ជាតិ
សុវត្តិភាព ចរាចរណ៍
ដំណោះស្រាយ​ការស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​ទាមទារ​ការចូល​រួមទាំង​អស់​គ្នា​
07, Nov 2015 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដែល​កើតមានឡើង​ដដែលៗ​នោះ ហាក់ដូចជា​មិនទាន់មាន​ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព​នៅឡើយ​នោះទេ​។ ក្រៅពី​កត្តា​អនុវត្ត​ច្បាប់ ដែល​នៅមាន​ភាព​ធូររលុង​នោះ ឥរិយាបទ​បើកបរ​របស់​ម្ចាស់​យានជំនិះ​ក៏​ជា​បញ្ហា​ចម្បង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​កាន់តែ​អាក្រក់​ឡើងៗ​ផងដែរ​។​



​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​មិនមែនជា​ប្រធានបទ​ថ្មី​នោះទេ ក៏ប៉ុន្តែ​ដំណោះស្រាយ​ឆ្លើយតប​ទៅ​ហ្នឹង​បញ្ហា​ដែល​កើតមានឡើង​ដដែលៗ និង​ជា​រៀងរាល់​ថ្ងៃនេះ ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​នៅឡើយ​។​

​កន្លងមក មាន​យន្តការ​ជាច្រើន​ត្រូវបាន​លើក​យកមកអនុវត្ត​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​កកស្ទះ​នេះ តួយ៉ាង​ដូចជា ការកែប្រែ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ការបំពាក់​កា​មេ​រា​សុវត្ថិភាព​នៅតាម​ភ្លើងស្តុប​សំខាន់ៗ ការសង​សង់ស្ពាន​អាកាស​បន្ថែម​ពីលើ​ផ្លូវ​ដែលមាន​ស្រាប់ ព្រមទាំង​ការសម្រួល​ចរាចរណ៍​ពី​ក្រុមយុវជន​កាកបាទក្រហម​កម្ពុជា និង​ក្រុម​កាយឫទ្ធិ​នា​ចុង​សប្តាហ៍​ជាដើម​។ ក៏ប៉ុន្តែ​យន្តការ​ទាំងនោះ​ហាក់ដូចជា​មិន​ទទួលបាន​ការសហការ​ពី​សាធារណជន​នោះទេ​។​

​ប្រជាពលរដ្ឋ​ដែល​រស់ក្នុង​រាជធានី​ភ្នំពេញ​រមែងតែ​ងរ​អ៊ូរ​ទាំ និង​បន្ទោស​ទៅលើ​ភាគី​រាជរដ្ឋាភិបាល ដែលជា​រឿយៗ​និយាយថា មន្ត្រីនគរបាល​ថ្នាក់មូលដ្ឋាន​ខ្វះ​ការយកចិត្តទុកដាក់​ទៅលើ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ហើយ​ថា ផ្លូវថ្នល់​មាន​ទំហំ​តូច​មិន​សមាមាត្រ​នឹង​កំណើន​យានយន្ត​។ ក៏ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​មើលរំលង​ចំណុច​ដែលថា ប្រជាពលរដ្ឋ ដែលជា​អ្នកបើកបរ​ខ្លួនឯង​ក៏​ជា​តួអង្គ​ដ៏​សំខាន់​មួយ​ក្នុង​ការបញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​នោះដែរ​។​

​កំហុសឆ្គង​មួយចំនួន​របស់​អ្នកបើកបរ ដែល​យើង​អាច​មើលឃើញ​យ៉ាងច្បាស់​នៅលើ​ទ្រូងផ្លូវ​នោះ​គឺ​ការបន្ថែម​ល្បឿន​នៅពេល​ឃើញ​ភ្លើងស្តុប​ពណ៌​លឿង កា​រប​ញ្ជ្រៀ​ត​រុលទៅមុខ​នៅពេល​មានការ​កកស្ទះ​បន្តិចបន្តួច ម៉ូតូ​កង់​៣ ដែលមាន​ទំហំ​ប្រហែល​ឡាន ដែល​បើកបរ​នៅលើ​ផ្លូវ​ម៉ូតូ ការយក​ចំណីផ្លូវ​ប្រកប​របរ​អា​ជីវ​កម្ម ការប្រើប្រាស់​ចំណីផ្លូវ​ជា​ចំណត​យានយន្ត​ផ្ទាល់ខ្លួន និង​ការ​ជិះ​បញ្ច្រាស​ផ្លូវ​ជាដើម​។  លើសពីនេះ​ទៀត ឥរិយាបទ​នៃ​ការបើកបរ​បែបនេះ​មើលទៅ​ដូចជា​រឿង​សាមញ្ញ​ធម្មតា ក៏ប៉ុន្តែ​តាមពិតទៅ ការបំពាន​ម្នាក់​បន្តិចៗ វា​អាចធ្វើ​ឲ្យ​ការកកស្ទះ​ចរាចរណ៍​នេះ គ្មាន​ថ្ងៃ​អាច​កាត់បន្ថយ​បាន​។  នេះ​បើតាម​កិច្ចពិភាក្សា​របស់​ក្រុម​អ្នកជំនាញ​កាលពី​សប្តាហ៍​កន្លងទៅ​។​

