ជាតិ
លោក សុះ ម៉ាច ស្នើ​ឲ្យ​បញ្ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​មរណភាព​លោកតា ប្រាជ្ញ ឈួន
20, Oct 2015 , 12:06 pm        
រូបភាព
 
លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​បាន​ចេញមុខ​បដិសេធ​ព័ត៌មាន​ដែលថា លោកតា ប្រាជ្ញ ឈួន បានទទួល​មរណភាព។ ព័ត៌មាន​ពី​មរណភាព​របស់​សិល្បៈក​រ​ចាប៉ីដងវែង​វ័យ៧៩ឆ្នាំ​រូបនេះ ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក បង្ហោះ និង​ចែករំលែក​បន្ត​គ្នា កាលពី​យប់​ថ្ងៃ​ចន្ទ។


 
ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ លោក សុះ ម៉ាច មិន​សប្បាយចិត្ត​នោះឡើយ នៅពេលដែលលោក​​ឃើញ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ចែករំលែក​នូវ​ដំណឹង​នៃ​មរណភាព​របស់លោក ប្រាជ្ញ ឈួន ទាំង​សិល្បករ​ចាប៉ីដងវែង​រូបនេះ​នៅមាន​ជីវិត​។ លោក សុះ ម៉ាច ដែល​បាន​ទាក់ទង​ទៅ​កូនប្រុស​របស់ លោក ប្រាជ្ញ ឈួន ផ្ទាល់​ផងនោះ បាន​អះអាង​ប្រាប់​សារព័ត៌មានថ្មីៗយ៉ាងនេះ​ថា៖«ខ្ញុំ​ហួសចិត្ត​នៅពេល​ឮដំណឹង​នេះ។ ពេលនេះ​លោកតា​ប្រាជ្ញ ឈួន មាន​សុខ​ភាពល្អ​ធម្មតា ហើយ​កូនប្រុស​របស់គាត់​បាន​ដឹក​ទៅសុំ​សីល​នៅ​វត្ត​ឯ​ស្រុកកំណើត»។ 
 
ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​រូបនេះ បានចាត់ទុក​ការផ្សព្វផ្សាយ​នេះ​ថា ជាការ​ប្រមាថ​ជីវិត​របស់​លោកតា ប្រាជ្ញ ឈួន យ៉ាងធ្ងន់ធ្ងរ ខណៈដែល​គាត់​កំពុងមាន​ជីវិត​រស់នៅ​ឡើយ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ​ចំពោះ​រឿងនេះ។ លោក ក៏បាន​ស្នើ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​ទាំងនោះ បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ជីវិត​របស់​សិល្បករ ជាពិសេស​គឺ​សិល្បករ​ដ៏​ល្បីល្បាញ គឺ​លោក ប្រាជ្ញ ឈួន នេះ​តែម្តង។ 
 
សូម​រម្លឹកថា នេះ​មិនមែនជា​លើក​ទី១ទេ ដែល​ព័ត៌មាន​មិន​ពិត ពី​មរណភាព​របស់លោក​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ទទួលមរណភាព។ កាលពី​ចុងឆ្នាំ២០១៤ កន្លងទៅ​ព័ត៌មាន​នៃ​មរណភាព​របស់​សិល្បក​រ​ចាប៉ីដងវែង​ដែល​កើត​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ រូបនេះ ក៏​ធ្លាប់បាន​ផ្សព្វផ្សាយ​ពាសពេញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក ហើយ​ត្រូវបាន​ក្រុមគ្រួសារ និង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ធ្លាប់​បដិសេធភ្លាមៗផងដែរ៕
 

Tag:
 សុះ ម៉ាច
  ប្រាជ្ញ ឈួន
© រក្សាសិទ្ធិដោយ thmeythmey.com