បវរកញ្ញាខ្មែរ-អាមេរិក Prak Virginia បានទទួលចំណាត់ថ្នាក់លេខពីរក្នុងកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ Miss Global 2015 ដែលត្រូវបានឡើងនៅ Newport Performing Arts Theater នៅក្នុងទីក្រុង Pasay នៃប្រទេសហ្វីលីពីន កាលពីរាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ។
ក្នុងចំណោមបេក្ខនារី ៥០នាក់មកពីជុំវិញពិភពលោក បវរកញ្ញាអូស្ត្រាលី Jessica Peart អាយុ២១ឆ្នាំ បានក្លាយជាម្ចាស់មកុដ Miss Global ប្រចាំឆ្នាំ២០១៥ ដោយបន្តតំណែងពីបវរកញ្ញាកាណាដា Ela Mino ។ បវរកញ្ញា Prak Virginia ដែលតំណាងឲ្យកម្ពុជា បានចំណាត់ថ្នាក់លេខពីរ (ជើងឯករងទីមួយ) ខណៈបវកញ្ញាអៀរឡង់ Lorna Murphy បានលេខបី បវរកញ្ញាប៊ុលហ្គារី Gergana Doncheva បានលេខបួន និងបវរកញ្ញាហ្វីលីពីន Candice Ramos បានលេខប្រាំ។
បវរកញ្ញាដែលទទួលបានរង្វាន់ផ្សេងៗទៀតរួមមាន Miss Photogenic បានទៅលើបវកញ្ញាអាហ្វ្រិកខាងត្បូង Miss Fitness បានទៅលើបវរកញ្ញាហ្វីលីពីន Miss Talent បានលើបវរកញ្ញាប៊ុលហ្គារី Miss Fashion បានលើបវរកញ្ញាមីយ៉ាន់ម៉ា Miss Goodwill បានទៅលើបវរកញ្ញាកាណាដា និង Miss Congeniality បានទៅលើបវរកញ្ញាតៃវ៉ាន់។
បវរកញ្ញាដែលជាម្ចាស់មកុដប្រចាំព្រឹត្តិការណ៍ Miss Global ត្រូវបានចាត់ទុកថា ជាបវរកញ្ញាផ្នែកសប្បុរសធម៌ «The Charity Queen» ដោយដើរតួនាទីជាអ្នកដឹកនាំ ជាទូតសុឆន្ទះជួយដល់យុវជននៅតាមសហគមន៍នានា។
កញ្ញា Prak Virginia ដែលមានដើមកំណើតនៅរដ្ឋ Lowell ហើយបច្ចុប្បន្នរស់នៅក្រុង Nashua រដ្ឋ New Hampshire ទើបទទួលបានមកុដ Miss Cambodian-American Northeast Pageant ដែលរៀបចំដោយសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក។ បវរកញ្ញាវ័យ២២ឆ្នាំរូបនេះ ជាសមាជិក និងជាគ្រូបង្ហាត់នៅក្រុមរបាំអង្គរ (Angkor Dance Troupe) ហើយបច្ចុប្បន្ន នាងកំពុងសិក្សានៅមហាវិទ្យាល័យ Middlesex Community College ហើយគ្រោងបន្តការសិក្សាផ្នែកឪសថសាស្ត្រនៅសាកលវិទ្យាល័យ UMass Lowell ។ ក្រៅពីឈ្នះលេខមួយក្នុងព្រឹត្តិការណ៍ Miss Cambodian-American Northeast កញ្ញា Virginia ក៏ធ្លាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Miss New Hampshire Teen USA កាលពីអាយុ១៦ឆ្នាំផងដែរ។
នៅមុនការប្រកួត Miss Global 2015 Virginia បានបង្ហើបពីគម្រោងជួយដល់អង្គការមួយដែលស្ថិតនៅក្នុងខេត្តសៀមរាប៕