ជាតិ
លោក អេង ឆៃអ៊ាង៖ ការ​ជម្រុះ​បេក្ខជន Cambodian Idol មាន​ភាពមិនប្រក្រតី
19, Oct 2015 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសើរ​មិន​ដាច់​ពី​មាត់​ពី​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol របស់​ទូរទស្សន៍​ហង្ស​មាស លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​មើលឃើញ​ពី​ភាពមិន​ប្រក្រតី​នៃ​ការ​ជម្រុះ​បេក្ខជន​នា​រយៈពេល៣សប្តាហ៍​កន្លងមកនេះ។

 
តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅថ្ងៃនេះ លោក អេង ឆៃអ៊ាង បាន​សរសេរ​រៀបរាប់​ពី​ភាពមិនប្រក្រតី​នៅក្នុង​កម្មវិធី Cambodian Idol ដោយ​ភ្ជាប់​ជាមួយ​រូបថត​សមាជិក​គណៈកម្មការ​បួនរូប​គឺ​លោក​ព្រាប សុវត្ថិ លោក ឆន សុ​វណ្ណា​រាជ លោក ណុប បា​យ៉ា​រិ​ទ្ធ និង​កញ្ញា ឱក សុគន្ធ​កញ្ញា រីឯ​រូបថត​មួយ​សន្លឹក​ទៀត គឺ​រូប​របស់ អ៊ា​ម វ​ន្នី ដែល​បាន​ធ្លាក់​ចេញពី​រាត្រី​ថ្ងៃអាទិត្យ។
 
លោក អេង ឆៃអ៊ាង ដែលជា​ប្រធាន​គណៈកម្មការ​ទីមួយ​រដ្ឋសភា​ផងដែរ​នោះ បាន​លើកឡើងថា លោក​មិនមាន​និស្ស័យ​ជាមួយ​សិល្បៈ​ទេ ប៉ុន្តែ​សិល្បៈ​ជា​ចំណី​អារម្មណ៍ និង​ចក្ខុ​របស់លោក ដែល​នាំ​ឲ្យ​លោក​ចំណាយ​ពេលវេលា​រៀងរាល់​យប់​ថ្ងៃអាទិត្យ​ដើម្បី​ទស្សនា​កម្មវិធី Cambodian Idol។
 
ជាមួយនឹង​ការ​កោត​សរសើរ​ការងារ​របស់​គណៈកម្មការ​នា​រយៈពេល៧សប្តាហ៍​កន្លងមក​នោះ លោក អេង ឆៃអ៊ាង បាន​មើលឃើញ​នូវ​ភាពមិនប្រក្រតី​នា​រយៈពេល៣សប្តាហ៍​ចុងក្រោយ​នេះ។ លោក​បាន​កត់សម្គាល់ថា៖ «បេក្ខជន​ដែល​បាន​ជម្រុះ​ចេញពី​ការប្រកួត ហាក់​មាន​ភាពមិនប្រក្រតី ពោលគឺ​បេក្ខជន​រូប​ណា​ដែល​គណៈកម្មការ​រិះគន់​ចំណុច​ខ្វះខាត​បន្តិចបន្តួច ដល់ពេល​ប្រកាស​លទ្ធផល បេក្ខជន​រូបនោះ​ត្រូវ​ធ្លាក់ ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​មិន​អស់ចិត្ត ព្រោះ​ពិន្ទុ​ដែល​អ្នកទស្សនា​ដាក់​ឲ្យ​បេក្ខជនមួយរូបៗ មិនត្រូវ​បានបង្ហាញ​ជា​សាធារណៈ ៕
 

Tag:
 Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com