ជាតិ
នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​កុំ​ដំឡើងថ្លៃ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ
20, Oct 2015 , 7:52 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ក្នុងប្រទេស​កម្ពុជា កុំ​ដំឡើងថ្លៃ ក្រោយពី​ក្រុមហ៊ុន​ប្រេងឥន្ធនៈ បានសម្រេច​ចុះថ្លៃ​ប្រេងឥន្ធនៈ ១០០ រៀល​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី៩ ដល់ទី១៥ ខែតុលា ឆ្នាំ២០១៥ ដើម្បី​ជាការ​ចូលរួម​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន កាលពី​ព្រឹក​ថ្ងៃទី១៩ ខែតុលា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។


ស្តាប់សំឡេង


 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ជួបពិភាក្សា​ពី​តម្លៃ​ប្រេងឥន្ធនៈ​ផ្ទាល់ ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​កម្ពុជា ដើម្បី​ធានា​មិន​ឲ្យ​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​បន្តទៀត។ លោក​មានបំណង​ឲ្យ​ក្រុមហ៊ុន​ប្រេងសាំង​ទាំងនោះ រក្សា​តម្លៃ​ដដែល​ដូច​រដូវ​បុណ្យ​ភ្ជុំ ឬ​អាច​ចុះថ្លៃ​បន្តទៀត។ លោក​ថា៖«ចុះ​ហើយ​កុំ​ឡើងវិញ តិច​ទៅ​ចុះ១០០(រៀល) ឡើង៣០០រៀល ក្រោយ​ភ្ជុំ កុំ​ណាស់ ហើយ​ផ្តាំផ្ញើ​ទៅ​អ្នកលក់​សាំង​ទាំងឡាយ​អើយ បើ​មិនបាន​ចុះ​បន្ត​ទេ អាណិត​សុំ​កុំ​ឡើង»។
 
ក្នុងឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​រិះគន់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងឡាយ ណា​ដែល ដំឡើងថ្លៃ​ប្រេងឥន្ធនៈ​លឿន និង​ចុះថ្លៃ​យឺត នៅពេល​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​មានការ​ប្រែប្រួល។
 
ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​និង​សន្តិភាព លោក យ៉ង គឹមអេង មាន​ប្រសា​ស​ន៏​ថា ការដំឡើង​តម្លៃ និង​ចុះថ្លៃ​ប្រេងសាំង​នៅ​កម្ពុជា គឺ​តែងតែ​កើត​ឡើងជា​រឿង​ធម្មតា ទៅតាម​ការសម្រេច​រប​ស់​ម្ចាស់​ក្រុមហ៊ុន ដូចនេះ​លោក​អះអាងថា វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ជីវភាព​របស់​ប្រជាជន។ លោក​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​នយោបាយ បន្ដ​ពិភាក្សា​ដោះស្រាយ​បញ្ហា​ជាមួយគ្នា ដើម្បី​ជៀសវាង​កុំ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ដំឡើងថ្លៃ​តាមចិត្ត​ចង់​ទៀត។ «រដ្ឋ​គួរ​មាន​ឧបត្ថម្ភ​ធន​បម្រុង​ទុក​ថ្លៃ​ប្រេងសាំង ពេល​កើន​តម្លៃ​លើ​ទីផ្សារ​អន្តរជាតិ និង​គួរ​បន្ត​ពិភាក្សា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ប្រេង​ទាំងអស់ ដើម្បី​រក​ចំណុចកណ្តាល​វិជ្ជមាន​មួយ​រវាង​ក្រុមហ៊ុន និង​ប្រជាជន»។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ង់ គឹមអេង។
គួរ​បញ្ជាក់ថា កម្ពុ​ជាមាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេងសាំង ដូចជា ក្រុមហ៊ុន​តេ​លា សូ​គី​មិច សា​វី​មិច ប៊ី​វី​អឹម(BVM) និង LHR ។ ចំណែក​ក្រុមហ៊ុន​ប្រេងសាំង​បរទេស រួមមាន ក្រុមហ៊ុន​តូ​តា​ល់ របស់​ប្រទេស​បារាំង កាល់​តិច​របស់​អាមេរិក និង​ក្រុមហ៊ុន PTT របស់​ថៃ៕
 
កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាន​អះអាងថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​កំណត់​រូបមន្ត​តម្លៃ​ប្រេងឥន្ធនៈ​មួយ ដើម្បី​ធានាថា ក្រុមហ៊ុន​ប្រេង​ទាំងអស់​នឹង​លក់​ទៅតាម​តម្លៃ​មួយ​ដែល​សមស្រប នឹង​ទីផ្សារ​អន្តរជាតិ​និង​មិន​ចំណេញ​ហួសហេតុ។ រួចហើយ ក្រសួង​ពាក់ព័ន្ធ​នឹងធ្វើ​របាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សម្រេច​ចេញ​ជា​ប្រកាស ឬ​អនុក្រឹត្យ​ថ្លៃ​ប្រេងសាំង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com