​ក្នុង​សន្និសីទ​ថ្នាក់ជាតិ​ស្តីអំពី​«​ការកកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា ការប៉ះពាល់​ដល់​បរិស្ថាន និង​សុខមាលភាព​៖ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​» ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា និង​មាន​សមាសភាព​អ្នកចូលរួម​មកពី​ភាគី​ពាក់ព័ន្ធ​នានា​នោះ លោក ស៊ុំ ឈុំ​ប៊ុន អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​លើកឡើងថា បញ្ហា​ស្ទះចរាចរណ៍​គឺជា​បញ្ហា​រួមមួយ ដែល​តម្រូវ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​។​

«​រឿង​កកស្ទះ​ចរាចរណ៍​គឺជា​រឿង​ប្រឈម​របស់​យើងទាំងអស់គ្នា​។ មិនមែន​រឿង​ចរាចរណ៍​នេះ​ធ្វើឡើង​តែ​ប៉ូលិស​ចរាចរណ៍​ទេ​។ យើង​ត្រូវតែ​រួមចំណែក​ទាំងអស់គ្នា ពីព្រោះ​រឿង​ចរាចរណ៍​នេះ វា​ប៉ះពាល់​ទាំងអស់គ្នា ប៉ះពាល់​ទាំង​អាយុជីវិត ប៉ះពាល់​ទាំង​ទ្រព្យសម្បត្តិ ផ្លូវចិត្ត សុខុមាលភាព​ប្រជាជន ក៏ដូចជា​សុខុមាលភាព​សង្គម សុខុមាលភាព​សេដ្ឋកិច្ច  និង​បរិស្ថាន​ផងដែរ​»​។​

​ថ្លែង​នៅក្នុង​សន្និសីទ​ថ្នាក់ជាតិ​ស្តីអំពី​ការកកស្ទះ​ចរាចរណ៍​នេះ លោក​អៀង អូ​នី អភិបាលរង​រាជធានី​ភ្នំពេញ​បានលើកឡើង​ពី​ទិដ្ឋភាព​ខ្លះៗ​ទាក់ទង​នឹង​ការបង្ក​ឲ្យ​មានការ​កកស្ទះ​យ៉ាង​ដូច្នេះ​ថា​៖
«​ការកកស្ទះ​នៅក្នុង​រាជធានី​ភ្នំពេញ​ជាការ​កកស្ទះ​ដែល​ភ្លើង​ក្រហម​ក៏​ទៅ​មិនបាន ភ្លើង​ខៀវ​ក៏​ទៅ​មិនបាន​។ ស្ថានភាព​ខ្លះ ប៉ូលិស​ឈរ​ផ្លុំ​កញ្ចែ​ហើយ ក៏​អត់​ស្តាប់​ទៀត​។ ស្ថានភាព​ខ្លះ ការឈប់​បំពាន​លើ​គំនូស​ហាមឃាត់​។ សូម្បីតែ​អ្នក​ថ្មើរជើង​ក៏​ដើរ​មិនបាន​។ ការប្រើប្រាស់​ច​ញ្ចើ​ម​ផ្លូវ​បាន​ក្លាយជា​ចំណុច​ប្រឈម​ធំ​មួយ ដែល​បាន​លេប​យក​លំហ​សាធារណៈ​របស់​យើង​។ ការកកស្ទះ​ដោយមាន​ការសាងសង់​រោង រោងបុណ្យ រោង​កឋិន រោងការ ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​ប្រជាជន​ទាំងអស់ និង​អ្នកបញ្ជា​យានយន្ត​ទាំងអស់​ត្រូវ​ធ្វើការ​ជាមួយគ្នា​»​។​

