ជាតិ
សង្គមជាតិ
សាលា​រាជធានី​ភ្នំពេញ​រៀបចំ​គោលការណ៍​ចាត់វិធានការ​លើ​អ្នកយក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម​
13, Nov 2015 , 8:59 pm        
រូបភាព
​សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​គោលការណ៍​ដាក់​ឆ្លងទៅ​ក្រុមប្រឹក្សា​ដើម្បី​ចេញ​ដីកា ក្នុងការ​គ្រប់​គ្រង់​ចិញ្ចើមផ្លូវ ដែល​ត្រូវបាន​រំលោភ​ដោយ​ម្ចាស់​លំនៅដ្ឋាន​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។



​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្តី​របស់លោក ប៉ា សុជាតិ​វង្ស បន្តទៀតថា មហាវិថី​ធំៗ​ចំនួន​៥ នឹងត្រូវ​អនុវត្តន៍​មុនគេ​។ ប៉ុន្តែ​លោក ប៉ា សុជាតិ​វង្ស មិនបាន​បញ្ជាក់​ឈ្មោះ​មហាវិថី​នោះទេ​។ នៅក្នុង​គោលការណ៍​គ្រប់គ្រង​ចិញ្ចើមផ្លូវ​នេះ ក៏មាន​ការរៀបចំ​ជាថ្មី នូវ​ខ្សែលើ​អាកាស​រញ៉េរញ៉ៃ ដូចជា​ការ​កាត់​ខ្សែ​ទូរ​សព្ទ ខ្សែកាប​អុ​ប​ទិ​ក ចេញពី​បង្គោល​ភ្លើង កប់​ចូលក្នុង​ដី ដើម្បី​សោភ័ណភាព​ក្រុងភ្នំពេញ​។

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា​ថា គោលការណ៍​នេះ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការសិក្សា​។ លោ​កថា​បច្ចុប្បន្ន​អាជ្ញាធរ​ក៏​កំពុង​ស្រង់​ទិន្នន័យ និង​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​អំពី​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​ផងដែរ​។

«​ការសិក្សា​លើផ្លូវ​ច្បាប់ ក៏​កំពុង​ធ្វើឡើង​ដែរ ដើម្បី​ដាក់​សម្ពាធ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​នៅតែ​ចចេស រំលោភ​លើ​ចិញ្ចើមផ្លូវ ឬ​យក​ធ្វើ​អាជីវកម្ម​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នកនាំពាក្យ​រូបនេះ មុននឹង​លោក​បន្តថា ​ច្បាប់​នោះ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់ប្រាក់​ចូល​ថវិការដ្ឋ ប្រសិនបើ​គាត់​នៅតែ​បំពាន​។

​ជុំវិញ​រឿង​បង់ប្រាក់​ជា​ថ្នូ​នឹង​ការយក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវ​កម្មនេះ កន្លងមក​ប្រជាពលរដ្ឋ​តែងតែ​អះអាងថា ពួកគាត់​បាន​បង់ប្រាក់​ជាប្រចាំ​ថ្ងៃ និង​ប្រចាំខែ ទៅ​ឲ្យ​អាជ្ញាធរ​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​ឡុង ឌី​ម៉​ង់ មិនបាន​អត្ថាធិប្បាយ​ច្រើន​នោះទេ គ្រាន់តែ​និយាយថា លុយ​ទាំងនោះ មិនបាន​ចូលទៅក្នុង​ថវិការដ្ឋ​នោះទេ​៕


Tag:
 ប៉ា សុជាតិ​វង្ស​
  ​ចិញ្ចើមផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com