ពីនេះ ពីនោះ
នៅពេលដែល​ការអភិវឌ្ឍ និង​ទឹកភ្នែក​កើតឡើង​ទន្ទឹមគ្នា…
09, Oct 2015 , 9:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ការអភិវឌ្ឍ ថ្វីបើ​បានរួម​ចំណែក​ជួយ​សម្រួល​ដល់​ការរស់នៅ ការប្រកប​អាជីវកម្ម ដំណើរ​ផលិតកម្ម ការធ្វើដំណើរ ការដឹកជញ្ជូន ទំនាក់ទំនង ការ​ព្យា​ល​ជំងឺ ការសិក្សា ការ​ស្រាវ​ជ្រា​ជ្រាវ និង វិស័យផ្សេងៗជាច្រើន​ទៀត​ក៏ដោយ ប៉ុន្តែ វា​ក៏បានផ្ដល់​ផលប៉ះពាល់​មួយចំនួន​ដល់​ជីវិត​មនុស្ស សង្គម វប្បធម៌ ជីវិត​សត្វ និង បរិស្ថាន​ដទៃទៀត​ដែរ។ ជារួម គេ​អាច​និយាយបានថា ការអភិវឌ្ឍ អាចធ្វើឱ្យ​មនុស្ស​សប្បាយរីករាយ​និង​សង្គម​រីកចម្រើន ហើយ​វា​ក៏​អាចធ្វើឱ្យ​មនុស្ស​បង្ហូរទឹកភ្នែក​និង​ជួប​វិបត្តិ​មួយចំនួន​ដែរ។ តើ​ការអភិវឌ្ឍ​បែបណា ធ្វើ​ពលរដ្ឋ​រីករាយ? និង ការអភិវឌ្ឍ​បែបណា ធ្វើ​ពលរដ្ឋ​បង្ហូរទឹកភ្នែក?

 

 
ការអភិវឌ្ឍ គឺជា​ដំណើរ​នៃ​ការផ្លាស់ប្ដូរ ឬ ការប្រែប្រួល​ទៅរក​សភាព​មួយ​ដែល​ធំ​ជាង​មុន ខ្លាំង​ជាង​មុន ប្រសើរ​ជាង​មុន ចាប់អារម្មណ៍​ជាង​មុន ជោគជ័យ​ជាង​មុន ឬ ជឿនលឿន​ជាង​មុន។ ម្យ៉ាងទៀត ការអភិវឌ្ឍ ក៏​សំដៅយក​ការជំរុញឱ្យ​អ្នកណាម្នាក់ ឬ អ្វីមួយ ផ្លាស់ប្ដូរ​តាម​វិធី​ដូចខាងលើ​នេះដែរ។

កម្ពុជា​ដែលជា​ប្រទេសមួយ​ទើបតែ​ងើប​ពី​សង្គ្រាម​នោះ ការអភិវឌ្ឍ ក៏​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ដែរ។ ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់ខ្លួន កម្ពុជា​បានធ្វើឱ្យ​មានការ​ផ្លាស់ប្ដូ​រ​ខាង​ផ្នែក​សម្ភារៈ រួមមាន ហេ​ដ្ឋា​រចនា​ស្ព​ន្ធ​រូបវន្ដ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន អគារ​សាធារណៈ និង សេវផ្សេងៗ ដូចជា ការដឹកជញ្ជូន ទូរគមនាគមន៍ ទឹកស្អាត អគ្គិសនី និង កិច្ចការរដ្ឋបាល ជាដើម។ ចំណែក​ឯខាង​ធនធានមនុស្ស ចំណេះដឹង ទ្រឹស្ដី និង របៀប​បំពេញការងារ ក៏មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​ដែរ។ ទាំងអស់នេះ គឺជា​ការអភិវឌ្ឍ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សប្បាយរីករាយ។

