ជាតិ
នយោបាយជាតិ
ករណីក្លែងសំបុត្រកំណើត ៖ CNRP ត្រៀមមេធាវីការពារសកម្មជនខ្លួន ខណៈNGO សង្ស័យថាជាករណីនយោបាយ
× មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ កំពុងត្រៀមមេធាវីការពារសកម្មជនខ្លួននៅក្រុងបាវិត ខេត្តស្វាយរៀង ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ហោះសំបុត្រកំណើតមួយលើហ្វេសប៊ុកថា ខេត្តស្វាយរៀង ប្រទេសវៀតណាម។លោក អ៊ូ ច័ន្ទឫទ្ធិ ចាត់ទុកថា ករណីនេះអាចជារឿងនយោបាយ។ សង្គមស៊ីវិល យល់ថា ការក្លែងឯកសារសំបុត្រកំណើតនេះ គឺជាសេនារីយ៉ូមួយរបស់អ្នកនយោបាយ ក្នុងការរៀបចំព្រឹត្តិការណ៍ចលាចលបន្ថែមទៀត ខណៈដែលស្ថានភាពនយោបាយកំពុងវឹកវរ។ តែអ្នកនាំពាក្យគណបក្សប្រជាជន លោក ឈឹម ផលវរុណ បដិសេធថា គណបក្សខ្លួនមិនបានរៀបចំព្រឹត្តិការណ៍ចលាចលនេះទេ។
ក្រោយពីសកម្មជនពីររូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការសរសេរក្លែងឯកសារសំបុត្រកំណើតថា ខេត្តស្វាយរៀង ប្រទេសវៀតណាមនោះ លោក អ៊ូ ច័ន្ទឫទ្ធិ ចាត់ទុកថា ករណីនេះគឺជារឿងនយោបាយថ្មីមួយទៀត ដែលគណបក្សកាន់អំណាចកំពុងបំបាក់ការគាំទ្រគណបក្សខ្លួន។ លោក អ៊ូ ច័ន្ទឫទ្ធិ ក៏បានត្រៀមមេធាវីការពារសកម្មជនទាំងពីររូបនេះ ខណៈដែលមន្ត្រីបក្សខ្លួននៅខេត្តស្វាយរៀង កំពុងស៊ើបអង្កេតនិងដោះស្រាយលើបញ្ហានេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមានការសោកស្ដាយចំពោះការចាប់ខ្លួនសកម្មជនពីររូបនេះ។តែខ្ញុំមិនដឹងថាពួកគាត់បានសរសេរបន្ថែមលើសំបុត្រកំណើតដូចគេចោទប្រកាន់ ឬគាត់គ្រាន់តែបង្ហោះលើហ្វេសប៊ុកយ៉ាងណាទេ។ប៉ុន្ដែខ្ញុំជឿជាក់ថា ពួកគាត់មិនសរសេរបន្ថែមនៅលើសំបុត្រកំណើតនេះឡើយ»។លោកបន្ថែមថា៖«បើគាត់សរសេរបន្ថែមមែនការចាប់ខ្លួនពួកគេគឺជារឿងត្រឹមត្រូវ។ប៉ុន្ដែបើគាត់មិនបានសរសេរបន្ថែមទេ ការចាប់ខ្លួននេះគឺជារឿងនយោបាយព្រោះថាពួកគាត់ពីររូបនេះ គឺជាមានសកម្មខ្លាំងក្លានៅខេត្តស្វាយរៀង ដែលធ្វើឲ្យប្រជាពលរដ្ឋគាំទ្រគណបក្សច្រើន»។
កន្លងមកនៅខេត្តតាកែវ ក៏មានមេឃុំ សរសេរលើសំបុត្រកំណើតថា ខេត្តតាកែវ ប្រទេសវៀតណាមដែរ តែត្រូវបានមេឃុំ អះអាងថា ជាអចេតនាព្រោះខ្លួនច្រឡំដោយសារប្រជាពលរដ្ឋចេញចូលច្រើនពេក។ ត្រង់ចំណុចនេះលោក អ៊ូ ច័ន្ទឫទ្ធិ បញ្ជាក់ថា មេភូមិនៅខេត្តស្វាយរៀង អាចច្រឡំសរសេរដោយអចេតនាដែរ ទើបបានជាសកម្មជនបក្សខ្លួន បានឃើញហើយយកទៅបង្ហោះលើហ្វេសប៊ុកនេះ ។
មន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ការបង្ហោះឯកសារសំបុត្រកំណើត ដែលសរសេរថា ខេត្តតាកែវ និង ខេត្តស្វាយរៀង ប្រទេសវៀតណាមប៉ុន្មានថ្ងៃនេះ គឺជាសេនារីយ៉ូមួយរបស់អ្នកនយោបាយ ក្នុងការរៀបចំព្រឹត្តិការណ៍ចលាចលបន្ថែមទៀត ខណៈដែលស្ថានភាពនយោបាយកំពុងវឹកវរ។ លោក បន្ថែមថា ភាពចលាចលថ្មីនេះ គឺរិតតែធ្វើឲ្យគណបក្សសង្គ្រោះជាតិ កាន់តែមានភាពតានតឹងនិងមានបន្ទុកនយោបាយកាន់តែធ្ងន់ថែមទៀត។«យើងមិនទាន់ដឹងច្បាស់ថា តើអ្នកណាជាអ្នកឲ្យសំបុត្រកំណើតដែលសរសេរថាខេត្តស្វាយរៀង ប្រទេសវៀតណាមទៅសកម្មជនទាំងនោះបង្ហោះនោះទេ។ តែខ្ញុំយល់ថា នេះជាសេនារីយ៉ូ នៃការរៀបចំព្រឹត្តិការណ៍ចលាចល វឹកវរនៅក្នុងសង្គម នៅពេលស្ថាននយោបាយកំពុងចលាច វឹកវរ ដើម្បីបង្វែការចាប់អារម្មណ៍ និងទិសដៅថ្មី ហើយឈានទៅរកការចាប់ខ្លួនពេលនេះ។ ហើយយើងក៏មិនអាចសន្និដ្ឋានថា គណបក្សខាងណាជាអ្នករៀបចំនោះដែរ តែគេមានក្រុមរបស់ពួកគេក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ នេះជាការយល់ឃើញរបស់លោក អំ សំអាត។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បដិសធថា ករណីនេះមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ហើយគណបក្សលោកក៏មិនបានរៀបចំព្រឹត្តិការណ៍នេះឡើងដែរ ។ លោកបន្ថែមថា រាល់ការលើកឡើងទាំងនេះ គឺជាសិទ្ធបញ្ចេញមតិរបស់បុគ្គល។ប៉ុន្ដែនៅប្រទេសកម្ពុជា ជានិតិរដ្ឋ ដូច្នេះជនល្មើសត្រូវមានទោសតាមច្បាប់។
សកម្មជនគណបក្សសង្គ្រោះជាតិពីររូប គឺលោក សុខ សំអ៊ាន ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងលោក នង សារិទ្ធ សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិក្រុងបាវិតត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៩ វិច្ឆិការ ដោយចោទថា ពួកគេបានសរសេរក្លែងឯកសារសំបុត្រកំណើត បង្ហោះតាមហ្វេសប៊ុក ថា ទឹកដីស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com