រជាជន​កាលពី​ឆ្នាំ២០១៣ ។ 
 

Tag:
 រុស្ស៊ី
  ​ឥណ្ឌូនេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com