​លោក អៀង អូ​នី​បានបង្ហាញ​ការសោកស្តាយ ដែល​ចំនួន​អ្នកប្រើប្រាស់​រថយន្ត​សាធារណៈ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ ជាក់ស្តែង​មាន​អ្នកធ្វើដំណើរ​តាម​រថយន្តក្រុង​ប្រមាណ​តែ​ជាង​១០​នាក់​តែប៉ុណ្ណោះ ខណៈដែល​ក្នុង​មួយដងៗ រថយន្ត​សាធារណៈ​នេះ​អាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី​៣៥​នាក់​ទៅ​៤០​នាក់​។ លោក​និយាយថា​៖

«​អញ្ចឹង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឲ្យ​ប្រជាជន​ងាក​ពី​មធ្យោបាយ​ដឹកជញ្ជូន​ឯកជន មកប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ក៏​អាចរួមចំណែក​ដោះស្រាយ​បញ្ហា​នេះ​បានដែរ​»​។​

​លោក កែម ឡី ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​សង្គម យល់ថា ការគោរព​ច្បាប់​ចរាចរណ៍​របស់​ថ្នាក់ដឹកនាំ​ក្នុងសង្គម​កម្ពុជា ឬ​អ្នក​ដែលមាន​ចំណេះដឹង​នោះ អាចជា​គម្រូ​ល្អ​សម្រាប់​ប្រជាជន​សាមញ្ញ​។​

​លោក កែម ឡី បាន​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា​៖«​នៅក្នុង​សង្គម អ្នកធំ​ត្រូវមាន​គម្រូ​ទៅលើ​អ្នកតូច​។ បើ​អ្នកធំ​ចត​ឡាន​នៅ​កណ្តាល​ថ្នល់ វា​ធ្វើ​ឲ្យ​ប្រជាជន​ទូទៅ​ចត​ឡាន​កណ្តាល​ថ្នល់​ដែរ​ហើយ​។ ការអប់រំ​ប្រជាជន​ឲ្យ​កែប្រែ​ចិត្តគំនិត អាកប្បកិរិយា វា​យូរ​។ តែបើ​វា​មាន​គម្រូ​ល្អ​ពី​អ្នកមាន​ឥទ្ធិពល​ក្នុងសង្គម វា​ឆាប់​»​។​

​ក្រឡេក​ទៅ​មើល​ឧទាហរណ៍​ជាក់ស្តែង​នៅឯ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន​វិញ  យើង​ឃើញថា នៅក្នុង​ប្រទេស​កូរ៉េ​មិនមាន​ឡើយ​នូវ​ការចត​ឡាន​នៅតាម​ដងផ្លូវ​សាធារណៈ​។  អ្នកបើកបរ​យានជំនិះ​ភាគច្រើន​ចត​យានជំនិះ​របស់​ពួកគេ​នៅតាម​ចំណត​ក្រោម​ដី​នានា​របស់​អគារ​ខ្ពស់ៗ រួច​ទើប​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ទៅកាន់​ទីតាំង ឬ​ភោជនីយដ្ឋាន​ដែល​ពួកគេ​ចង់ទៅ​។  ចំណុច​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​គឺ​អ្នកបើកបរ​យានជំនិះ​មិន​ជិះ​ឆ្លង​គំនូស​ស​ពុះ​ទ្រូងផ្លូវ​នោះទេ បើទោះជា​ផ្លូវ​ខាងមុខ​ស្ទះ​យ៉ាងណាក៏ដោយ ពោលគឺ​ការបើកបរ​របស់​ពួកគេ​មាន​របៀបរៀបរយ មិន​បើកបរ​កាត់​គំនូស​ស្រេច​តែ​ចិត្ត​នោះទេ​។​

​រីឯ​ប្រទេស​ជប៉ុន​វិញ​នោះ ប្រជាជន​ស្ទើរតែ​ទាំងស្រុង ជ្រើស​រើសយក​សេវាសាធារណៈ ដូចជា​រថយន្តក្រុង ជាជាង​ការប្រើប្រាស់​យានជំនិះ​ផ្ទាល់ខ្លួន​។  ការណ៍​នេះ​ជា​កត្តា​យ៉ាងសំខាន់​មួយ​ក្នុង​ការបន្ថយ​ការកកស្ទះ​ចរាចរណ៍​ឲ្យ​កាន់តែ​តិច​ទៅៗ​។​