ផ្ទុយទៅវិញ ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់ខ្លួន កម្ពុជា​ក៏បាន​ជួប​បញ្ហា​មួយចំនួន​ដែរ ដូចជា៖
1.    ការបណ្ដេញ​ប្រជាជន​មូលដ្ឋាន​ចេញពី​ទីតាំង​អភិវឌ្ឍ​ដោយ​បង្ខំ​និង​គ្មាន​សំណង​សមរម្យ ជាក់ស្ដែង ករណី​តំបន់​បឹងកក់ បុរី​កីឡា ដីក្រហម(ប៊ូ​ឌី​ង) សំបុកចាប កោះ​ពេជ្រ និង តំបន់​អភិវឌ្ឍ​ដទៃទៀត​នៅ​ស្ទើរតែ​គ្រប់​ខេត្ត ក្រុង ជាពិសេស ទីតាំង​អភិវឌ្ឍ​វា​រី​អគ្គិសនី និង ដី​សម្បទាន​សេដ្ឋកិច្ច។

2.    ការផ្លាស់ប្ដូរ​ទីតាំង​អគារ​សាធារណៈ​ពី​ទីតាំង​ចាស់​ដែល​ដី​មានតម្លៃ​ខ្ពស់ ទៅកាន់​កន្លែង​ថ្មី​ដែល​ឆ្ងាយ​ពី​ទីប្រជុំជន តម្លៃ​ដី​ថោក និង សំណង់​ថ្មី​ដែល​គ្មាន​គុណភាព។

3.    ការរំលោភ​ដី​ធី្ល​ពី​ភាគី​នាយទាហាន ឬ អ្នកធំ​មួយចំនួន​ទៅលើ​ប្រជាជន​ក្រីក្រ​នៅតាម​តំបន់​មួយចំនួន នៅ​ស្ទើរតែ​គ្រប់​ខេត្ត ជាពិសេស អតីត​តំបន់​មូលដ្ឋាន​កងទ័ព​ក្នុងសម័យ​សង្គ្រាម ក្រោម​ស្លាក«អភិវឌ្ឍន៍»។

4.    ការ​បូម​ខ្សាច់​ដែល​ធ្វើ​បាក់​ច្រាំងទន្លេ ប៉ះពាល់​ដល់​លំនៅស្ថាន​របស់​ប្រជាជន​ដែល​រស់នៅ​តាម​ដង​ទន្លេ ក្រោម​ស្លាក​បម្រើឱ្យ«ការអភិវឌ្ឍ»។

5.    ក្រោមលេស ការកាប់​រាន​ព្រៃឈើ​និង​ការសាកល្បង​រុករក​រ៉ែ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច មុននឹង​ចាប់ផ្ដើម​អភិវឌ្ឍ​លើ​គម្រោង​របស់ខ្លួន ពួក​ឈ្មួញ​ដែល​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ បាន​កាប់​ឈើ​និង​ជីក​កកាយ​យក​រ៉ែសំខាន់ៗអស់ ហើយ​ទីបំផុត ពួកគេ​ក៏បាន​បញ្ឈប់​អាជីវកម្ម​របស់ខ្លួន ដោយ​មិនមាន​ហេតុផល​ច្បាស់លាស់។

ក្រៅពីនេះ នៅមាន​ករណី​អវិជ្ជមាន​ជាច្រើន​ទៀត​ដែល​យើង​មិនអាច​រៀបរាប់​អស់​នៅទីនេះ។ ទាំងអស់​នេះហើយ​ដែល​អាច​ចាត់ទុកថា​ជាការ​អភិវឌ្ឍ​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​បង្ហូរទឹកភ្នែក​មិនចេះចប់។

