ជាតិ
រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅវៀងចន្ទន៍
× នៅក្នុងបរិវេណនៃវត្តថាតហ្លួង (វត្តធាតុស្តេច) នៅទីក្រុងវៀងចន្ទន៍ ប្រទេស លាវ/ឡាវបច្ចុប្បន្ន យើង បានឃើញនូវចម្លាក់ថ្មមួយឆ្លាក់ជាក្បាច់ក្រឡោត តំណាងព្រះបាទជ័យវរ្ម័នទី៧ (គ.ស. ១១៨១- ១២១៨ ?) ស្ថិតក្នុងឥរិយាបទសមាធិ ដោយមានព្រះហស្ថទាំងពីរលា ហើយដាក់គងលើគ្នាលើភ្លៅ ពោលគឺមិនមែនជាកាយវិការកំពុងប្រណម ឬអញ្ជលីឡើយ។
បើគេពិនិត្យព្រះរូបនេះឲ្យបានហ្មត់ ចត់បន្តិចទៅ គេនឹងឃើញថា ព្រះកេសរបស់ចម្លាក់របស់យើង ត្រូវបានជួសជុលឡើងវិញ ដោយ ហេតុថា ឆ្នូតដើមនៃព្រះកេសា ត្រូវវិចិត្រករលាវ/ឡាវ នៅស.វទី១៤ បញ្ឈូស ហើយជំនួសដោយ ក្បាច់គួចត្របាញ់ដុំ។ រីឯ ផ្នួងសក់នៅលើព្រះកេស ត្រូវបានជំនួសដោយ កន្តុប ឬពក របស់ព្រះ ពុទ្ធអង្គវិញ ដែលតំណាងឲ្យឥទ្ធិពលពិសិដ្ឋ និងភាពឆ្លាសវៃគ្មានព្រំដែនរបស់ព្រះសម្មាសម្ពុទ្ធ។ ក្រៅពីនេះ ចម្លាក់នេះថែមទាំងត្រូវបានលាបម្រ័ក្សណ៍ខ្មៅរលោងថែមទៀតផង ក្នុងខណៈដែល ព្រះបាទ ផាងុំ ស្តេចលាវដំបូងបង្អស់បានកាន់កាប់ភូមិភាគនេះ។
ដោយឥតសង្ស័យ គេអាចនិយាយបានថា ការកែប្រែ ឬការច្នៃរូបសំណាក់របស់ព្រះបាទជ័យវរ្ម័នទី៧ ខាងលើនេះ គឺដើម្បីធ្វើឲ្យព្រះរូបរបស់ទ្រង់ឲ្យក្លាយទៅជាព្រះពុទ្ធអង្គ ជាទីគោរពសក្ការៈ ដើម្បីមូល ហេតុសាសនា។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ព្រះបដិមាដ៏សំខាន់សម្រាប់ប្រវត្តិសាស្ត្រនៃព្រះរាជា ណាចក្រកម្ពុជាបុរាណ បានរក្សានៅឡើយនូវលក្ខណៈមួយចំនួន ដែលបង្ហាញអំពីមនុស្សភាពនៃ ចម្លាក់ ដូចជា សំពត់ខ្មែរ និង ផ្នួងសក់ជាដើម ដូចដែលមាននៅលើចម្លាក់មួយនៅសារមន្ទីរជាតិ ភ្នំពេញ។
នៅមានឧទាហរណ៍សំខាន់មួយទៀត ដែលអនុញ្ញាតឲ្យយើងអាចសន្និដ្ឋានយ៉ាងត្រឹមត្រូវ បានថា ព្រះរូបនៅវត្តថាតហ្លួង គឺពិតជារូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧យ៉ាងប្រាកដមែន គឺ ភាពរឹងមាំនៃដងខ្លួន ដែលបង្ហាញតាមរយៈព្រះហស្ថ និង ព្រះបាទា ដែលប្រកបដោយកម្លាំងមាំមួន ដូចករណីនៃចម្លាក់មកពីប្រាសាទព្រះខ័ន កំពង់ស្វាយ នៅខេត្តព្រះវិហារ ដែលលោកអួង វន និង រូបយើងផ្ទាល់បានរកឃើញកន្លងមក។
ដោយយោងលើ លក្ខណៈសម្បត្តិទាំងប៉ុន្មានខាងលើនេះ យើងអាចសន្និដ្ឋានបានថា រូបសំណាក់ ព្រះបាទជ័យវរ្ម័ន ទី៧ ដ៏ខ្លាំងពូកែ ដែលយើងទើបតែបានពិពណ៌នានៅខាងលើនេះ ពិតជាស្ថិតក្នុង ឥរិយាបទសមាធិ ដូចករណីចម្លាក់មួយដែលយើងបានរកឃើញនៅប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងខេត្តព្រះវិហារកន្លងមក ហើយដែលសព្វថ្ងៃរក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញ។
ដូច្នេះ ពាក់ព័ន្ធទៅនឹងលក្ខណៈដើមនៃព្រះរូបរបស់យើង គេមិនត្រូវមានការមន្ទិលសង្ស័យ តទៅទៀតឡើយ៕
ដោយ បណ្ឌិត មីសែល ត្រាណេ
ដកស្រង់ចេញពីគេហទំព័រ www.khemaravidya.com
© រក្សាសិទ្ធិដោយ thmeythmey.com