បទវិភាគ
តើ​អ្នកណាខ្លះ ធ្វើឱ្យ​ខូច​កិត្តិយស​កងកម្លាំងប្រដាប់អាវុធ​របស់​កម្ពុជា?
22, Nov 2015 , 10:30 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ កងកម្លាំងប្រដាប់អាវុធ​របស់​កម្ពុជា រួមមាន កងយោធពល​ខេមរភូមិន្ទ កង​នគរបាលជាតិ កង​អាវុធហត្ថ កង​អង្គរក្ស និង ផ្នែក​ពាក់ព័ន្ធ​មួយចំនួនទៀត ដែលមាន​ភារកិច្ច​ការ​ពារ​ការឈ្លានពាន​ពី​បរទេស, ការពារ​និង​រក្សា​សន្តិសុខ, ការបង្ក្រាប​បទល្មើស, ការរៀបចំ​និង​រក្សា​សណ្ដាប់ធ្នាប់​សង្គម និង ការបំពេញភារកិច្ច​ចាំបាច់​មួយចំនួនទៀត។ កន្លងមក គេ​បាន​លេចឡើង​នូវ​សកម្មភាព​មិនល្អ​មួយចំនួន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​នៃ​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងនេះ។ តើ​មាន​មូលហេតុ​និង​កត្តា​អ្វីខ្លះ ដែល​ជំរុញឱ្យមាន​សកម្មភាព​ទាំងនេះ​កើតឡើង?



គ្រប់​ប្រទេស​ទាំងអស់​តែងតែមាន​កងកម្លាំងប្រដាប់អាវុធ​ដោយ​ខានមិនបាន ទោះបីជា​ប្រទេស​នោះ​តូច ឬ ធំ មាន ឬ ក្រ ក៏ដោយ។ កងកម្លាំងប្រដាប់អាវុធ គឺជា​អាវុធ​មុខ​ពីរ។ ប្រសិនបើ​កងកម្លាំងប្រដាប់អាវុធ​ទាំងនោះ ត្រូវបាន​គេ​គ្រប់គ្រង​ត្រឹមត្រូវ​ដោយ​បង្ខំ​ឱ្យ​ពួកគេ​គោរព​ច្បាប់ គោរព​វិន័យ សីលធម៌​វិជ្ជាជីវៈ និង មនសិការ​ការងារ ពួកគេ​នឹង​បំពេញភារកិច្ច​បាន​ត្រឹមត្រូវ ដូចដែល​លើកឡើង​ខាងលើ ដែល​ធ្វើ​សង្គម ឬ រដ្ឋ​មួយ មាន សន្តិភាព, សន្តិសុខ, សណ្ដាប់ធ្នាប់, យុត្តិធម៌ និង សុខដុម។ ផ្ទុយទៅវិញ ប្រសិនបើ​ពួកគេ​មិន​ត្រូវបាន​គ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់​ទេ នាំឱ្យ​ពួកគេ​មួយចំនួន​ប្រព្រឹត្ត​អំពើ​មិន​គប្បី ដែល​ធ្វើឱ្យមាន​ការភ័យខ្លាច​ដ​ល់​ជន​ស៊ីវិល ដូចជា មានការ​គំរាមកំហែង និង បាញ់បោះ​ជាដើម ដែលនាំឱ្យ​សង្គម​មាន​អសន្តិសុខ, អំពើ​អយុត្តិធម៌, ការ​ប្លន់​ប្រដាប់អាវុធ, ការភ័យខ្លាច និង មុខរបរ​ខុសច្បាប់ ជាដើម។      

ជាក់ស្ដែង​នៅ​កម្ពុជា អំពើ​មិន​គប្បី​ដែល​ពាក់ព័ន្ធ​នឹង​កងកម្លាំងប្រដាប់អាវុធ​របស់​កម្ពុជា ក៏​ធ្លាប់មាន​ជា​ហូរហែរ​មក​ដែរ។ ករណី​ទាំងនោះ រួមមាន ការបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍, ការគំរាមកំហែង, បទល្មើស​ព្រៃឈើ, ការរំលោភ​ដីធ្លី, បទល្មើស​ប្លន់, ការជួញដូរ​គ្រឿងញៀន, ឃាតកម្ម ជាដើម។ តើ​អំពើ​មិន​គប្បី​ទាំងនេះ ពិតជា​បង្កឡើង​ដោយ​កងកម្លាំង​របស់​ក​ម្ពុ​ជា​ទាំងអស់ ឬ យ៉ាងណា?

