ពីនេះ ពីនោះ
ចាប់ផ្ដើមពីការងារដែលងាយ ធ្វើឲ្យជីវិតកាន់តែរីកចម្រើន
× ភ្នំពេញ៖ សម័យកាលកាន់តែរីកចម្រើន ការងារកាន់តែសំបូរ អ្នកចេះដឹងកានតែច្រើន តម្រូវសេដ្ឋកិច្ចកាន់តែចាំបាច់ រីឯតម្លៃ និងកិត្តិយសបុគ្គល ក្លាយជាប្រធានបទដ៏សំខាន់មួយដែលមនុស្សទូទៅតែងតែគិត រកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាឲ្យជីវិតមានតម្លៃ និងមានកិត្តិយស។ ចំណែកការងារគឺជាចំណុចចាប់ផ្ដើមមួយដែរអាចកំណត់ថាមនុស្សម្នាក់រីកចម្រើនឬមិនរីកចម្រើនបានដែរ។
មានយុវជនមួយចំនួនតែងតែមើលងាយចំពោះការងារដែលមានលក្ខណៈងាយស្រួល និងសាមញ្ញ ហើយគិតថាជាការងារដែលងាយពេក នរណាក៏អាចធ្វើបាន។ មិនតែប៉ុណ្ណោះមិនហ៊ានធ្វើការងារទាំងនោះ ដោយជាប់នូវផ្នត់គំនិតខ្លាចអ្នកដទៃមើលមកថា ខ្លួនជាមនុស្សអន់ គ្មានសមត្ថភាព មិនអាចទៅកាន់ការងារដែលធំៗបាន ខ្លាចគេសើចចំអក ជាការងារដែលមនុស្សទូទៅមិនសូវឲ្យតម្លៃជាដើម។ អ្នកទាំងនោះក៏ព្យាយាមសម្លឹងទៅរកតែការងារដែលធំៗ មានឋានៈ បុណ្យស័ក្កខ្ពស់ ដែលគេគិតថាធ្វើឲ្យជីវិតរបស់គេមានតម្លៃ ទាំងមិនបានពិនិត្យមើលទៅលើសមត្ថភាពរបស់ខ្លួន ថាអាចធ្វើកិច្ចការទាំងនោះបានឬអត់? រហូតដល់ទីបំផុត ការងារទាំងនោះក៏មិនទទួលបាន បទពិសោធន៍ការងារធម្មតាក៏គ្មាន ហើយអ្វីក៏មិនចេះ ក៏មិនអាចធ្វើបាន។
តែយុវជនត្រូវតែចាំក្នុងចិត្តថា គ្មានការរីកចម្រើនឯណាដែលមិនមានចំនុចចាប់ផ្ដើមទេ ហើយក៏គ្មានភាពជោគជ័យឯណាដែលទទួលបានដោយងាយងាយនោះដែរ។ ចង់ក្លាយជាសិស្សដែលពូកែត្រូវតែចាប់ផ្ដើមរៀនមេរៀនដែលធម្មតា ចង់ក្លាយជាបុគ្គលិកដែលល្អត្រូវការងារដែលសាមញ្ញៗ ចង់ក្លាយជាអ្នកជំនួញដ៏ល្បីត្រូវចាប់ផ្ដើមពីជីវិតជាពាណិជ្ជករខ្នាតតូច ចង់ក្លាយជាអ្នកមានលុយសល់ច្រើនត្រូវផ្ដើមសន្សំពីចំនួនតិច ចង់ក្លាយជាមន្ត្រីដ៏ល្អក្នុងស្ថាប័ន ត្រូវស្គាល់ការងារមន្ត្រីថ្នាក់ក្រោម។ នោះទើបធ្វើឲ្យប្រសិទ្ធភាពនៃការងារសម្រេចការងាររបស់អ្នកមានលទ្ធផលវិជ្ជាមានច្រើន ជាងអវិជ្ជមាន ព្រោះទាំងនេះកើតចេញពីចំណេះដឹង និងបទពិសោធន៍របស់អ្នក។
ហេតុនេះជាមនុស្សម្នាក់ដែលជោគជ័យក្នុងអាជីព ជាយុវជនម្នាក់ដែលអាចសម្រេចគោលបំណងរបស់ខ្លួនបាន គឺគេចាប់ផ្ដើមពីអ្វីដែលគេយល់ថាខ្លួនរបស់គេមានភាពស្ទាត់ជំនាញជាមួយកិច្ចការនោះ។ មិនតែប៉ុណ្ណោះជនទាំងនោះ មិនដែលខ្វល់ថាការងារដែលគេកំពុងធ្វើវាមានភាពងាយពេក ឬក៏លំបាកនោះទេ អ្វីដែលសំខាន់គឺគេគិតថា គោលដៅនៃជីវិតរបស់គេគឺចាប់ផ្ដើមពីចំណុចមួយនេះ។ ដូច្នេះអ្នកត្រូវតែស្វែងរកកន្លែងចាប់ផ្ដើមផ្លូវជីវិតរបស់អ្នកឲ្យឃើញ។ ប្រសិនបើអ្នកមិនអាចស្វែងរកចំណុចចាប់ផ្ដើមឃើញទេ សួរថាគោលដៅរបស់អ្នកសម្រេចបានដោយរបៀបណា?ជីវិតអ្នកអាចរីកចម្រើនទេ?
© រក្សាសិទ្ធិដោយ thmeythmey.com