ជាតិ
លោក ថោង ខុន ថា លោក សុខ គង់ ជាអ្នកស្ម័គ្រចិត្តផ្ទេរការគ្រប់គ្រងអង្គរវត្តជូនរដ្ឋវិញ
× ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចកាន់កាប់ចាត់ចែង និងគ្រប់គ្រងប្រាសាទអង្គរវត្តទាំងមូលរួមទាំងបុគ្គលិក និងចំណូលចំណាយ បន្តពីក្រុមហ៊ុនរបស់លោក សុខ គង់ ចាប់ពីដើមឆ្នាំ ២០១៦ ខាងមុខ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានអះអាងថា មូលហេតុដែលរដ្ឋាភិបាលសម្រេចគ្រប់គ្រង ចាត់ចែងប្រាសាទអង្គរវត្តវិញ ដោយសារលោក សុខ គង់ ស្ម័គ្រចិត្តផ្ទេរការគ្រប់គ្រងអង្គរវត្តជូនរដ្ឋវិញ ដើម្បីបញ្ចប់ការលាបពណ៌ពីមតិប្រឆាំងមួយចំនួន ថា វៀតណាមគ្រប់គ្រងអង្គរវត្តខ្មែរ។
បន្ទាប់ពីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កំណែទម្រង់របស់ក្រសួងទេសចរណ៍ រយៈពេល ៩ខែ ឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្ត នៅថ្ងៃទី១០ វិច្ឆិកានេះ លោក ថោង ខុន និយាយពីការសម្រេចគ្រប់គ្រងការលក់សំបុត្រនេះថា គឺជាការបានបញ្ចប់មតិប្រឆាំងមួយចំនួន លើកឡើង ថា រដ្ឋាភិបាលកម្ពុជា បានប្រគល់ការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ឲ្យទៅវៀតណាម។ ហើយថា លោក សុខ គង់ មិនមែនជាជនជាតិ វៀតណាម នោះទេ។
លោកនិយាយយ៉ាងដូច្នេះថា៖«លោក សុខ គង់ តាមការពិតលោកក៏ជាប្រជាពលរដ្ឋខ្មែរដែរ ប៉ុន្តែគ្រាន់តែលោកមានកំណើតនៅអ្នកលឿង។ ប៉ុន្តែជាការចោទប្រកាន់មូលបង្កាច់ អីចឹងទៅធ្វើឲ្យវាល្អក់ពណ៌ទៅក្នុងការគ្រប់គ្រងហ្នឹង ឥឡូវចុងបញ្ចប់ឧកញ៉ាសុខ គង់ គាត់ស្ម័គ្រចិត្តដើម្បី ឈប់ធ្វើកិច្ចការហ្នឹងតែម្តង ហើយរាជរដ្ឋាភិបាលក៏ឯកភាពតាមសំណើរបស់គាត់ ហើយប្រគល់ការងារនេះ មកឲ្យរដ្ឋគ្រប់គ្រងវិញ។ ខ្ញុំគិតថា អ្វីដែលបក្សប្រឆាំង បានលើកជាការបញ្ចប់នូវការ បោកបញ្ឆោតប្រជារាស្ត្រ។ យើងនឹងធ្វើកិច្ចការនេះ ឲ្យបានល្អ»។
ការគ្រប់គ្រងអង្គរដែលត្រូវរដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជន ធ្វើប្រតិបត្តិការជាច្រើនឆ្នាំកន្លងមកនេះ គឺជាប្រធានបទនៃការរិះគន់របស់គណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន ជារៀងរហូតមក។
ជាមួយគ្នានេះ លោក ថោង ខុន បញ្ជាក់ថា ការផ្ទេរការគ្រប់គ្រងការលក់សំបុត្រ ចូលទស្សនាប្រាសាទអង្គរវត្តនេះ ពុំមានផលប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាអង្គរវត្តទេ ព្រោះទេសចរពុំដឹងថា អ្នកណាគ្រប់គ្រងនោះទេ។ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ប្តេជ្ញាជាមួយក្រសួងពាក់ព័ន្ធ ខិតខំពង្រឹងពង្រីកកាងារគ្រប់គ្រងចំណូលពីការលក់ចូលទស្សនាអង្គរវត្ត។
សូមបញ្ជាក់ថា លោក ហ៊ុន សែន បានប្រកាសក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា រាជរដ្ឋាភិបាលបានសម្រេចយកការគ្រប់គ្រង លក់សំបុត្រចូលទស្សនា តំបន់អង្គរវត្តទាំងអស់ពីក្រុមហ៊ុនសុខ គង់ រួមទាំងបុគ្គលិក និងចំណូលចំណាយ ដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។
បើតាមតួលេខនៅក្នុងរបាយការណ៍ស្ថិតិភ្ញៀវទេសចររបស់អាជ្ញាធរអប្សរារយៈពេល ៧ខែ ឆ្នាំ២០១៥នេះ ប្រាសាទអង្គរវត្តដែលជាគោលដៅ ទេសចរណ៍ដ៏ល្អបំផុតក្នុងពិភពលោក រកចំណូលបានជាង៣៥លានដុល្លារ ពីការលក់សំបុត្រទៅឲ្យភ្ញៀវទេសចរបរទេសជាង១លាន២សែននាក់។ ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាប្រាសាទអង្គរវត្តកើនឡើង២.០១ភាគរយ ប៉ុន្តែចំណូលថយចុះ០.១ភាគរយ។
ភ្ញៀវទេសចរបរទេសជាង ១លាន២សែននាក់បានចូលទស្សនាប្រាសាទអង្គរវត្ត កើនឡើងចំនួន២.០១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤ ។ រីឯចំណូលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តមានចំនួនជាង ៣៥លានដុល្លារ ថយចុះ០.១ភាគរយ ប៉ុណ្ណោះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤ ។
គួរបញ្ជាក់ផងដែរ សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តមានបីប្រភេទ និងតម្លៃផ្សេងគ្នា។ សំបុត្រតម្លៃ២០ដុល្លារ អាចអនុញាតឲ្យភ្ញៀវចូលទស្សនាប្រាសាទតែមួយថ្ងៃប៉ុណ្ណោះ សំបុត្រតម្លៃ៤០ដុល្លារគឺមានសុពលភាពរយៈពេល៣ថ្ងៃ និងតម្លៃ៦០ដុល្លារអាចឲ្យតភ្ញៀវចូលទស្សនាប្រាសាទបាន រយៈពេល១សប្តាហ៍៕
Tag:
ចំណូលអង្គរវត្ត
សុខ គង់
ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com