ជាតិ
អ្វីខ្លះ​ជា​បច្ច័យ៤ របស់​ព្រះសង្ឃ?
23, Jul 2017 , 1:39 pm        
រូបភាព
 
ចតុប្បច្ច័យ ឬ​បច្ច័យ៤ គឺជា​វត្ថុ៤យ៉ាង សម្រាប់​ទ្រទ្រង់​ជីវិត​ព្រះសង្ឃ។ បច្ច័យ​ទាំង៤នេះ​គឺ ចីវរ​ប្បច្ច័យ, បិណ្ឌបាតប្បច្ច័យ, សេនាសនប្បច្ច័យ និង​គិលាន​ភេសជ្ជ​ប្បច្ច័យ ដែល​កើតឡើង​ពី​ការផ្គត់ផ្គង់​របស់​ពុទ្ធ​បរិស័ទ។


 
ចតុប្បច្ច័យ ចែកចេញជា២ប្រភេទ គឺ បច្ច័យ​ជា​គ្រឿង​បរិភោគ និង​បច្ច័យ​ជា​គ្រឿង​ឧ​ប​បរិភោគ។ គ្រឿង​បរិភោគ គឺជា​វត្ថុ​ទាំងឡាយណា​ដែល​អាច​លេប​ទំពា​ចូលក្នុង​ពោះ​បាន ដើម្បី​ទ្រទ្រង់​ជីវិត។ ចំណែកឯ វត្ថុ​ឧ​ប​បរិភោគ គឺជា​វត្ថុ​ទាំងឡាយណា​ដែល​មិនមែនជា​អាហារ ឬ​ទឹក​សម្រាប់​បរិភោគ តែ​ជាវ​ត្ថុ​សម្ភារៈផ្សេងៗ សម្រាប់​ប្រើប្រាស់​ខាងក្រៅ ដើម្បី​ទ្រទ្រង់​រាយ​កាយ ឲ្យ​ប្រព្រឹត្តទៅ ដោយ​សេចក្តីថ្លៃថ្នូរ និង​ភាព​សុខ​ស្រួល។ 
 
បិណ្ឌបាតប្បច្ច័យ និង​គិលាន​ភេសជ្ជ​ប្បច្ច័យ ចាត់ទុកជា​គ្រឿង​បរិភោគ ព្រោះ​បច្ច័យ​ទាំង​ពីនេះ ព្រះសង្ឃ​អាច​បរិភោគបាន។ បិណ្ឌបាតប្បច្ច័យ សំដៅ​ដល់ បាយទឹក នំចំណី បង្អែម ចម្អាប សម្ល ត្រី សាច់ ប្រហុក ផ្អក អំបិល ។ល។ ដែល​សុទ្ធតែជា​ចង្ហាន់ ដែល​ព្រះសង្ឃ​អាច​ឆាន់​បាន។ ចំណែកឯ គិលាន​ភេសជ្ជ​ប្បច្ច័យ គឺជា​ថ្នាំពេទ្យ​សម្រាប់​ព្យាបាល និង​បង្ការ​ជំងឺផ្សេងៗ ដូចជា​ថ្នាំ​គ្រាប់​និង​ថ្នាំ​ទឹក ជាដើម។ ការពិតទៅ ប្រភេទ​ថ្នាំ​ខ្លះ ព្រះសង្ឃ​មិនអាច​ឆាន់​បានទេ តែ​ក៏​ចាត់ទុកថា​គិលាន​ភេសជ្ជ​ប្បច្ច័យ​ដែរ ដូចជា ថ្នាំ​ចាក់ ថ្នាំលាប ប្រេងខ្យល់ ជាដើម ដោយសារតែ​វត្ថុ​ទាំងនេះ គឺជា​ប្រភេទ​ថ្នាំ ដែល​អាច​ព្យាបាល​ជំងឺ​បាន។ លើសពីនេះ​ទៀត វត្ថុផ្សេងៗទៀត រួមមាន តែ ស្ករ ទឹក​ក្រួច ទឹក​ផ្លែ​ចន្ទន៍ ទឹកដោះគោ ជាដើម ក៏​អាច​ចា​តុ​ទុក​ថា ជា​គិលាន​ភេសជ្ជ​ប្បច្ច័យ  ដូចគ្នា។ 
 
ដោយឡែក ចីវរ​ប្បច្ច័យ និង​សេនាសនប្បច្ច័យ រាប់​ចូលក្នុង​គ្រឿង​ឧ​ប​បរិភោគ ព្រោះ​បច្ច័យ​ទាំង២ប្រភេទ​នេះ ព្រះសង្ឃ​មិនអាច​ឆាន់​បានទេ គឺ​សម្រាប់តែ​ប្រើប្រាស់​ប៉ុណ្ណោះ។ ចីវរ​ប្បច្ច័យ មានដូចជា ស្បង់ ចីវរ សង្ឃាដី សំពត់​សាដក វត្ថពន្ធ និង​គ្រឿផ្សេងៗទៀត សម្រាប់​ស្លៀកពាក់ គ្របដណ្ដប់​រាយ​កាយ​របស់​ព្រះសង្ឃ។ រីឯ សេនាសនប្បច្ច័យ​វិញ មាន​កុដិ សាលាឆាន់ និងទីកន្លែងផ្សេងៗទៀត ដែលជា​ទីស្នាក់អាស្រ័យរ​បស់​ព្រះសង្ឃ។
 
រួម​មក ចតុប្បច្ច័យ គឺ បិណ្ឌបាត (ចង្ហាន់), គិលាន (ថ្នាំ​ព្យា​ល​បាល​រោគ និង​ភេសជ្ជៈ), ចីវរ (គ្រឿង​ស្លៀកពាក់ មាន​ស្បង់ ចីវរ សង្ឃា​ដិ ជាដើម) និង​សេនាសនៈ (ទីស្នាក់អាស្រ័យ ដូចជា កុដិ និង​សាលាឆាន់​ជាដើម)។ ជីវិត​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា ត្រូវ​អាស្រ័យ​លើ​បច្ច័យ​ទាំង៤នេះ ដែលជា​ការផ្គត់ផ្គង់រ​បស់​ពុទ្ធបរិស័ទ៕
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com