​លោក អ៊ា ចរិយា អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ បាន​យល់ស្រប​ចំពោះ​កិច្ចពិភាក្សា​និង​ការលើកឡើង​នា​សប្តាហ៍​កន្លងទៅ​។  លោក​បាន​ប្រាប់ VOA នា​ថ្ងៃ​ច័ន្ទ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ វា​ទាមទារ​យ៉ាងសំខាន់​នូវ​ការសហការ​គ្នា​រវាង​រាជរដ្ឋាភិបាល​ក្នុងការ​រឹតបន្តឹង​ច្បាប់ និង​សាធារណជន​ក្នុងការ​អនុវត្ត និង​គោរព​ច្បាប់​ចរាចរណ៍​យ៉ាងសកម្ម​។​

«​ជាទូទៅ មនុស្ស​ភាគច្រើន អ្នកប្រព្រឹត្ត​ខុស គាត់​មិន​ទទួលស្គាល់ថា ហ្នឹង​ជា​កំហុស​គាត់​។ អញ្ចឹង​ពេលដែល​គាត់​បើក​រំលោភ​ភ្លើង ឬ​គំនូស​សញ្ញា ឬ​គាត់​បើកប​ញ្ជ្រា​សទិស​ម្តងម្កាល គាត់​គិតថា មិន​អី​ទេ​។ ប៉ុន្តែ​ម្នាក់ៗ បើ​ចូលរួម​កំហុស​បន្តិចៗ វា​អាចធ្វើ​ឲ្យ​បញ្ហា​នឹង​កាន់តែ​ធំ​»​។​

​លោក​បានធ្វើ​ការប្រៀបធៀប​ករណី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ទៅនឹង​ប្រទេស​ដទៃ​យ៉ាង​ដូច្នេះ​៖ «​នៅ​ស្រុក​គេ គេ​បង្កើត​នូវ​វប្បធម៌ ឬ​ទម្លាប់​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​។ ការផាកពិន័យ វា​មាន​កម្រិតធ្ងន់​ជាង​នៅ​ស្រុក​គេ​ទៀត​។ អញ្ចឹង​ម្នាក់ៗ​គាត់​ខ្លាច​ក្នុងការ​ប្រព្រឹត្ត​ខុស ខ្លាច​ប្រឈម​ការផាកពិន័យ ឬ​ដល់​ដាក់​ពន្ធ​ធនាគារ​ទៀត​»​។​

​លោក អ៊ា ចរិយា​គូសបញ្ជាក់ថា ការអប់រំ​ផ្នែក​ចរាចរណ៍​គួរ​មាន​តាំងពី​ថ្នាក់បឋមសិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ​គឺជា​រឿង​ចាំបាច់​មួយ​ដើម្បី​បញ្ជ្រៀប​ចំណេះដឹង​ផ្នែក​ចរាចរណ៍​នេះ និង​អាច​កាត់បន្ថយ​ការកកស្ទះ​នេះ​នាពេលខាងមុខ​។ ក៏ប៉ុន្តែ​ការអប់រំ​ផ្នែក​ចរាចរណ៍​នៅ​កម្ពុជា​នៅមាន​តិចតួច​នៅឡើយ​។​

​ស្រប​ពេលដែល​ការអភិវឌ្ឍ​ក្នុង​ក្រុងភ្នំពេញ​មានការ​រីកដុះដាល ការធ្វើ​ចរាចរ​ក៏មាន​ភាព​កកស្ទះ​ខ្លាំង​ឡើងៗ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​ពេលព្រឹក ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច ខណៈពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ចេញពី​កន្លែងធ្វើការ​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​។  ហើយ​សេវា​រថយន្តក្រុង​រាជធានី​ភ្នំពេញ ដែល​ទើប​តែមាន​អាយុ​ជាង​១​ឆ្នាំ​នោះ នៅមានកម្រិត​ទាប​នៅឡើយ​។​

​គិត​មក​ត្រឹម​ចុងឆ្នាំ​២០១៤​នេះ ចំនួន​យានជំនិះ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ជិត​៣​លាន​គ្រឿង ដែល​ក្នុងនោះ​មាន​ម៉ូតូ​ជាង​២​លាន​គ្រឿង និង​មាន​ឡាន​ជាង​៤០​ម៉ឺន​គ្រឿង​។  នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ​ជា​១៥% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៣៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​



© រក្សាសិទ្ធិដោយ thmeythmey.com