ជាតិ
លោក ហ៊ុន សែន៖អ្នកនយោបាយកុំបំពានសិទ្ធិសម្រេចរបស់ពលរដ្ឋក្នុងកម្មវិធី Cambodian Idol
× ក្នុងឃ្លីបវីដេអូដែលមានរយៈពេលជាង១០នាទី និងចុះផ្សាយនៅទំព័រហ្វេសប៊ុករបស់ខ្លួននៅយប់ថ្ងៃទី២៤ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការខកចិត្តដោយមិនមានឱកាសទស្សនាកម្មវិធីប្រឡងចម្រៀង Cambodian Idol របស់ទូរទស្សន៍ហង្សមាស ជាលើកទីបី។
លោកបានខកខានកម្មវិធីសិល្បៈដែលខ្លួនពេញចិត្តពីរលើកកន្លងមក ខណៈលោកត្រូវបំពេញបេសកកម្មនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងក្រុងម៉ាកាវ ប្រទេសចិន ហើយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ លោកត្រូវបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។ ដូចជាពីរលើកកន្លងមកដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងព្យាយាមរកពេលវេលាបោះឆ្នោតឲ្យបេក្ខជនដែលខ្លួនស្រឡាញ់។
លោកបានបន្តកោតសរសើរគណៈកម្មការដែលមានលោក ព្រាប សុវត្ថិ លោក ណុប បាយ៉ារិទ្ធ លោក ឆន សុវណ្ណារាជ និងកញ្ញា ឱក សុគន្ធកញ្ញា រួមទាំងលោក ជា វិបុល ជាពិធីករ និងអ្នកនាង កែវ ច័ន្ទនិមល ជាពិធីការិនី។ លោកថា នេះជាកម្មវិធីដ៏ល្អបំផុត ដែលនាំឲ្យបេក្ខជនជោគជ័យក្នុងអាជីព។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់អ្នកនយោបាយឲ្យគោរពការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជ្រើសរើសបេក្ខជន-បេក្ខនារីដែលខ្លួនស្រឡាញ់។ លោកនាយករដ្ឋមន្ត្រីលើកឡើងថា អ្នកនយោបាយកុំលូកដៃក្នុងកម្មវិធីសិល្បៈរបស់ទូរទស្សន៍ណាមួយ ដោយសេចក្តីសម្រេចរបស់ប្រជាជនកម្ពុជាតាមរយៈការសម្រេចតាមប្រព័ន្ធអេឡិចត្រូនិចនោះទេ ចាំចាច់ត្រូវតែគោរព និងមិនគួរមានការអត្ថាធិប្បាយដែលបំពានសិទ្ធិអំណាចប្រជាពលរដ្ឋនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com