យោងតាម​តថភាព​សង្គម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គេ​បានដឹងថា បទល្មើស​មួយចំនួន​ដូច​បាន​រៀបរាប់​ខាងលើ ពិតជា​បាន​បង្កឡើង​ដោយ​បុគ្គល​ប្រដាប់អាវុធ​ខិលខូច​មួយចំនួន​តូច​មែន។ ពួកគេ​អាច​ប្រព្រឹត្ត​បទល្មើស​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា ការរកស៊ី​ខុសច្បាប់, ការកាប់​ឈើ​ដោយ​ខុសច្បាប់, ការជួញដូរ​គ្រឿងញៀន, ជម្លោះ​ដណ្ដើម​ស្រី​ក្នុង​កន្លែង​កំសាន្ត, ជម្លោះ​លើ​ដងផ្លូវ​ពេលធ្វើ​ចរាចរណ៍, ការប្រព្រឹត្ត​បទល្មើសផ្សេងៗទៀត រួមទាំង​ការធ្វើជា​ខ្នងបង្អែក​ឱ្យ​ជនខិលខូច​ផងដែរ។

ប៉ុន្តែ បទល្មើស​មួយចំនួនទៀត មិន​បង្កឡើង​ដោយ​បុគ្គល​ប្រដាប់អាវុធ​ខិលខូច ផ្ទាល់​ទេ វា​បង្កឡើង​ដោយ​អ្នកពាក់ព័ន្ធ​មួយចំនួន ដូចជា សាច់ញាតិ​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ ដែល​យក​ឯកសណ្ឋាន អាវុធ ឬ អំណាច​របស់​កងកម្លាំង​ទៅប្រើ​ដើម្បី​ប្រយោជន៍ផ្សេង។ ក្រៅពីនេះ ក៏មាន​ជនខិលខូច​មួយចំនួន បន្លំ​ធ្វើជា​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​ប្រព្រឹត្ត​បទល្មើសផ្សេងៗដែរ។

បទល្មើស​ទាំងនេះ មានដូចជា មនុស្ស​មួយចំនួន​យកឈ្មោះ​កងកម្លាំង​ប្រដាប់​ជា​បង្អែក​ដើម្បី​រកស៊ី​ខុសច្បាប់, គំរាមកំហែង​អ្នកដទៃ​ដើម្បី​ទាញយក​ផលប្រយោជន៍ផ្សេៗ ដូចជា ការរំលោភ​យក​ដី​ធី, ការដោះស្រាយ​ជម្លោះ ឬ ការដោះស្រាយ​បញ្ហាផ្សេងៗ រួមទាំង​បញ្ហា​ចរាចរណ៍ ផងដែរ។ លើសពីនេះ​ទៀត ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​សមត្ថកិច្ច​របស់ខ្លួន, ការបើក​កន្លែង​ត្រួតពិនិត្យ​ខុសច្បាប់(កុងត្រូលជជុះ)ដើម្បី​ទាញយក​ប្រយោជន៍, ការធ្វើជា​ខ្នងបង្អែក​ឬ​ការ​កាង​ឱ្យ​ជនល្មើស​ដែល​កាប់​ឈើរ​និង​ដឹកឈើ​ខុសច្បាប់, ការនេសាទ​ខុសច្បាប់ និង ការប្រព្រឹត្ត​ខុសច្បាប់​ដទៃទៀត ក៏​សុទ្ធតែជា​សកម្មភាព​ដែល​ធ្វើឱ្យ​ខូច​កិត្តិយស​ដល់​កងកម្លាំង​ប្រដាប់អាវុធ​របស់​ក​ម្ពុ​ជា​ដែរ។

