អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិកត្រៀមបញ្ជូននាវាចម្បាំងមកកាន់តំបន់ជម្លោះសមុទ្រចិនខាងត្បូង
× អាមេរិក នឹងបញ្ជូននាវាចម្បាំងមកចូលចតនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង នៅពេលខាងមុខនេះ។ បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហាចម្រូងចម្រាសមួយដែលកំពុងតែធ្វើឲ្យមានការប្រឈមមុខគ្នារវាងរដ្ឋជាប់ពាក់ពន្ធ័ដែលមានរដ្ឋអាស៊ានមួយចំនួន ជាមួយចិន។ តាមរបាយការណ៍របស់អាមេរិក ការបន្តវាតទីនៅក្នុងតំបន់ជម្លោះ និងសង់កោះសិប្បនិម្មិតរបស់ចិន កំពុងក្លាយជាក្តីបារម្ភសម្រាប់រដ្ឋជាប់ពាក់ពន្ធ័។
នៅរយៈពេល២សប្តាហ៍ខាងមុខ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបញ្ជូននាវាចម្បាំងមួយចំនួនមកកាន់សមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្បែរកោះសិប្បនិម្មិត ដែលរដ្ឋាភិបាលក្រុងប៉េកាំង បានសាងសង់នៅក្នុងតំបន់ជម្លោះ។ នេះបើយោងតាមសារព័ត៌មាន Financial Times ដែលបានស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក។
រយៈពេលចុងក្រោយនេះ ចិននៅតែបន្តសកម្មភាពវាតទីនៅក្នុងតំបន់ជម្លោះ ខណៈមេដឹកនាំអាស៊ាន បន្តដុតដៃដុតជើងស្វែងរកដំណោះស្រាយ និងយន្តការនានា ដើម្បីអាចកាត់បន្ថយភាពតានតឹង នៃការទាមទារលើតំបន់ត្រួតស៊ីគ្នា។
កន្លងមករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះសកម្មភាពនេះ ដោយបានចាត់ទុករដ្ឋាភិបាលក្រុងប៉េកាំង ថាបានបំពានទៅនឹងច្បាប់អន្តរជាតិ ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រជាដើម។ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធ និងបានអះអាងថា សកម្មភាព និងការទាមទាររបស់ខ្លួន គឺស្របទៅនឹងតម្រូវការបច្ចុប្បន្ន ផែនទីប្រវត្តិសាស្ត្ររបស់ចិនផងដែរ។
ប្រសិនបើអាមេរិកពិតជាបញ្ជូននាវាចម្បាំងមកកាន់តំបន់ជម្លោះមែននោះ វានឹងបង្កើតឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងបន្ថែមទៀត។ នោះក៏ព្រោះតែកោះសិប្បនិម្មិតដែល ចិនបានសាងសង់ហើយនោះ បានក្លាយជាមូលដ្ឋានយោធាដ៏សំខាន់របស់ចិន។ គេក៏មិនប្រាកដថា តើភាគីទាំងពីរ អាចធានាបានថា នឹងគ្មានការប៉ះទង្គិចគ្នាឬយ៉ាងណានោះទេ?
សូមបញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូង គឺជម្លោះដែនអធិបតេយ្យរវាងចិន និងរដ្ឋអាស៊ាន ដែលរួមមានប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ បញ្ហាចុងក្រោយនេះ គឺហ្វីលីពីន ដែលជាសម្ពន្ធ័មិត្តរបស់អាមេរិក បានប្រឈមមុខគ្នាខ្លាំង ជាមួយនឹងចិន តាមរយៈការសមយុទ្ធយោធានៅក្នុងតំបន់ ជម្លោះ។ រដ្ឋាភិបាលហ្វីលីពីន ថែមទាំងបានចំអកទៅកាន់រដ្ឋាភិបាលចិន ចំពោះការសុំចរចាទ្វេភាគីជាមួយនឹងហ្វីលីពីនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com