ជាតិ
ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ ព្រែក​តា​គង់​ក្បែរ​ស្ពាន​ជ្រោយចង្វា
15, Oct 2015 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
ការសិក្សា​ឲ្យ​យល់ដឹង និង​ការតាំង​កាលបរិច្ឆេទ តាម​វិទ្យាសាស្ត្រ ដូច​ប្រទេសជិតខាង​បានធ្វើ ស្តីពី​សម្មិទ្ធផល​សង្គម នា​សម័យ​ដើម ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង និង ដ៏​មាន​ប្រសិទ្ធិភាព សម្រាប់ធ្វើ​ឲ្យ​យើង​ស្គាល់​នូវ ចំណាស់​នៃ ខឿនវប្បធម៌ នៅក្នុង​តំបន់​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន។


ជាការ​ពិតណាស់ ដោយ​ផ្អែក​ទាំង​ស្រុកលើ​របកគំហើញ​ខាង​បុរាណវិទ្យា​នា​សម័យ​បុរេប្រវត្តិ សាស្ត្រ យើង​អាច​ដឹង​យ៉ាង​ប្រាកដថា សម្មិទ្ធផល​សង្គម ដូចជា​វត្ថុ​ប្រើប្រាស់​រួមមាន ភាជន៍ និង​ពូថៅ ថ្ម​ជាដើម នៅក្នុង​បរិវេណ​នៃ​ទីក្រុង​ភ្នំពេញ ដែលជា​ផ្នែក​មួយ​នៃ​ខឿនវប្បធម៌​របស់​បុព្វការី​ជន​ខ្មែរ មានកំណើត និង​អាយុកាល​ដំណាលគ្នា និង​កំណើត និង​អាយុកាល​នៃ​បុរាណវត្ថុ ដែល​យើង​បាន​ជួបប្រទះ​ក្នុង​ភូមិភាគ​ឥណ្ឌូ-ចិន​យើង​នេះ។
 
ដូចនេះ​យើង​អាច​ពោលថា ចាប់តាំងពី​ការកកើត​ទឹកដី​មក ជនជាតិខ្មែរ​ដែល​បានរស់នៅ​ក្នុង តំបន់​រាជធានី​ភ្នំពេញ ក៏​ដូច​នៅតាម​តំបន់​ជិត​ឆ្ងាយ​ឯទៀត បាន​សាងសង់ វប្បធម៌​របស់ខ្លួន ហើយ​វប្បធម៌​នេះ ល្បី​សុះសាយ​ទូទាំង​ជ្រោយ​ឥណ្ឌូ-ចិន មុន​ការមកដល់​នៃ​អម្បូរ​ចិន ។ ហើយ​ក្នុងករណី​ភាគ ច្រើន​លើសលប់ បុរាណវត្ថុ​ទាំងនោះ​ស្ថិតក្នុង​ទម្រង់ និង​បរិបទ​ដូចគ្នា ដូច​ឧស្សាហកម្ម​កុលាលភាជន៍ ជាដើម ដែលជា​ច្រក​ផ្លូវ​បើក​ទៅកាន់​ការស្រាវជ្រាវ​អំពី​ឫសកែវ​នៃ​វប្បធម៌ អារ្យធម៌​ខ្មែរ មុន​ឥណ្ឌូ​រូប​នី យក​ម្ម។
 
បើ​និយាយ​ម្យ៉ាងទៀត ការសិក្សា​ស្រាវជ្រាវ ដោយ​ប្រៀបធៀប​នូវ​រាល់​ស្លាកស្នាម​វប្បធម៌​ខ្មែរ ដើម ដែល​គេ​បាន​ជួបប្រទះ​នៅ​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​មួយចំនួន គឺអាច​ជួយ​ដល់​អ្នកស្រាវជ្រាវ​ឲ្យ ឈានដល់​កម្រិត​ចេះដឹង​ត្រឹមត្រូវ​ដ៏​គាប់ប្រសើរ។ ពាក់ព័ន្ធ​ទៅនឹង​កុលាលភាជន៍ នា​សម័យ​បុរេប្រវត្តិសាស្ត្រ នៅ​ស្ថានីយ៍​ព្រែក​តា​គង់​រាជធានី​ភ្នំពេញ យើង​សង្កេត ឃើញថា ទម្រង់ និង​ក្បូរ​ក្បាច់រចនា​នៃ ភាជន៍ មាន​ជើង​នៅ​ទីនោះ មានដូចជា ភាជន៍ នៅ​ស្ថានីយ​កញ្ជ្រៀច (ខេត្តព្រៃវែង), នៅ​អង្គរបុរី (ខេត្ត តាកែវ), នៅ​ស្ថានីយ៍ យ៉ុង​កា​វោ (ដែនដី​សណ្ត​កម្ពុជា​ក្រោម) និង​នៅ​ភ្នំ ភូ​លញ ក្នុង​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន។
 
ជាមួយនេះ តាម​របាយការណ៍​ឲ្យ​ដឹងថា ប្រភេទ​ថូ​មាន​ជើងវែង​មូល (Coupe ā pied) ខាងលើ នេះ ត្រូវបាន​ផលិតឡើង​តាំងតែ​រវាង ៨៣០ និង ៥៨០ មុន​គ.ស នៅ​តំបន់​ខ្ពង់រាប​នគររាជ ដែលជា​ទឹក ដី​កំណើត​របស់​អម្បូរ មន-ខ្មែរ មក​ម្លេះ ។ ព័ត៌មានវិទ្យា​សាស្ត្រ​នេះ មិន​ត្រឹមតែ​ផ្តល់ជំនួយ​ដល់​ការពង្រីក​ចំណេះ​ចេះដឹង​របស់​យើង​អំពី ឫសកែវ​នៃ វប្បធម៌​មន-ខ្មែរ​ដើម និង ជំរុញ​ការអភិវឌ្ឍន៍​ប្រវត្តិសាស្ត្រ ខេ​មរ​ជាតិ៕
 
ដោយ បណ្ឌិត មី​សែ​ល ត្រា​ណេ
ដកស្រង់​ចេញពី​គេហទំព័រ www.khemaravidya.com
 

Tag:
 ខេ​មរ​វិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com