ជាធម្មតា នៅ​ប្រទេស​ណា​ក៏​គេ​ត្រូវការ​ការអភិវឌ្ឍ​ដែរ ប្រសិនបើ​គ្មាន​ការអភិវឌ្ឍ​ទេ មនុស្ស​មិនអាច​បំពេញតម្រូវការ​របស់ខ្លួន​បានឡើយ​ទាំង​កម្រិត​បុគ្គល​និង​សង្គម។ ប៉ុន្តែ ការអភិវឌ្ឍ ត្រូវតែ​ឈរលើ​គោលការណ៍​ត្រឹមត្រូវ​និង​ច្បាស់លាស់ ពោលគឺ​ជាការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព, ការអភិវឌ្ឍ​ដែល​ទទួលបាន​ផល​វិជ្ជមាន​ច្រើ​ជាង​ផល​អវិជ្ជមាន, ការអភិវឌ្ឍ​ដែល​ផ្អែកលើ​ច្បាប់ សិទ្ធិមនុស្ស និង​គោលការណ៍​សីលធម៌, ការអភិវឌ្ឍ​ដែល​ផ្អែកលើ​ការសិក្សា​មួយ​ដ៏​ច្បាស់លាស់, ការអភិវឌ្ឍ​ដែល​ចែករំលែក​ផលប្រយោជន៍​សមធម៌រ​វាង​វិនិយោគ​គិ​ន រដ្ឋ និង សហគមន៍, និង ការអភិវឌ្ឍ​ដែលមាន​ការទទួលខុសត្រូវ​និង​គណនេយ្យភាព។

ប្រសិនបើ​ការអភិវឌ្ឍ មិនបាន​ប្រព្រឹត្ត​ទៅតាម​មូលដ្ឋាន​សម​ហេតុផល​ដូច​បាន​រៀបរាប់​ខាង​ខាងលើនេះ​ទេ ពលរដ្ឋ​ខ្មែរ​នឹង​បន្ត​រងគ្រោះ​ដោយ​ពាក្យ«ការអភិវឌ្ឍ» ហើយ​ពួកគេ​នឹង​បន្ត​បង្ហូរទឹក​ផ្នែក​ដោយសារតែ​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ។ ក្នុង​សភាព​បែបនេះ ពួកគេ​នឹង​ផ្ដល់​និយមន័យ​ថ្មី​ឱ្យ​ពាក្យ«ការអភិវឌ្ឍ» ដូចជា ការអភិវឌ្ឍ​គឺជា​ទឹក​ផ្នែក, ការអភិវឌ្ឍ​គឺជា​ការបណ្ដ​ញ​ប្រជាពលរដ្ឋ​ចេញពី​មូលដ្ឋាន​ដោយ​បង្ខំ​និង​គ្មាន​សំណង​សមរម្យ, ការអភិវឌ្ឍ​គឺជា​ការយក​ដី​របស់ខ្ញុំ​ទៅ​លក់​ឱ្យ​អ្នកដទៃ, ការអភិវឌ្ឍ​គឺជា​ការ​ប្លន់​ដី​របស់​អ្នកក្រ​ពី​ភាគី​អ្នកធំ ឬ​នាយទាហាន...។

ជារួម យើង​បាន​សង្កេតឃើញថា ការអភិវឌ្ឍ ពិតជា​រួមចំណែក​ធ្វើ​សង្គម​ខ្មែរ​ប្រែប្រួល​និង​រីកចម្រើន​មែន ប៉ុន្តែ ការរីកចម្រើន​នេះ មិនទាន់មាន​សមធម៌ និង យុត្តិធម៌​ទេ ដោយ​ក្នុងនោះ ភាគី​វិនិយោគិន​ឬ​អ្នកមាន និង​បុគ្គល​ដែលជា​អាជ្ញាធរ​ខិលខូច ទទួលបាន​ផលប្រយោជន៍​ជា​អតិបរមា ចំណែកឯ​អ្នកក្រ​ដែល​រង​ផលប៉ះពាល់​និង​រដ្ឋ​ឬ​សង្គម មិនបាន ឬ​បាន​ទទួលផល​តិចតួច។ ផ្ទុយទៅវិញ​កម្រិត​នៃ​ផលប៉ះពាល់​ផ្នែក​អវិជ្ជា មាន​ច្រើន​ស្ទើរតែ​មិនអាច​ទទួលយកបាន។ ប្រសិនបើ​សភា​ពនៃ​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​នៅតែ​បន្ត នោះ​អ្នកមាន​កាន់តែ​មានទៅៗ ឯ​អ្នកក្រ កាន់តែ​ក្រទៅ៕  


Tag:
 សេដ្ឋកិច្ច
  សង្គម
  អភិវឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com