អន្តរជាតិ
តើផលិតផលជណ្តើរយន្តចិនអាចជឿទុកចិត្តបានដែរឬទេ ?
× ក្មេងប្រុសម្នាក់ទៀតហើយបានបាត់បង់ជីវិត បន្ទាប់ពីបានកៀបដៃជាប់ក្នុងបង្កាន់ដៃជណ្តើរយន្ត(ជើង) នៅស្ថានីយ៍រថភ្លើងក្រោមដីនៅទីក្រុង Chongqing ភាគនីរតីប្រទេសចិន នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃពុធម្សិលម៉ិញ វេលាម៉ោង ១១ ម៉ោងក្នុងប្រទេសចិន។
ពេលនេះ គេមិនដឹងពីមូលហេតុច្បាស់លាស់ដែលបង្កឲ្យមានគ្រោះថ្នាក់នេះទេ។ ជណ្តើរយន្តត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតដ៏ល្អិតល្អន់មួយ។
អ្នកនាំពាក្យមួយរូបនៃរដ្ឋបាលចិនបាននិយាយថា ចំនួនកើនឡើងនៃជណ្តើរយន្តជើង និងជណ្តើរយន្តប្រអប់ ដែលចាស់ទ្រុឌទ្រោម បានបង្កឲ្យមានបញ្ហាចោទចំពោះសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ គេហទំព័រ People Daily ជាភាសាបារាំងបានចុះផ្សាយថា បើយោងតាមតួលេខរបស់រដ្ឋបាលចិន ជណ្តើរយន្ត ៥ ក្នុងចំណោម ១០០ (ទាំងជណ្តើរយន្តជើង និងប្រអប់) ប្រឈមនឹងបញ្ហា។ ក្នុងចំណោមជណ្តើរយន្ត ១១១ ០០០ ដែលរកឃើញថា មានបញ្ហាបច្ចេកទេសនៅឆ្នាំ ២០១៥ នេះ មានតែ ៧៩ ០០០ ប៉ុណ្ណោះដែលត្រូវបានជួសជុលឡើងវិញ។ ចំនួនដែលសេសសល់នឹងត្រូវជួលជុលនៅពាក់កណ្តាលឆ្នាំបន្ទាប់។
មិនតែប៉ុណ្ណោះ ជណ្តើរយន្តជើងភាគច្រើនដែលផលិតក្រោយឆ្នាំ ២០០៣ ឈានដល់កំណត់កាលប្រើការលែងបានទៅហើយ។ បើតាមគេហទំព័រខាងលើ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា រឿងនេះរឹតតែបង្កឲ្យមានបញ្ហាចោទចំពោះសុវត្ថិភាពអ្នកប្រើប្រាស់កាន់ខ្លាំងថែមទៀត។ លោកបានបន្តថា៖ « អ្វីដែលរឹតតែគួរឲ្យបារម្ភ គឺគេពិបាកនឹងកំណត់ថា អ្នកណាជាអ្នកទទួលខុសត្រូវជួសជុលជណ្តើរយន្តដែលចាស់ទ្រុឌទ្រោមក្នុងអគារស្នាក់នៅណាស់ »។
ជាទូទៅ គ្រោះថ្នាក់ជណ្តើរយន្តបង្កឡើងដោយការប្រើប្រាស់ខុសបែបបទរបស់អ្នកប្រើប្រាស់ និងបញ្ហាបច្ចេកទេស។ ការថែទាំមិនបានល្អគឺជាបញ្ហាចម្បងនៅក្នុងប្រទេសនេះ។ គ្រោះថ្នាក់កើតឡើងមួយផ្នែកដោយសារការប្រកួតប្រជែងតម្លៃក្នុងវិស័យថែទាំគ្រឿងមេកានិច ជាហេតុធ្វើឲ្យគុណភាពនៃសេវាកម្មធ្លាក់ចុះ។
គួររម្លឹកថា ប៉ុន្មានខែចុងក្រោយនេះ មានគ្រោះថ្នាក់ជណ្តើរយន្តជើងកើតឡើងជាញឹកញាប់នៅចិន។ កាលពីខែកក្កដាកន្លងទៅ ស្ត្រីវ័យក្មេងម្នាក់បានបាត់បង់ជីវិតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្នុងខេត្ត Hubei បន្ទាប់ពីបានដើរផុងបន្ទះលោហៈនៅមាត់ជណ្តើរយន្ត ហើយខ្លួនប្រាណទាំងមូលក៏ត្រូវធ្លាក់ចូលក្នុងជណ្តើរដែលនៅតែបន្តដំណើរការធម្មតា។ សំណាងល្អ ដែលស្ត្រីរូបនេះអាចជួយសង្គ្រោះជីវិតកូនប្រុសអាយុ ២ ឆ្នាំបាន។ បើតាមគេហទំព័រ chinedirect.net នៅមុនហេតុការណ៍ ៥ នាទី បុគ្គលិកនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនេះបានសង្កេតឃើញពីភាពមិនប្រក្រតីចំពោះជណ្តើរយន្ត។ ប៉ុន្តែ គេមិនបានបង្អាក់ដំណើរការរបស់ជណ្តើរយន្តទេ។
ភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់នេះ ស្អែកឡើង ក្មេងប្រុសតូចអាយុ ១ ឆ្នាំមកពីតំបន់ Guangxi ភាគខាងត្បូងប្រទេស បានជាប់ដៃម្ខាងក្នុងជណ្តើរ បន្ទាប់ពីធ្លាក់ពីកាំជណ្តើរ។ សំណាងល្អ ក្មេងតូចនេះត្រូវបានជួយសង្គ្រោះទាន់ពេលវេលា៕
© រក្សាសិទ្ធិដោយ thmeythmey.com