ជាតិ
មរតក​ផ្លូវ​បុរាណ អង្គរ​-​ភិ​មា​យ​នឹង​ត្រូវធ្វើ​បទ​បង្ហាញ​ដោយ​អ្នកស្រាវជ្រាវ​ខ្មែរ​និង​ថៃ​ ​
27, Oct 2015 , 10:30 pm        
រូបភាព
ដោយ: ថ្មីៗ
បណ្តាញ​ផ្លូវ​បុរាណ ដែល​ត​ភា្ជ​ប់​ពី​ចក្រភព​អង្គរ​ទៅ​ក្រុង​ភិ​មា​យ​ប្រទេស​ថៃ​សព្វថ្ងៃ មាន​ចម្ងាយ​២៥០​គម​។ អ្នកស្រាវជ្រាវ​កម្ពុជា និង​ថៃ បាន​ចំណាយពេល​ជាង​១០​ឆ្នាំ ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​បណ្តាញ​ផ្លូវ​បុរាណ​ដ៏​សំខាន់​មួយ​នេះ ដែល​បាន​បន្ត​ប្រើប្រាស់​តាំងពី​បុរាណ រហូត​ទល់នឹង​បច្ចុប្បន្ន​។ មរតក​បុរាណ​ដែល​បាន​បន្សល់ទុក ត្រូវបាន​អ្នកស្រាវជ្រាវ​រកឃើញ និង​ធ្វើការ​ចងក្រង​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ សម្រាប់​សាធារណជន​ទូទៅ​ធ្វើការ​ស្វែងយល់ និង​បន្ត​ថែរក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​គ្រប់​ជំនាន់​។



​ប្រធាន​ក្រុម​ស្រាវជ្រាវ​ផ្លូវ​បុរាណ​របស់​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី បាន​បញ្ជាក់ថា តាមរយៈ​ការស្រាវជ្រាវ​រួមគ្នា​រវាង​កម្ពុជា និង​ថៃ ទៅលើ​បណ្តាញ​ផ្លូវ​បុរាណ​មួយ​នេះ យើង​ទទួលបាន​នូវ​ព័ត៌មាន​ជាច្រើន ហើយ​បាន​កត់​ទុកដូចជា ទំនៀមទម្លាប់ ទីក្រុង សហគមន៍​មនុស្ស សាលាសំណាក់ មន្ទីរពេទ្យ រោង​ឧស្សាហកម្ម និង​ស្ថានីយ៍​បុរាណ​រាប់រយ​កន្លែង​បុរាណ​ផ្សេងទៀត​។ ជាពិសេស មរតក​បេតិកភណ្ឌ​អរូបី​មួយចំនួនធំ ត្រូវបាន​សហគមន៍​មនុស្ស​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​បុរាណ​មួយ​នេះ បន្ត​ប្រតិបត្តិ​រហូតមក​ទល់នឹង​បច្ចុប្បន្ន​។​
​    ​
នៅ​ថ្ងៃទី​០១ និង​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ ក្រុម​អ្នកស្រាវជ្រាវ​ទាំងពីរ​ប្រទេស គឺ​កម្ពុជា និង​ថៃ នឹងធ្វើ​បទ​បង្ហាញ​អំពី​លទ្ធផល​ស្រាវជ្រាវ​ដ៏​ធំ​មួយ​នេះ នៅ​សាលសន្និសីទ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​នាក់​។

​តាមរយៈ​បទ​បង្ហាញ​ជា​សា​ធាណៈ​នេះ អ្នកស្រាវជ្រាវ​ខ្មែរ​និង​ថៃ​៨​រូប នៃ​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ នឹងធ្វើ​បទ​បង្ហាញ​ទៅលើ​ប្រធានបទ​សំខាន់ៗ ដែល​ពាក់ព័ន្ធ​នឹង​លទ្ធផល​ស្រាវជ្រាវ​ដូចជា ៖ បណ្តាញ​គមនាគមន៍​ស​ម័​យ​បុរាណ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​, ទំនាក់ទំនង​វប្បធម៌​នៅ​ភាគខាងត្បូង​និង​ភាគ​កណ្តាល​នៃ​ប្រទេស​ថៃ មើល​តាមរយៈ​ការសិក្សា​បុរាណវិទ្យា​, ឧ​ស្សហកម្ម​ស្តីពី​ស្ថានីយ​ស្លដែក​បុរាណ​, វិស័យ​សិក្សា​លោហកម្ម​សម្រាប់​ស្វែងយល់​អំពី​ទំនាក់ទំនង​វប្បធម៌​សម័យបុរាណ​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​ដីគោក​, ឧ​ស្សហកម្ម​ស្តីពី​កុលាលភាជន៍​នៅតាម​ផ្លូវ​បុរាណ ជាដើម​។

ជាមួយគ្នានេះដែរ នៅ​ថ្ងៃទី​០២​នៃ​បទ​បង្ហាញ នឹងមាន​ដំណើរ​ទស្សន​កិច្ច​សិក្សា​ទៅកាន់​អតីត​ទីប្រជុំជន​បុរាណ​មួយ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បុរាណ​ភ្ជាប់​ពី​រាជធានី​អង្គរ​ឆ្ពោះទៅ​ក្រុង​ភិ​មា​យ សព្វថ្ងៃ​ស្ថិតនៅ​ក្នុងភូមិ​គោល ឃុំ​គោល ស្រុក​អង្គរជុំ មាន​ចម្ងាយ​ប្រមាណ​៤០​គម​ពី​ក្រុង​សៀមរាប​៕



Tag:
 អាជ្ញាធរអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com