មិនតែប៉ុណ្ណោះ ការប្រើ​កងកម្លាំងប្រដាប់អាវុធ​ដោយ​ខុសច្បាប់ ដូចជា ការប្រើ​ពួកគេ​ឱ្យទៅ​ចាំ​ដី​ឬ​ចំការ​របស់​អ្នកធំ ឬ អ្នកមាន, ការយក​កងកម្លាំង​ធ្វើជា​ឧបករណ៍​របស់​បក្សនយោបាយ, ការបញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​បង្ក្រាប​ប្រជាជន​ស្លូតត្រង់​ដោយ​គ្រាន់តែ​ពួកគេ​ធ្វើបាតុកម្ម​ដើម្បី​តស៊ូ​មតិ ឬ ទាមទារ​អ្វី​ដោយ​ស្របច្បាប់ ក៏​សុទ្ធតែជា​អំពើ​ដេ​ល​ធ្វើឱ្យ​ខូច​កិត្តិយស​ដល់​ពួកគេ ឬ ស្ថាប័ន​របស់​ពួកគេ​ដែរ។

ហេតុនេះ ប្រសិនបើ យើង​ចង់​កសាង​កិត្តិយស​របស់​កងកម្លាំង​ប្រដាប់អាវុធ​របស់​ក​ម្ពុ​ជា​ឡើងវិញ លុះត្រាតែ​គេ​ហ៊ាន​ចាត់វិធានការ​ដូចខាងក្រោម៖
1.    ពង្រឹង​ការគោរព​ច្បាប់ ការគោរពវិន័យ សីលធម៌​វិជ្ជាជីវៈ និង មនសិការ​ការងារ ដើម្បីឱ្យ​ពួកគេ បំពេញភារកិច្ច​បាន​ត្រឹមត្រូវ ជៀសវាង​ការប្រព្រឹត្ត​អ្វីមួយ​ដែល​ខុសច្បាប់។
2.    តម្លើង​ប្រាក់ខែ​ឱ្យ​ពួកគេ​ឱ្យបាន​សមរម្យ​ដើម្បីឱ្យ​អាច​រស់នៅក្នុង​ជីវភាព​ល្អប្រសើរ។
3.    ពង្រឹង​ការគ្រប់គ្រង​អាវុធ ជាតិ​ផ្ទុះ ឯក​សណ្ដាន​កងកម្លាំង និង សម្ភារៈ​ពាក់ព័ន្ធ​ដទៃទៀត ដោយ​មិនត្រូវ​អនុញ្ញាត​ឱ្យមាន​ការលក់​ឯក​ស​ណ្ថា​ន​កងកម្លាំង ឬ យុទ្ធភណ្ឌ​ដទៃទៀត​ក្នុង​ទីផ្សារ​ដោយ​អនាធិបតេយ្យ។
4.    បញ្ឈប់​ការ​ការប្រើ​កងកម្លាំង​សម្រាប់​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​អ្នកធំ, អ្នកមាន ឬ បក្សនយោបាយ។
5.    ទប់ស្កាត់​ឱ្យ​កុំឱ្យ​សាច់ញាតិ​របស់​កងកម្លាំង យក​ឯកសណ្ឋាន អាវុធ ឬ អំណាច របស់​កងកម្លាំង​ទៅប្រើ​ដោយ​ខុសច្បាប់។
6.    ទប់ស្កាត់​កុំឱ្យ​មាន​អ្នក​បន្លំ​ធ្វើជា​កងកម្លាំង​ហើយ​ប្រព្រឹត្ត​បទល្មើសផ្សេងៗ ដូចជា ការ​ប្លន់​ប្រដាប់អាវុធ, ការបើក​កុងត្រូលជជុះ, ការ​ជំរិត​យកលុយ​ពី​អ្នកដំណើរ​នៅពេល​យប់...។

ប្រសិនបើ អាចធ្វើ​បែបនេះ​បាន គេ​គិតថា កិត្តិយស សេចក្ដីថ្លៃថ្នូរ តម្លៃ និង ការគោរព នឹង​អាច​កើតមាន​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក៏ដូចជា ស្ថាប័ន​របស់​ពួកគេ​ដែរ។ ខណៈនោះ សន្តិភាព, សន្តិសុខ, សណ្ដាប់ធ្នាប់, យុត្តិធម៌, ការគោរព​សិ​ទ្ទិ​មនុស្ស និង សុខដុមរមនា ក៏​នឹង​កើតមាន​យ៉ាង​ពេញលេញ​ចំពោះ​សង្គម​ខ្មែរ​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com